
ក្រុមអ្នកស្រាវជ្រាវទូទាំងពិភពលោក កំពុងញាប់ដៃញាប់ជើងស្វែងរកវ៉ាក់សាំងដែលមានប្រសិទ្ធភាព ល្មមអាចនឹងចាត់ការមេរោគកូវីដ-19បាន។
លោក បូរីស ចនសុន នាយករដ្ឋមន្ត្រី នៃសហរាជអាណាចក្រ(UK) ប្រាប់ថា នេះគឺជា “ក្ដីព្យាយាមរួម ដែលបន្ទាន់បំផុត ក្នុងអំឡុងអាយុរបស់យើង”។
តែក្រៅពីរឿងវិទ្យាសាស្ត្រក្នុងការស្វែងរកវ៉ាក់សាំងដ៏សែនស្មុគស្មាញហើយនោះ ការចង់បញ្ជូនវ៉ាក់សាំង ទៅឱ្យដល់មនុស្សទាំង 7ពាន់លាននាក់លើពិភពលោក មិនមែនជារឿងងាយឡើយ។

នៅសហរាជអាណាចក្រ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ ហាវេលល៍ (Harwell Science Campus) ដែលជាអតីតមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេស នឹងក្លាយជាទីតាំងរបស់មជ្ឈមណ្ឌលនវានុវត្តន៍ និងការផលិតវ៉ាក់សាំងរបស់សហរាជអាណាចក្រ(UK’s Vaccines Manufacturing and Innovation Centre)។
ប្រៀបដូចការដុតនំខេក
លោក ម៉ាធីវ ឌូសារស៍ ប្រធានប្រតិបត្តិរបស់មជ្ឈមណ្ឌលនវានុវត្តន៍ និងការផលិតវ៉ាក់សាំង របស់សហរាជអាណាចក្រ រំពឹងថា ពួកគេនឹងអាចផលិតវ៉ាក់សាំង ត្រៀមចែកចាយបានក្នុងឆ្នាំខាងមុខ ទាំងដែលប្រក្រតីវិញ ត្រូវប្រើពេលវេលារហូតដល់ដំណាច់ឆ្នាំ2022 ឯណោះ។ លោកប្រាប់ថា នេះ ជាបន្ទុកដ៏ធ្ងន់មួយ ព្រោះត្រូវស្វែងរកវ៉ាក់សាំង ដើម្បីមនុស្សទូទាំងពិភពលោក មិនមែនតែក្នុងប្រទេសនោះទេ និងត្រូវតែធ្វើឱ្យបានឆាប់ និងមានប្រសិទ្ធភាពទៀតផង។ “បើប្រៀបធៀបឱ្យឃើញជារូបភាព ក៏គឺ ដូចអ្នកដុតនំខេកនៅផ្ទះអ៊ីចឹង អ្នកត្រូវប្រើពេលប៉ុន្មានម៉ោងក៏បានដែរ ដើម្បីត្រៀមនំខេកឱ្យសម្បូរបែបឥតខ្ចោះ តែពេលនេះ អ្នកត្រូវដុតនំខេក 70លានដុំ និងគ្រប់នំទាំងអស់ ត្រូវតែសម្បូរបែបល្អឥតខ្ចោះទៀតផង ដូច្នេះ វាក៏ក្លាយជាការសាកល្បងសមត្ថភាពដែលមិនធម្មតាឡើយ”

មហាវិទ្យាល័យ អុកស្វ៊ើត បានរៀបចំរកទីតាំងសម្រាប់បន្ទប់សាកល្បងក្នុងការប្រើសម្រាប់ផលិតវ៉ាក់សាំងគ្រប់គ្រាន់ មុននឹងដឹងលទ្ធផលការសាកល្បងវ៉ាក់សាំងក្នុងកម្រិតពិភពលោកទៀតផង។
ទីបំផុតទៅ មនុស្សលោក ត្រូវផលិតវ៉ាក់សាំងកូវីដ-19 ច្រើនប្រភេទ ចំនួនច្រើនពាន់លានម្ជុល។ អង្គការសម្ព័ន្ធមិត្តដើម្បីវ៉ាក់សាំង(The Vaccine Alliance ឬ Gavi) បានចេញមកប្រកាសឱ្យប្រទេសផ្សេងៗ ត្រៀមខ្លួនឱ្យរួចជាស្រេចថា តើពួកគេនឹងរៀបចំបញ្ជូនវ៉ាក់សាំងទៅឱ្យមនុស្សបានយ៉ាងគ្រប់ទិសទីបានដោយរបៀបណា។
យ៉ាងណាក៏ដោយ ការសហការក្នុងលំដាប់ពិភពលោក មិនមែនជារឿងងាយឡើយ ព្រោះប្រទេសដែលជាអ្នកមានជាច្រើនប្រទេស ក៏បានធ្វើកិច្ចសន្យាព្រមព្រៀង ជាមួយក្រុមហ៊ុនអ្នកផលិតថ្នាំរួចហើយថា នឹងបានចំណែកបែងចែកវ៉ាក់សាំងសម្រាប់ប្រទេសរបស់ខ្លួន បើសិនដល់ថ្ងៃដែលការស្វែងរកឃើញវ៉ាក់សាំងបានជោគជ័យ។
ឈានរំលងភាពអត្មានិយម
លោក ហ្សេធ ប៊ើកលីយ៍ ប្រធានប្រតិបត្តិរបស់អង្គការសម្ព័ន្ធមិត្តដើម្បីវ៉ាក់សាំង ប្រាប់ថា ឧបសគ្គធំ 1ចំណុច គឺគំនិតដែលមានចំពោះវ៉ាក់សាំងក្នុងលក្ខណៈជាតិនិយម។ លោកប្រាប់ថា ត្រូវសម្លឹងមើលបញ្ហានេះ ជារឿងសួនរួម របស់គ្រប់ប្រទេសក្នុងពិភពលោក ព្រោះវាគ្មានប្រយោជន៍សោះឡើយ បើសិនប្រទេសមួយ មានវ៉ាក់សាំង តែត្រូវឡោមព័ទ្ធដោយប្រទេសដែលនៅតែមានមេរោគវីរុសឆ្លងរាលដាលនៅឡើយនោះ។ “រឿងសំខាន់ដែលត្រូវគិត គឺថា យើងមិនទាន់មានសុវត្ថិភាពទេ ទាល់តែអ្នកដទៃមានសុវត្ថិភាពដែរ”
ក្រៅពីរឿងការចែកចាយហើយ នៅមានក្ដីកង្វល់ថា នឹងមានកែវសម្រាប់ធ្វើដបដាក់វ៉ាក់សាំងមិនគ្រប់គ្រាន់ផងដែរ និងក្រៅពីកែវហើយ ក៏ត្រូវមានទូទឹកកក គ្រប់គ្រាន់ដូចគ្នា ព្រោះវ៉ាក់សាំងភាគច្រើន ត្រូវរក្សាទុកនៅក្នុងកន្លែងដែលមានសីតុណ្ហភាពទាប។

