Skip to content

ប្រធានាធិបតីម៉ាលីប្រកាស​ចុះ​ចេញ​ពី​តំណែង ក្រោយត្រូវកងទ័ពចាប់ខ្លួន

ប្រធានាធិបតីនៃប្រទេសម៉ាលី លោក Ibrahim Boubacar Keita វ័យ75ឆ្នាំ បានប្រកាសលាងលែងពីតំណែងភ្លាមៗនៅព្រឹកនេះ ក្រោយរយៈពេល1ថ្ងៃបន្ទាប់​ពី​មានរដ្ឋប្រហារ​យោធាកើតឡើង។

“នៅក្នុងគ្រានេះ ខ្ញុំសូមអរគុណដល់ប្រជាជនម៉ាលីទាំងអស់ដែលបានគាំទ្រខ្ញុំ ក៏ដូចជាមនោសញ្ចេតនាដ៏កក់ក្ដៅរបស់ពួកគេសម្រាប់ខ្ញុំក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ ខ្ញុំក៏សូមប្រកាសប្រាប់ប្រជាជនអំពីការបោះបង់តំណែងរបស់ខ្ញុំ” នេះជាប្រសាសន៍របស់ប្រធានាធិបតី Keita ដែលថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ ពីបន្ទាយទាហាននៅតំបន់ Kati ជាយក្រុង Bamako ជាទីដែលលោកត្រូវបានឃុំខ្លួនមុននេះ។

ដោយពាក់ម៉ាស់ និងទំនងជាកំពុងអស់កម្លាំង ប្រធានាធិបតី Keita ឱ្យដឹងថា រដ្ឋាភិបាល និងសភារបស់ប្រទេសម៉ាលីនឹងត្រូវរំលាយ។ លោកថ្លែងថា “បើសិនជាថ្ងៃនេះ មួយផ្នែកនៃកងកម្លាំងប្រដាប់អាវុធរបស់យើងសម្រេចចិត្តថា ការធ្វើអន្តរាគមន៍គឺជារឿងចាំបាច់ តើខ្ញុំមានជម្រើសដែរឬ? ខ្ញុំមិនចង់ឃើញមានការបង្ហូរឈាមនោះឡើយ”។

សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងក្រោយរយៈពេល1ថ្ងៃបន្ទាប់ពីក្រុមទាហានបះបោរបានចាប់ខ្លួនលោក Keita និងនាយករដ្ឋមន្ត្រី Boubou Cisse ក្រោយ​ពីមាន​ទាហានបះបោរនៃ​បន្ទាយ Kati នៅ​ជាយក្រុង Bamako បានចាប់ផ្ដើមឡោមព័ទ្ធចាប់ខ្លួនក្រុមមន្ត្រីស៊ីវិលជាន់ខ្ពស់ និងក្រុមមន្ត្រីយោធានៃ​ប្រទេស​នេះ​។

បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកណាជាមេបះបោរនៃ​ការ​ចាប់​ខ្លួន​នេះ ហើយអ្នកណានឹងឡើងដឹកនាំប្រទេសនៅពេលប្រធានាធិបតី Keita អវត្តមាន។ ជាង​នេះ​ គេ​នៅ​មិនទាន់ដឹងអំពីរចនាសម្ព័ន្ធរបស់ក្រុមនេះដែរ។ អ្នកនាំពាក្យម្នាក់របស់កងទ័ពម៉ាលីបានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។

សម្ព័ន្ធមិត្ត M5-RFP ជាក្រុមដែលនៅពីក្រោយបាតុកម្មធំៗនៅប្រទេសអាហ្វ្រិកមួយនេះដែលធ្លាប់បានស្នើឱ្យប្រធានាធិបតី Keita ចុះចេញពីតំណែង ពេលនេះក៏បានសម្ដែងការគាំទ្រចំពោះសកម្មភាពរបស់ក្រុមទាហានបះបោរនេះដែរ។ អ្នកនាំពាក្យរបស់ក្រុម Nouhoum Togo នៃសម្ព័ន្ធមិត្ត M5-RFP បានឱ្យដឹងថា នេះ “មិនមែនជារដ្ឋប្រហារយោធានោះទេ តែវាគឺជាការក្រោកឈររបស់ប្រជាជន”។

មនុស្សរាប់រយនាក់ដែលជាក្រុមបាតុករ បាននាំគ្នាចេញមកកាន់ដង​ផ្លូវនៅរដ្ឋធានី Bamako ដើម្បីអបអរសាទរ ក្រោយពីបានទទួលដំណឹងថា Keita ត្រូវបានចាប់ខ្លួន។ ពួកគេបានចោទប្រធានាធិបតីថា បាន​ប្រព្រឹត្តអំពើពុករលួយ និងធ្វើឱ្យមានការអន់ថយផ្នែកសន្តិសុខនៅភាគខាងជើងនិងភាគកណ្ដាលនៃប្រទេសម៉ាលី ជាកន្លែងដែលក្រុមប្រដាប់អាវុធអ៊ីស្លាមកំពុងធ្វើសកម្មភាព។

លោក Keita បានឡើងកាន់អំណាចចាប់ពីឆ្នាំ2013 និងបានជាប់ឆ្នោតម្ដងទៀតនៅឆ្នាំ2018។ ប៉ុន្តែ ពលរដ្ឋប្រទេសនេះ មានការមិន​ពេញ​ចិត្ត​​កាន់តែខ្លាំងឡើងៗ នៅចំពោះមុខភាពអន់ខ្សោយរបស់រដ្ឋាភិបាល អំពើពុករលួយ និងសេដ្ឋកិច្ចអនថយ។ ក្រុមបាតុករ កាលពីខែមុនបាននាំគ្នាចេញតវ៉ា ក្រោយពីតុលាការធម្មនុញ្ញបានធ្វើបញ្ច្រាសទៅនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតសភាជាតិដែលត្រូវបានធ្វើឡើងកាលពីខែមិនា និងខែមេសា ក្នុងនោះ បក្សរបស់លោក Keita បានទទួលបរាជ័យ។

ការ​បះបោរ​របស់​ក្រុម​ទាហាន​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​ម៉ាលី​កាលពីឆ្នាំ​2012 ដោយ​ចាប់​ផ្ដើម​ចេញ​ពីបន្ទាយ​ Kati ក្រោយ​មក​បាន​បណ្ដាល​ឱ្យ​មាន​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ ដែល​កាល​ណោះ​គឺ​លោក​ Amadou Toumani Toure។ បញ្ហា​នេះ​បាន​រុញ​ច្រាន​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ឱ្យធ្លាក់​ទៅក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​។ មួយ​ឆ្នាំ​ក្រោយ​មក កង​កម្លាំង​របស់​ប្រទេស​បារាំង​ក៏​បាន​ធ្វើ​អន្តរាគមន៍​រុញ​ច្រាន​ក្រុម​ប្រដាប់​អាវុធ​នេះ​ឱ្យ​ទៅ​ម្ខាង​។

ប្រភព៖ Reuters, Guardian

Leave a Reply

Your email address will not be published. Required fields are marked *