ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេសនេះបានសម្រេចដាក់ទណ្ឌកម្មលើតំណាងរាស្ត្រ2រូបមកពីសភាជាន់ខ្ពស់ រួមនឹងមន្ត្រីអាមេរិកាំងចំនួន9រូបផ្សេងទៀតចាប់ពីថ្ងៃនេះតទៅ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឱ្យដឹងថា បទបញ្ជាដាក់ទណ្ឌកម្មនេះសំដៅទៅលើមន្ត្រីអាមេរិកាំងចំនួន11រូប ដើម្បីឆ្លើយតបទៅនឹងការដែលទីក្រុងវ៉ាស៊ីងតោនបានដាក់ទណ្ឌកម្មទៅលើលោកស្រី Carrie Lam ដែលជាប្រធានតំបន់ពិសេសហុងកុង រួមជាមួយនឹងមន្ត្រី10រូបផ្សេងទៀតនៅទីក្រុងនេះ និងនៅប្រទេសចិនដីគោក។
ក្រុមមន្ត្រីអាមេរិកាំងដែលត្រូវបានប្រទេសចិនដាក់ទណ្ឌកម្មលើកនេះ មានដូចជាសមាជិកសភាជាន់ខ្ពស់ Ted Cruz និង Marco Rubio រួមនឹងប្រធានអង្គភាពតាមដានបញ្ហាសិទ្ធិមនុស្ស Kenneth Roth និងលោក Michael Abramowitz ដែលជាប្រធានអង្គការក្រៅរដ្ឋាភិបាល Freedom House។ នេះបើតាមសម្ដីរបស់លោក Zhao Lijian ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃនេះនៅរដ្ឋធានីប៉េកាំង។
លោក Zhao Lijian បានប្រកាសថា “ដើម្បីឆ្លើយតបទៅនឹងឥរិយាបថខុសឆ្គងរបស់សហរដ្ឋអាមេរិក ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មទៅលើបុគ្គលដែលបានធ្វើសកម្មភាពមិនល្អនៅក្នុងបញ្ហាដែលទាក់ទិននឹងហុងកុង”។
សូមរំឭកថា កាលពីពេលថ្មីៗនេះ ទីក្រុងប៉េកាំងក៏ធ្លាប់បានប្រកាសដាក់ទណ្ឌកម្មលើលោក Cruz និងលោក Rubio រួមនឹងក្រុមមន្ត្រីអាមេរិកាំងមួយចំនួនផ្សេងទៀតផងដែរ ក្រោយពីទីក្រុងវ៉ាស៊ីងតោនបានដាក់ទណ្ឌកម្មលើមន្ត្រីចិនដោយចោទថា “រើសអើង” ចំពោះជនជាតិអ៊ុយហ្គួនៅតំបន់ស៊ីនជាំង។
ការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងប៉េកាំងនេះ ត្រូវបានធ្វើឡើងក្រោយពីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃទី7សីហា បានប្រកាសដាក់ទណ្ឌកម្មទៅលើប្រធានតំបន់ពិសេសហុងកុង លោកស្រី Carrie Lam រួមជាមួយនឹងមន្ត្រីហុងកុងនិងមន្ត្រីចិនដីគោកចំនួន10រូបផ្សេងទៀត ដោយចោទថា “ធ្វើឱ្យថយចុះនូវស្វ័យភាព និងការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬការប្រមូលផ្ដុំគ្នារបស់ពលរដ្ឋហុងកុង”។
ទំនាក់ទំនងរវាងអាមេរិកាំង និងចិន ក្នុងមួយរយៈពេលចុងក្រោយនេះ បានប្រែទៅជាតានតឹងឡើងៗ ពិសេសនៅពេលដែលទីក្រុងប៉េកាំងបានដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខហុងកុងកាលពីចុងខែមីថុនា។ ពលរដ្ឋហុងកុងដែលបំពានលើច្បាប់ថ្មីនេះ អាចត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយសិទ្ធិប្ដឹងផ្ដល់ និងកាត់ទោសលើ “ករណីធ្ងន់ធ្ងរ” គឺស្ថិតក្រោមការចាត់ចែងរបស់រដ្ឋអំណាចថ្នាក់កំពូលនៅប្រទេសចិន។
ប្រទេសចិនបានអះអាងថា ច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុងនេះ សំដៅទៅលើតែមនុស្សមួយក្រុមតូចប៉ុណ្ណោះ ចំណែកផលប្រយោជន៍ សេរីភាពរបស់ពលរដ្ឋហុងកុង ក៏ដូចជាផលប្រយោជន៍របស់ក្រុមអ្នកវិនិយោគបរទេសនៅតែទទួលបានការធានា។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសជាច្រើននៅអឺរ៉ុប បានរិះគន់ទៅលើច្បាប់ថ្មីនេះ ហើយបានហៅច្បាប់នេះថា ជាការបំផ្លិចបំផ្លាញស្វ័យភាព សេរីភាពរបស់កុងហុង ព្រមទាំងបានធ្វើឱ្យគោលការណ៍ “ប្រទេសមួយ របបពីរ” ត្រូវថមថយឥទ្ធិពល។
នៅក្នុងថ្ងៃនេះដែរ ក្រុមប៉ូលិសហុងកុងក៏បានចាប់ខ្លួនមេដឹកនាំសារព័ត៌មាន Next Digital និងជាស្ថាបនិករបស់ក្រុមហ៊ុន Giordano ឈ្មោះ Jimmy Lai (Lai Chee-Ying) ដោយបានចោទប្រកាន់ថា បានឃុបឃិតជាមួយកម្លាំងបរទេស ដោយយោងទៅលើច្បាប់សន្តិសុខហុងកុង៕
ប្រភព៖ Reuters