ក្លាស្សេត្រជាក់
សាស្ត្រាចារ្យ ថូប៊ី ពីទើរស៍ អ្នកជំនាញការផ្នែកប្រព័ន្ធដឹកជញ្ជូន និងឃ្លាំងទំនិញបែបគ្រប់គ្រងសីតុណ្ហភាព មកពីមហាវិទ្យាល័យ ប៊ើមិងហ៊ែម ដែលកំពុងជួយអង្គការសម្ព័ន្ធមិត្តដើម្បីវ៉ាក់សាំង លើផ្នែកការរៀបចំផែនការថា នឹងបង្កើនកម្រិតសមត្ថភាពក្នុងការដឹកជញ្ជូនវ៉ាក់សាំងដែលត្រូវក្លាស្សេត្រជាក់នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍យ៉ាងម៉េចបាន?។
លោកប្រាប់ថា មិនមែនគ្រាន់តែត្រូវរកទូទឹកកកសម្រាប់ក្លាស្សេវ៉ាក់សាំងប៉ុណ្ណោះទេ តែនៅត្រូវគិតទៅដល់កន្លែងទុកដាក់នៅក្នុងយន្តហោះ និងយានយន្តដែលត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនវ៉ាក់សាំង ទៅតាមមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗ រួមទាំងម៉ូតូ និងមនុស្សដែលនឹងនាំយកវ៉ាក់សាំងទៅប្រគល់ដល់ទីប្រជុំជនទៀតផង។
សាស្ត្រាចារ្យ ពីទើរស៍ ប្រាប់ថា លោកបានពិភាក្សាជាមួយក្រុមហ៊ុនអ្នកផលិតអាហារ និងភេសជ្ជៈលំដាប់ពិភពលោកហើយថា តើអាចខ្ចីប្រព័ន្ធការរៀបចំទុកដាក់ និងដឹកជញ្ជូនវត្ថុត្រជាក់មកជួយក្នុងប្រតិបត្តិការលើកនេះ បានឬទេ? និងក្រៅពីរឿងការដឹកជញ្ជូនហើយ តើអ្នកណានឹងទទួលបានវ៉ាក់សាំងមុនគេ ក៏ជាសំណួរមួយ ដែលនាំឱ្យឈឺក្បាលដូចគ្នាដែរ។
លោកវេជ្ជបណ្ឌិត ឆាលី វេលលើរ ប្រធានផ្នែកវ៉ាក់សាំង របស់វេលខម ត្រាស់ត៍ មូលនិធិដើម្បីការស្រាវជ្រាវក្នុងសហរាជអាណាចក្រ ប្រាប់ថា ប្រទេសផ្សេងៗ ត្រូវតែឆ្លើយសំណួរឱ្យបានថា តើនរណាដែលត្រូវការវ៉ាក់សាំងមុន? តើមនុស្សក្រុមណា ដែលមានភាពប្រថុយប្រថានខ្លាំងបំផុត? ដោយសារតែមានសញ្ញាខ្ពស់ថា ចំនួនមនុស្សដែលត្រូវការវ៉ាក់សាំង នឹងកើនខ្ពស់ជាងចំនួនវ៉ាក់សាំងដែលផលិតបានពិតប្រាកដ។
ដុកទ័រ វេលលើរ នៅបានថ្លែងបន្ថែមទៀតថា ការមានប្រព័ន្ធសាធារណសុខាភិបាលដែលមាំមួន និងធនធានមនុស្សដែលមានសមត្ថភាព នឹងក្លាយជាចំណែកសំខាន់ក្នុងការផ្ដល់វ៉ាក់សាំងដល់ក្រុមមុខសញ្ញា។
អ្នកវិទ្យាសាស្ត្រ បាននាំគ្នាជឿថា ពួកគេនឹងអាចស្វែងរកវ៉ាក់សាំងបានសម្រេចនៅថ្ងៃណាមួយ តែពួកគេក៏កង្វល់ខ្លាំងដូចគ្នាដែរថា តើនឹងនាំយកវ៉ាក់សាំងទាំងនោះ ទៅដល់មនុស្សរាប់ពាន់លាននាក់លើពិភពលោកនេះយ៉ាងម៉េចបាន?៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា
