Skip to content

ចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ជាក់ពីករណីមន្ទីរពិសោធន៍យោធា ដែលកំពុងដំណើរការយ៉ាងសម្ងាត់នៅបរទេស

ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅថា ចិនបានជំរុញឱ្យសហរដ្ឋអាមេរិក ឆ្លើយតបនឹងក្ដីកង្វល់របស់សហគមន៍អន្តរជាតិឱ្យបានច្បាស់លាស់ និងបញ្ជាក់ពីករណីដែលសហរដ្ឋអាមេរិក បានរៀបចំកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅឯបរទេស។

លោក វ៉ាង វឹនពីន អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីអំពីកិច្ចការងារខាងយោធារបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យកើតមានក្ដីកង្វល់យ៉ាងខ្លាំង និងនាំមកនូវសំណួរ និងសំឡេងជំទាស់ដ៏ច្រើន។

កាលពីពេលថ្មីៗនេះ សារព័ត៌មាននៅក្នុងសាធារណរដ្ឋកូរ៉េ (ROK) បានរាយការណ៍ជាច្រើនលើកថា ទាហានសហរដ្ឋអាមេរិកដែលប្រចាំការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរៀបចំធ្វើកិច្ចការងារមួយ ដែលល្មើសនឹងអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ (BWC) រហូតធ្វើឱ្យមនុស្សនៅក្នុងសង្គមជាច្រើនក្រុម បានចេញមកទាមទារឱ្យបិទបន្ទប់ប្រតិបត្តិការរបស់កងទ័ពសហរដ្ឋអាមេរិកនោះ និងបណ្ដេញកងយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចំណែកពាក់ព័ន្ធនឹងការល្មើសនេះ ចេញពីប្រទេស។

លោក វ៉ាង បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានរៀបចំធ្វើកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅក្នុងប្រទេសជាច្រើន ដែលបង្កឱ្យកើតមានក្ដីសង្ស័យ និងការតតាំងយ៉ាងទូលំទូលាយ។ ដោយសារតែកិច្ចការងារទាំងនោះមិនបានបញ្ជាក់ច្បាស់ ទើបមានប្រទេសដែលពាក់ព័ន្ធជាច្រើន មិនដឹងថា តើបន្ទប់ប្រតិបត្តិការខាងយោធារបស់សហរដ្ឋអាមេរិកនោះ កំពុងធ្វើអ្វី? ទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលដំណើរការខាងកិច្ចការងារយោធានៅក្នុងប្រទេសផ្សេងៗច្រើនជាងគេបំផុត តែបែរជាគ្មានការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីរឿងនេះនៅក្នុងឯកសារវិធានការសាងភាពជឿជាក់ (CBM) ដែលសហរដ្ឋអាមេរិកបានផ្ញើទៅឱ្យអង្គការអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ។

លោក វ៉ាង បានថ្លែងថា ការដំណើរការទាំងអស់នោះ មិនមានសុវត្ថិភាព កិច្ចការងារជាច្រើនយ៉ាងរបស់ពួកគេ មានចំណែកពាក់ព័ន្ធនឹងមេរោគ ដែលមានភាពប្រថុយប្រថានខ្ពស់យ៉ាងជិតដិត ដែលបើសិនជាមានឧប្បត្តិហេតុណាមួយកើតឡើង នឹងកើតមានផលប៉ះពាល់ដ៏អាក្រក់ទៅដល់ប្រទេសដែលពាក់ព័ន្ធ ប្រទេសជិតខាង និងទូទាំងពិភពលោក។

ក្រៅពីនេះ សហរដ្ឋអាមេរិក នៅខ្វះភាពយុត្តិធម៌ ដែលយើងអាចមើលឃើញបានថា មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលជាអ្នកនាំមុខគេ ក្នុងការបង្កើតបន្ទប់ប្រតិបត្តិការខាងជីវសាស្ត្រទូទាំងពិភពលោក និងប្រមែប្រមូលធនធានខាងជីវសាស្ត្រនៅក្នុងប្រទេសផ្សេងៗយ៉ាងគ្មានដែនកំណត់ និងមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលប្រឆាំងនឹងការចរចារឿងរបៀបការត្រួតពិនិត្យសមាជិកអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ “ដែលទោះជាសហរដ្ឋអាមេរិក ចង់អធិប្បាយប៉ុនណា ក៏មិនអាចពិសោធភាពបរិសុទ្ធរបស់ខ្លួនឯងក្នុងរឿងនេះបានដែរ”។

លោក វ៉ាង បានថ្លែងទៀតថា “យើងទាមទារឱ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវក្នុងរឿងនេះ ចាត់ការរឿងក្ដីកង្វល់របស់សហគមន៍អន្តរជាតិយ៉ាងពិតប្រាកដ បញ្ជាក់ពីកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅក្នុងប្រទេសផ្សេងៗទាំងនោះឱ្យបានច្បាស់លាស់ ប្រតិបត្តិតាមកាតព្វកិច្ចរបស់អនុសញ្ញាខាងលើយ៉ាងពិតប្រាកដ និងបញ្ឈប់ការធ្វើខ្លួនជាអ្នកប្រឆាំង រារាំងការចរចាស្ដីពីការត្រួតពិនិត្យរបស់អនុសញ្ញានោះ”៕
ប្រភព៖ សាព័ត៌មានបរទេស

Leave a Reply

Your email address will not be published. Required fields are marked *