កាលពីពេលមុននេះ រកឃើញមានតែនៅលើ បង្គាក្លាស្សេនាំចូលមកពីប្រទេសអេក្វាឌ័រ តែថ្មីៗនេះ ចិននៅបានពិនិត្យរកឃើញមេរោគវីរុសនៅលើសាច់ស្លាបមាន់ក្លាស្សេ នាំចូលពីប្រទេសប្រេស៊ីលទៀត។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ ក្នុងទីក្រុងហ្សឹនជិន មណ្ឌលក្វាងទុង ប្រទេសចិន បានបង្ហើបឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី នៅលើស្រទាប់ស្បែកសាច់ស្លាបមាន់គំរូ នាំចូលមកពីប្រទេសប្រស៊ីល រកឃើញលទ្ធផលវិជ្ជមាន។ បន្ទាប់ពីនោះ អាជ្ញាធរក្នុងតំបន់ បានឱ្យមន្ត្រីគ្រប់រូប ដែលអាចប៉ះពាល់ផលិតផលទាំងនោះ ចូលទៅទទួលការត្រួតពិនិត្យផងដែរ តែលទ្ធផលរកឃើញអវិជ្ជមានគ្រប់គ្នា។ ទំនិញនៅក្នុងស្តុកទាំងអស់ ត្រូវបានផ្អាក ចំណែកផលិតផលដែលបានចែកចាយទៅហើយ អង្គភាពពាក់ព័ន្ធ បានតាមដានប្រមូលយកមកវិញបានទាំងអស់។
ការរកឃើញនេះ គឺជាករណីថ្មីចុងក្រោយបំផុត ដែលចិនរកឃើញមេរោគវីរុសកូរ៉ូណា នៅលើផលិតផលអាហារក្លាស្សេនាំចូល ដោយថ្មីៗម្សិលមិញនេះ ទើបនឹងពិនិត្យរកឃើញមេរោគវីរុស នៅលើថង់បង្គាក្លាស្សេនាំចូលមកពីប្រទេសអេក្វាឌ័រ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុងអ៊ូហ៊ូ មណ្ឌលអានហ៊ុយ ភាគខាងកើត និងកាលពីថ្ងៃមុននេះ រកឃើញមេរោគវីរុសនៅលើផលិតផលវេចខ្ចប់អាហារគ្រឿងសមុទ្រក្លាស្សេ នៅក្នុងទីក្រុងអៀនថៃ មណ្ឌលសានតុង។
តាំងពីខែកក្កដាកន្លងមក មានយ៉ាងតិច 7ទីក្រុងហើយ ដែលបានរាយការណ៍ថា រកឃើញមេរោគវីរុសនៅលើកញ្ចប់អាហារសមុទ្រក្លាស្សេ ដោយអ្នកជំនាញការបានបញ្ជាក់ថា ដោយសារតែស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសនាំចេញ នៅតែធ្ងន់ធ្ងរ ទើបមានភាពប្រថុយប្រថានក្នុងការកើតមានការប្រឡាក់ប្រឡូសនៅក្នុងកម្មវិធីវេចខ្ចប់ ហើយថែមទាំងជាផលិតផលដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាពទាប ដែលអំណោយផលដល់ការរស់នៅបានយូររបស់មេរោគវីរុសទៀតផង។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគប្រចាំទីក្រុងហ្សឹនជិន បានណែនាំប្រជាជនឱ្យត្រូវតែប្រយ័ត្នប្រយែង ពេលប្រើប្រាស់សាច់សត្វ និងអាហារសមុទ្រនាំចូល ដើម្បីកាត់បន្ថយភាពប្រថុយប្រថាន។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់រកឃើញថា មានអ្នកឆ្លងមេរោគវីរុសពីអាហារ ឬពីផលិតផលវេចខ្ចប់អាហារនៅឡើយ តែលទ្ធផលពីការសិក្សាស្រាវជ្រាវ បានរកឃើញថា មេរោគវីរុស អាចរស់នៅលើស្រទាប់បន្ទះប្លាស្ទិកបានយូរ 72ម៉ោង ហើយនៅឯប្រទេសនីវហ្ស៊ីលែនដ៍ បានត្រឡប់មករកឃើញមានអ្នកឆ្លងមេរោគវីរុសកូវីដ-19 ម្ដងទៀតក្នុងអំឡុងពេល 102ថ្ងៃ ដោយសន្និដ្ឋានថា ប្រភពចម្លង អាចចេញមកពីទំនិញនាំចូលដូចគ្នា៕
ប្រភព៖ សារព័ត៌មានបរទេស