Skip to content

ចិន​រិះគន់សហរដ្ឋ​​អាមេរិក​ថា “កៀប​សង្កត់​” TikTok និង​ WeChat ដោយគ្មាន​មូលដ្ឋាន

ទីក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីង​តោន​ថា “ត្រួត​ត្រា​ និង​កៀបសង្កត់​តាម​តែ​អំពើ​ចិត្ត​” ទៅលើ​ក្រុម​ហ៊ុន​ចិន​ ក្រោយ​ពី​លោក Trump ហាម​មិន​ឱ្យ​ជនជាតិ​អាមេរិកាំង​​ជួញ​ដូរ​ជា​មួយ​នឹង​ម្ចាស់​គ្រប់​គ្រង​របស់​ TikTok និង​ WeChat។

>អត្ថបទទាក់ទង៖ Trump ហាមការ​ជួញ​ដូរ​ជាមួយ​ម្ចាស់​ TikTok និង​ WeChat

អ្នកនាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក Wang Wenbin បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​​មួយ​នៅ​ទីក្រុង​ប៉េកាំង​​ក្នុង​ថ្ងៃ​នេះ​​ (7​សីហា)​ ថា៖ “សហរដ្ឋ​អាមេរិក​ ជាញឹក​ញាប់ បាន​រំលោភលើ​​អំណាច​ជាតិ និង​កៀប​សង្កត់​ដោយ​មិន​សម​ហេតុ​ផល​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​មែនជា​របស់​សហរដ្ឋ​អាមេរិក”។

សេចក្ដី​ថ្លែង​ការណ៍​ខាង​លើ​នេះ​ត្រូវ​បាន​លោក​ Wang Wenbin លើក​ឡើង​ ក្រោយ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កាល​ពីថ្ងៃទី​6​សីហា​ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​ហាម​មិន​ឱ្យ​បុគ្គល​ និង​ស្ថាប័ន​នានា​នៅ​សហរដ្ឋ​អាមេរិក​ ធ្វើ​ការ​ជួញ​ដូរ​ជាមួយ​នឹង​ ByteDance និង​ Tencent ដែល​ជា​ម្ចាស់​របស់​ក្រុម​ហ៊ុន​ TikTok និង WeChat ក្រោយ​រយៈ​ពេល​45​ថ្ងៃ​ទៀត​។

លោក Wang Wenbin បន្ត​ថា៖ “ដោយ​មិន​អើពើ​ដល់​​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​អ្នកប្រើប្រាស់​ និង​ក្រុម​ហ៊ុន​អាមេរិកាំង​ សហរដ្ឋ​អាមេរិក​នៅ​តែ​ធ្វើ​សកម្ម​ភាព​ក្ដោប​ក្ដាប់​ និង​កៀប​សង្កត់​នយោបាយ​តាម​តែ​អំពើ​ចិត្ត”។

លោក​ Trump បាន​ប្រកាស​ថា បណ្ដា​កម្ម​វិធី​ (App) របស់​ចិន​គឺជា​ការ​គំរាម​កំហែង​ដល់​ “សន្តិសុខ​ជាតិ​ គោលនយោបាយ​​ការបរទេស​​ និង​សេដ្ឋកិច្ច​” របស់​សហរដ្ឋ​អាមេរិក

នៅក្នុង​បទ​បញ្ជា​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាល​ពីថ្ងៃទី​6​សីហា លោក​ Trump បាន​ប្រកាស​ថា បណ្ដា​កម្ម​វិធី​ (App) របស់​ចិន​គឺជា​ការ​គំរាម​កំហែង​ដល់​ “សន្តិសុខ​ជាតិ​ គោលនយោបាយ​​ការបរទេស​​ និង​សេដ្ឋកិច្ច​” របស់​សហរដ្ឋ​អាមេរិក ហើយ​ទីក្រុង​វ៉ាស៊ីង​តោន​ត្រូវ​តែ​ “ធ្វើសកម្ម​ភាព​ឱ្យ​បាន​ខ្លាំង​ក្លា”។ បទ​បញ្ជា​នេះ​ នឹង​អាច​ធ្វើ​ឱ្យ​កម្មវិធី​​នានា​របស់​ចិន​ មិន​អាច​បង្ហាញ​ខ្លួន​នៅលើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​។

អ្នកនាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក Wang Wenbin បានថ្លែង​កាល​ពី​ថ្ងៃទី​4​សីហា​ថា មូលដ្ឋាន​ស្ដីអំពី​សន្តិសុខ​ជាតិ​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​​ដើម្បី​ “កៀប​សង្កត់​បណ្ដា​ក្រុម​ហ៊ុន​ចិន” គឺជារឿង​ “មិន​មាន​មូលដ្ឋាន​”។ លោក​បន្តថា ក្រុម​ហ៊ុន​នានា​របស់​ចិន​ ធ្វើ​សកម្ម​ភាព​ជំនួញ​ទៅតាម​គោលការណ៍​អន្តរជាតិ​ និង​ច្បាប់របស់​សហរដ្ឋ​អាមេរិក​។

ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ ByteDance លោក Zhang Yiming

ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីង​តោន និង​ប៉េកាំង កំពុង​ធ្លាក់​ទៅក្នុងសភាព​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​។ សហរដ្ឋ​អាមេរិក​តែង​តែ​​ចោទ​ប្រកាន់​ប្រទេស​ចិន​អំពី​បញ្ហា​COVID-19 និង​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ជា​ញឹកញាប់​។

CEO​ របស់​ក្រុម​ហ៊ុន Tencent លោក​ Ma Huateng

សហរដ្ឋ​អាមេរិក​ក៏​បាន​ និង​កំពុង​ដាក់ទណ្ឌកម្ម​ទៅលើ​ចិន​ ទាក់​ទិននឹង​គោលនយោបាយ​របស់​ចិន​នៅ​លើ​ទឹក​ដី​ហុង​កុង និង​ស៊ីនជាំង​ ព្រម​ទាំង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​សម្ព័ន្ធ​មិត្ត ឈប់​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Huawei ដោយ​ចោទ​ថា ក្រុម​ហ៊ុន​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​កង​ទ័ព​ចិន​៕

ប្រភព៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *