Skip to content

ប៉ូលិស​លីបង់​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​ Beirut

កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​លីបង់​ បាន​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​កំពុង​តែ​មាន​ការ​ខឹង​សម្បា​​ខ្លាំង​ជាមួយ​នឹង​រដ្ឋាភិបាល​ទាក់ទិន​នឹង​ហេតុការណ៍​ផ្ទុះ​ដ៏រន្ធត់​នៅ​ទីក្រុង​Beirut។

ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី​8​សីហា​ នៅ​លើ​ដង​ផ្លូវ​មួយ​ដែល​ឆ្ពោះ​ទៅកាន់វិមាន​រដ្ឋសភា​ នៅកណ្ដាល​រដ្ឋធានី​ Beirut ប្រទេស​លីបង់​ ខណៈ​ដែល​គំនរ​បាក់បែក​ដែល​កើត​ឡើង​ពី​ការ​ផ្ទុះ​កាលពី​ថ្ងៃទី​4​សីហា​មិន​ទាន់​ត្រូវ​បាន​ប្រមូល​ចេញពី​ផ្លូវ​នៅ​ឡើយ​។

សារ​ព័ត៌មាន​រដ្ឋ​លីបង់​ Lebanon (NNA) បាន​ចេញ​ផ្សាយ​ថា ក្រុម​បាតុករ​បាន​នាំ​គ្នា​គប់​ភ្លើង​ វាយ​បំផ្លាញ​ហាង​ទំនិញ​នានា និង​គប់​ដុំ​ថ្ម​ទៅ​លើ​​ក្រុម​សមត្ថកិច្ច ដែល​នេះ​បាន​នាំ​ឱ្យ​ក្រុម​ប៉ូលិស​ប្រើប្រាស់​គ្រាប់​បែប​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតករដែល​កំពុង​ខឹង​ខ្លាំង​។

ក្រុម​បាតុករ​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​បាតុកម្ម​ធំមួយ​ផ្សេង​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ប្រឆាំង​នឹង​របៀប​​ធ្វើ​ការ​ ក៏ដូច​ជា​ការ​​ចាត់​វិធានការ​របស់​រដ្ឋាភិបាល​នៅមុន​និង​ក្រោយ​ហេតុ​ការ​ណ៍​ផ្ទុះ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​កាល​ពី​ថ្ងៃទី​4​សីហា​។

កាល​ពី​យប់​ថ្ងៃទី​7​សីហា​ អគ្គរដ្ឋ​ទូត​លីបង់​ប្រចាំ​នៅ​ហ្ស៊កដានី លោក​ស្រី Tracy Chamoun បាន​ប្រកាស​​លាលែង​ពី​តំណែង​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ព្រម​ទាំងបាន​ថ្លែង​ថា ការ​ខ្វះការ​ប្រុង​ប្រយ័ត្ន​របស់​ក្រុម​មន្ត្រី​នៃ​ប្រទេស​នេះ​​ បាន​បង្ហាញ​ថា ដល់​ពេល​ត្រូវ​ផ្លាស់​ប្ដូរ​មេដឹក​នាំ​ហើយ​។ មុន​នោះ តំណាង​រាស្ត្រ​លីបង់​មួយ​រូប​ ឈ្មោះ​ Marwan Hamadeh ក៏​បាន​លាលែង​ពី​តំណែង​ផងដែរ​ ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្រោយ​ពី​មាន​ហេតុ​ការណ៍​ផ្ទុះ​នេះ​៕

ប្រភព​៖ AFP

អត្ថបទ​ទាក់​ទង៖ ហេតុ​ការណ៍​ផ្ទុះ​នៅ​លីបង់​! អាជ្ញាធរ​​ចាប់​ខ្លួន​អគ្គនាយក​កំពង់​ផែ​ Berut

Leave a Reply

Your email address will not be published. Required fields are marked *