លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា វត្ថុអវកាសធំបំផុតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយដែលស្ថិតនៅចន្លោះពិភពព្រះអង្គារនិងពិភពព្រហស្បតិ៍ គឺជា “ពិភពមហាសមុទ្រ” មួយ។
ការរកឃើញនេះត្រូវបានអង្គការ NASA ប្រកាសឱ្យដឹងកាលពីថ្ងៃទី10សីហាកន្លងទៅ ក្រោយពីបានវិភាគទៅលើរូបភាពគុណភាពច្បាស់កម្រិតខ្ពស់ស្ដីអំពីផ្ទៃខាងលើរបស់កូនភព Ceres ដែលថតដោយយានរុករក Dawn។ មុននេះ Ceres តែងត្រូវបានគេចាត់ទុកថាជាដុំថ្មអាចម៍ផ្កាយដ៏សោះកក្រោះមួយនៅក្នុងលម្ហអវកាសតែប៉ុណ្ណោះ។
ក្រុមអ្នកវិទ្យាសាស្ត្រដែលធ្វើការលើរឿងនេះ រួមមានអ្នកជំនាញមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ ពួកគេបានផ្ដោតការពិនិត្យទៅលើមាត់ភ្នំភ្លើង Occator ដែលមានអាយុកាល20លានឆ្នាំ។ តាមរយៈការប្រើប្រាស់រូបភាពអ៊ីនហ្វ្រារ៉េដដែលយានរុករកថតបានពីលើកម្ពស់ប្រហែល35គីឡូម៉ែត្រធៀបនឹងផ្ទៃរបស់កូនភព ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់ hydrohalite ដែលជាសមាសធាតុមាននៅក្នុងទឹកកកសមុទ្រ។ សមាសធាតុ hydrohalite នេះ កន្លងមកត្រូវបានគេរកឃើញនៅលើភពផែនដីតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវ Maria Cristina De Sanctis មកពីមន្ទីរតារាវិទ្យាជាតិនៃប្រទេសអ៊ីតាលី បានបកថ្លែងថា៖ “ពេលនេះយើងអាចនិយាយបានថា Ceres គឺជាពិភពមហាសមុទ្រ ដោយមានបឹងផ្ទុកទឹកសមុទ្រនានានៅខាងក្រោមផ្ទៃរបស់វា។ Hydrohalite គឺជាសញ្ញាដ៏ច្បាស់លាស់មួយបញ្ជាក់ថា កូនភពនេះមានទឹក”។
ក្រុមអ្នកវិទ្យាសាស្ត្រឱ្យដឹងដែរថា អណ្ដូងរ៉ែអំបិលទាំងឡាយនៅលើផ្ទៃរបស់កូនភព Ceres ទំនងជាត្រូវបានកកើតឡើងបន្តិចម្ដងៗក្នុងអំឡុង2លានឆ្នាំកន្លងមកហើយ។ ប្រការនេះក៏បង្ហាញថា ទឹកសមុទ្រនៅតែអាចត្រូវបានរុញឡើងពីខាងក្នុងកូនភព។ ដោយការវិភាគទៅលើរូបភាពនៃមាត់ភ្នំភ្លើង Occator អ្នកវិទ្យាសាស្ត្រក៏បានរកឃើញដំបូក និងកូនភ្នំជាច្រើន ដែលនេះទំនងជាត្រូវបានបង្កើតឡើងនៅពេលទឹកបាញ់ចេញពីក្រោមដី ដោយសារឥទ្ធិពលនៃការប៉ះទង្គិចជាមួយអាចម៍ផ្កាយផ្សេងៗ ហើយក្រោយមកក៏ត្រូវកកជាទឹកកក។
អ្នកវិទ្យាសាស្ត្រ De Sanctis សង្កត់ធ្ងន់ថា៖ “ធាតុរ៉ែទាំងឡាយដែលត្រូវបានរកឃើញនៅលើកូនភព Ceres មានដូចជា hydrohalite ជាដើម ពិតជាមានសារសំខាន់ទាក់ទិននឹងតារាជីវសាស្ត្រ ដោយសារពួកវាចាំបាច់សម្រាប់វត្តមាននៃជីវិត”។
លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Nature Astronomy, Nature Geoscience និងទស្សនាវដ្ដី Nature Comunications៕
ប្រភព៖ AFP