Skip to content

យន្តហោះ​ឥណ្ឌា​ជួប​គ្រោះ​ថ្នាក់ បាក់​ជា​2កំណាត់​ សម្លាប់​មនុស្ស​យ៉ាង​តិច​17​នាក់​

យន្ត​ហោះ​មួយ​គ្រឿង​របស់​ Air India Express ដែល​​ដឹក​អ្នក​ដំណើរ​ជិត​200​នាក់​ បាន​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​រត់​ខុស​ផ្លូវ​កាល​ពី​យប់​ថ្ងៃទី​7​សីហា បណ្ដាល​ឱ្យ​មនុស្ស​យ៉ោង​ហោច​17​នាក់​បាន​បាត់​បង់ជីវិត​។

យន្ត​ហោះ Boeing 737 មាន​​លេខសម្គាល់​ជើង​ហោះ​ហើរ​ IX 1344 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Air India Express ដែល​ជួប​គ្រោះ​ថ្នាក់​នេះ​ ​បាន​ហោះ​ហើរ​ពី​ទីក្រុង​ Dubai និង​បាន​រត់​ខុស​ផ្លូវ​ក្នុង​ពេលកំពុង​​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ Kozhikode កាល​ពីវេលា​ម៉ោង​19និង​40​នាទី​ (ម៉ោង​21​និង​10នាទី​នៅ​ភ្នំ​ពេញ​) ដោយ​សារ​តែ​ភ្លៀង​ធំ​។ អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ Kozhikode ស្ថិត​នៅ​ក្នុង​រដ្ឋ​ Kerala ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​។

យន្ត​ហោះ​ខាង​លើ​នេះ​ ដឹក​មនុស្ស​ចំនួន​184​នាក់​ ក្នុង​នោះ​មាន​ទារក​ទើប​កើត​ចំនួន​10​នាក់​ និង​បុគ្គលិក​ចំនួន​7​នាក់​។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​ Air India Express។

​ហេតុការណ៍​គ្រោះ​ថ្នាក់​យន្ត​ហោះ​នេះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​89​នាក់​រង​របួស​ ក្នុង​នោះ​មាន​15​នាក់​រង​របួស​ធ្ងន់​។ ចំណែក​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ក៏​បាន​កើន​ឡើង​ដល់​17​នាក់​។

តំណាង​រាស្ត្រ​ឥណ្ឌា Alphons Kannanthanam បាន​ឱ្យ​ដឹង​តាម​រយៈ​ Twitter ថា ផ្នែក​ខាង​មុខ​របស់​យន្ត​ហោះ​ បាន​បាក់​ចេញ​ពី​តួរបស់​វា​។

IX 1344 គឺជា​ជើង​ហោះ​ហើរ​មួយ​ក្នុង​ចំណោម​យន្ត​ហោះ​ជា​ច្រើន​ដែល​បាន​ដឹក​ពលរដ្ឋ​ឥណ្ឌា​ត្រលប់​ចូល​ស្រុក​វិញ​។ សកម្ម​ភាព​ដែល​​ត្រូវ​បាន​គេ​ហៅ​ថា Vande Bharat នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​នាំ​ពលរដ្ឋ​ឥណ្ឌា​ដែល​ជាប់គាំង​នៅ​បរទេស​ដោយ​សារ​COVID-19 ត្រលប់​មក​ស្រុក​វិញ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Leave a Reply

Your email address will not be published. Required fields are marked *