Skip to content

ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីម៉ាលី ត្រូវបានចាប់​ខ្លួន​ដោយក្រុម​​ទាហានបះបោរ

ប្រធានាធិបតី Ibrahim Boubacar Keita រួមនឹងនាយករដ្ឋមន្ត្រី និងក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសម៉ាលី ត្រូវបានក្រុមទាហានបះបោរចាប់ខ្លួននៅក្នុងរដ្ឋប្រហារមួយ។

ទាហានមួយរូបបានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃទី18សីហាថា “យើងអាចនិយាយបានថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យើង។ យើងបានចាប់ខ្លួនពួកគេនៅឯវិមានរបស់ប្រធានាធិបតី”។ ការប្រកាសនេះ ត្រូវបានប្រភពព័ត៌មានពីស្ថាប័នសន្តិសុខយ៉ាងតិចចំនួន២របស់រដ្ឋធានី Bamako ទទួលស្គាល់។

ហេតុការខាងលើនេះបានកើតឡើងក្រោយរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមទាហានបះបោរនៅបន្ទាយ Kati នៅ​ជាយក្រុង Bamako បានចាប់ផ្ដើមឡោមព័ទ្ធចាប់ខ្លួនក្រុមមន្ត្រីស៊ីវិលជាន់ខ្ពស់ និងក្រុមមន្ត្រីយោធានៃ​ប្រទេស​នេះ​។ រូបភាពពីបណ្ដាញសង្គមបង្ហាញថា ប្រធានាធិបតី Keita និងនាយករដ្ឋមន្ត្រី Boubou Cisse បង្ហាញខ្លួននៅក្នុងក្បួនរថយន្តយោធាមួយ​ ដែលឡោមព័ទ្ធដោយក្រុមទាហានប្រដាប់អាវុធ ប៉ុន្តែរូបភាពទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ជា​ផ្លូវ​ការ​នៅឡើយ។

បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកណាជាមេបះបោរនៃ​ការ​ចាប់​ខ្លួន​នេះ ហើយអ្នកណានឹងឡើងដឹកនាំប្រទេសនៅពេលប្រធានាធិបតី Keita អវត្តមាន។ ជាង​នេះ​ គេ​នៅ​មិនទាន់ដឹងអំពីរចនាសម្ព័ន្ធរបស់ក្រុមនេះដែរ។ អ្នកនាំពាក្យម្នាក់របស់កងទ័ពម៉ាលីបានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។

ក្រុម​ទាហាន​បះបោរ​នៃ​ប្រទេស​ម៉ាលី

ទាក់ទិននឹងហេតុការណ៍នេះ សហភាពអឺរ៉ុប (EU) បានហៅការបះបោរនេះថា ជា “ការព្យាយាមធ្វើរដ្ឋប្រហារ” ហើយបានព្រមានថា អាចបង្កអស្ថិរភាពនៅទូទាំងតំបន់អាហ្វ្រិក​ខាងលិច​។ ប្រធានអង្គការសហប្រជាជាតិ Antonio Guterres បានអំពាវនាវឱ្យដោះលែងក្រុមមន្ត្រីម៉ាលី និង “ធ្វើការរៀបរយធម្មនុញ្ញ និងគោរពច្បាប់ឡើងវិញ”។

សម្ព័ន្ធមិត្ត M5-RFP ជាក្រុមដែលនៅពីក្រោយបាតុកម្មធំៗនៅប្រទេសអាហ្វ្រិកមួយនេះដែលធ្លាប់បានស្នើឱ្យប្រធានាធិបតី Keita ចុះចេញពីតំណែង ពេលនេះក៏បានសម្ដែងការគាំទ្រចំពោះសកម្មភាពរបស់ក្រុមទាហានបះបោរនេះដែរ។ អ្នកនាំពាក្យរបស់ក្រុម Nouhoum Togo នៃសម្ព័ន្ធមិត្ត M5-RFP បានឱ្យដឹងថា នេះ “មិនមែនជារដ្ឋប្រហារយោធានោះទេ តែវាគឺជាការក្រោកឈររបស់ប្រជាជន”។

ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីម៉ាលី ត្រូវបានចាប់​ខ្លួន​ដោយក្រុម​​ទាហានបះបោរ
ប្រធានាធិបតី Ibrahim Boubacar Keita

មនុស្សរាប់រយនាក់ដែលជាក្រុមបាតុករ បាននាំគ្នាចេញមកកាន់ដង​ផ្លូវនៅរដ្ឋធានី Bamako ដើម្បីអបអរសាទរ ក្រោយពីបានទទួលដំណឹងថា Keita ត្រូវបានចាប់ខ្លួន។ ពួកគេបានចោទប្រធានាធិបតីថា បាន​ប្រព្រឹត្តអំពើពុករលួយ និងធ្វើឱ្យមានការអន់ថយផ្នែកសន្តិសុខនៅភាគខាងជើងនិងភាគកណ្ដាលនៃប្រទេសម៉ាលី ជាកន្លែងដែលក្រុមប្រដាប់អាវុធអ៊ីស្លាមកំពុងធ្វើសកម្មភាព។

លោក Keita បានឡើងកាន់អំណាចចាប់ពីឆ្នាំ2013 និងបានជាប់ឆ្នោតម្ដងទៀតនៅឆ្នាំ2018។ ប៉ុន្តែ ពលរដ្ឋប្រទេសនេះ មានការមិន​ពេញ​ចិត្ត​​កាន់តែខ្លាំងឡើងៗ នៅចំពោះមុខភាពអន់ខ្សោយរបស់រដ្ឋាភិបាល អំពើពុករលួយ និងសេដ្ឋកិច្ចអនថយ។ ក្រុមបាតុករ កាលពីខែមុនបាននាំគ្នាចេញតវ៉ា ក្រោយពីតុលាការធម្មនុញ្ញបានធ្វើបញ្ច្រាសទៅនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតសភាជាតិដែលត្រូវបានធ្វើឡើងកាលពីខែមិនា និងខែមេសា ក្នុងនោះ បក្សរបស់លោក Keita បានទទួលបរាជ័យ៕

ប្រភព៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *