ការដែលត្រូវបានលោក Joe Biden ជ្រើសរើសជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតខាងមុខ លោកស្រី Kamala Harris បានក្លាយជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ីនិងអាហ្វ្រិកដំបូងគេ ដែលបានក្លាយជាបេក្ខភាពអនុប្រធានាធិបតី តំណាងឱ្យគណបក្សមួយនៅសហរដ្ឋអាមេរិក។
បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យអាមេរិក លោក Joe Biden កាលពីថ្ងៃទី11សីហា បានប្រកាសជ្រើសរើសស្ត្រីតំណាងរាស្ត្រម្នាក់ឈ្មោះ Kamala Harris អាយុ55ឆ្នាំ ឱ្យធ្វើជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោត “ប្រជែងចូលកាន់កាប់” សេតវិមាននាឆ្នាំ2020នេះ។
លោកស្រី Harris កើតឆ្នាំ1964 នៅទីក្រុង Oakland រដ្ឋ California និងមានឈាមជ័រជាជនជាតិអាស៊ីនិងអាហ្វ្រិក។
ម្ដាយរបស់លោកស្រី Harris ឈ្មោះ Shyamala Gopalan ដែលជាកូនស្រីម្នាក់របស់អ្នកការទូតឥណ្ឌា និងធ្លាប់រៀនចប់មហាវិទ្យាល័យ Delhi ក្នុងវ័យ19ឆ្នាំ។ ដើម្បីចៀសវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំ លោកស្រី Gopalan ក៏បានទៅសិក្សានៅសហរដ្ឋអាមេរិក នៅសាកលវិទ្យាល័យ Califoria ក្នុងតំបន់ Berkeley។ នៅទីនេះ លោកស្រី Gopalan បានជួបលោក Donald Harris ជាបុរសមកពី Jamaica និងជានិស្សិតស្រាវជ្រាវផ្នែកសេដ្ឋកិច្ច។
ក្នុងរូបថតខាងលើ លោកស្រី Harris (ខាងឆ្វេងបង្អស់) ថតជាមួយសមាជិកគ្រួសារ។
បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ California លោកស្រី Harris ក៏បានចាប់ផ្ដើមធ្វើជាមេធាវីនៅមុនពេលឆ្លងកាត់តំណែងផ្សេងៗនៅ California។ លោកស្រីគឺជាស្ត្រីអ្នកនយោបាយដ៏លេចធ្លោម្នាក់នៅក្នុងរដ្ឋនេះ ហើយក៏ជាសមាជិកម្នាក់ដែលមានការគាំទ្រច្រើននៅក្នុងបក្សប្រជាធិបតេយ្យនៅក្នុងការស្ទង់មតិនានាផងដែរ។
លោកស្រី Harris បានជាប់ឆ្នោតជាតំណាងរាស្ត្រនៃសភាជាន់ខ្ពស់សហរដ្ឋអាមេរិកកាលពីឆ្នាំ2016 ដែលនេះគឺជាតំណាងរាស្ត្រអាមេរិកាំងដើមកំណើតអាស៊ីដំបូងគេដែលត្រូវបានជ្រើសរើសជាអ្នកតាក់តែងច្បាប់នៅក្នុងស្ថាប័ននេះ។
លោកស្រី Harris ក៏ធ្លាប់ជាបេក្ខភាពប្រធានាធិបតីឆ្នាំ2020 របស់បក្សប្រជាធិបតេយ្យ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតបឋមក្នុងការជ្រើសរើសតំណាងរបស់បក្សនេះសម្រាប់ទៅប្រកួតប្រជែងដណ្ដើមយកតំណែងប្រធានាធិបតីនៅក្នុងខែវិច្ឆកាខាងមុខ។ លោកស្រីក៏ធ្លាប់បានចូលរួមតតាំងជាមួយនឹងបេក្ខភាពប្រធានាធិបតីដទៃទៀតរបស់បក្សប្រជាធិបតេយ្យ ក្នុងនោះក៏មានលោក Joe Biden ផងដែរ នៅមុនពេលដកថយកាលពីខែធ្នូ2019 ដោយសារអត្រានៃសំឡេងឆ្នោតបានថយចុះ និងបញ្ហាខ្វះហិរញ្ញវត្ថុដើម្បីប្រជែងរកសម្លេងឆ្នោត។
លោកស្រី Harris មានទំនាក់ទំនងល្អជាមួយនឹងអតីតប្រធានាធិបតី Barack Obama ដែលជាមនុស្សម្នាក់ធ្លាប់បានបញ្ចេញសំឡេងគាំទ្រអតីតប្រធានាធិបតី Joe Biden ក្នុងការ “រត់ប្រណាំង” ចូលសេតវិមាន។ លោក Obama និងលោកស្រី Harris នៅក្នុងរូបដែលបានថតកាលពីឆ្នាំ2013 ដែលកាលណោះលោកស្រីនៅជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋ California នៅឡើយ។
លោកស្រី Harris ក៏ជាមិត្តជិតស្និទ្ធរបស់ Beau Beden ដែលជាកូនប្រុសរបស់លោក Joe Beden និងធ្លាប់ជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋ Delaware ផងដែរ។ លោក Beau បានស្លាប់កាលពីឆ្នាំ2015 ដោយសារជំងឺដុះសាច់ក្នុងខួរក្បាល។
លោកស្រី Harris ទទួលទានអាហារថ្ងៃត្រង់នៅក្នុងអាហារដ្ឋានមួយនៅពេលកំពុងចូលរួមការឃោសនារកសំឡេងឆ្នោតសម្រាប់តំណែងប្រធានាធិបតី នៅឯទីក្រុង Charleston ក្នុងរដ្ឋ South Carolina កាលពីខែកុម្ភៈ2019។
លោកស្រី Harris ចូលរួមធ្វើការទាមទារដំឡើងប្រាក់ខែឱ្យបាន15ដុល្លារ/ម៉ោង ជូនកម្មករនៅ Las Vegas នៃរដ្ឋ Nevada កាលពីខែមិថុនា2019។
លោកស្រី Harris អាំងសាច់ក្នុងពេលចូលរួមពិធីតាំងពិព័ណ៍មួយនៅ Des Moines រដ្ឋ Iowa ដែលស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយកាលពីខែសីហា2019។
លោកស្រី Harris គាំទ្រសហគមន៍ LGBTQ (ជាសហគមន៍របស់មនុស្សភេទទី3) នៅក្នុងព្យុហយាត្រាមួយដែលមានឈ្មោះថា Pride នៅក្នុងទីក្រុង San Francisco នៃរដ្ឋ California។
លោកស្រី Harris បានរៀបការជាមួយមេធាវី Douglas Emhoff កាលពីឆ្នាំ2014។ អ្នកទាំង2 មិនទាន់មានកូនជាមួយគ្នាទេ ប៉ុន្តែលោក Emhoff មានកូន2នាក់ជាមួយនឹងអតីតភរិយារបស់លោក។ គិតមកដល់ខែសីហា2019 គ្រួសាររបស់លោកស្រី Harris មានទ្រព្យសរុបប្រមាណជា5.8លានដុល្លារអាមេរិក។
ក្រោយពីត្រូវបានជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីពីសំណាក់លោក Biden លោកស្រី Harris បានក្លាយជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ី និងអាហ្វ្រិកដំបូងគេដែលបានក្លាយជាបេក្ខភាពអនុប្រធានាធិបតីដែលតំណាងឱ្យបក្សធំមួយនៅសហរដ្ឋអាមេរិក។ ដោយសារជាមនុស្សម្នាក់នៅមានកម្លាំងមាំមួន មានបទពិសោធន៍ច្រើនផ្នែកច្បាប់ និងនយោបាយ លោកស្រី Harris ត្រូវបានរំពឹងថានឹងនាំមកនូវ “ជំនោរថ្មី” សម្រាប់យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខភាពប្រធានាធិបតី Joe Biden នៃគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក៕
ប្រភព៖ Reuters, AP