
ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមមិនឱ្យបុគ្គល និងស្ថាប័នអាមេរិកាំងណាមួយ ធ្វើការជួញដូរជាមួយក្រុមហ៊ុន ByteDance ដែលជាម្ចាស់បណ្ដាញសង្គម TikTok ដោយទុកពេលឱ្យ45ថ្ងៃ។
“សហរដ្ឋអាមេរិកត្រូវតែធ្វើសកម្មភាពខ្លាំងក្លាផ្ដោតទៅលើម្ចាស់ TikTok ដើម្បីការពារសន្តិសុខជាតិ។ បុគ្គល ឬទ្រព្យសម្បត្តិដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិកនឹងត្រូវបានហាមមិនឱ្យជួញដូរជាមួយ ByteDance ក្រោយរយៈពេល45 បន្ទាប់ពីបទបញ្ជានេះត្រូវបានអនុម័ត” នេះបើតាមខ្លឹមសារខ្លះៗនៅក្នុងបទបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាកាលពីថ្ងៃទី6សីហា។
លោក Trump កាលពីថ្ងៃទី3សីហា បានថ្លែងថា TikTok មានពេល45ថ្ងៃក្នុងការដកទុនរបស់ខ្លួន និងស្នើឱ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុន និងសកម្មភាពរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនណាមួយ ពុំដូច្នោះទេ បណ្ដាញសង្គមនេះនឹងត្រូវបង្ខំឱ្យដកខ្លួនចេញពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី15កញ្ញា។

រដ្ឋមន្ត្រីការបរទេស លោក Mike Pompeo ក្រោយមកបានថ្លែងថា សហរដ្ឋអាមេរិកចង់ហាមរាល់កម្មវិធីរបស់ចិនដែលមានលក្ខណៈ “មិនគួរជាទីទុកចិត្ត” នៅលើហាងលក់កម្មវិធីរបស់បណ្ដាក្រុមហ៊ុនអ៊ីនធឺណិត និងក្រុមហ៊ុនផលិតទូរស័ព្ទនៅក្នុងប្រទេសនេះ។ លោក Mike ក៏បានប្រកាសថា ទីក្រុងវ៉ាស៊ីងតោនមានបំណងទប់ស្កាត់មិនឱ្យដំឡើងកម្មវិធីនានារបស់សហរដ្ឋអាមេរិកទៅក្នុងឧបករណ៍ដែលផលិតដោយក្រុមហ៊ុនចិន ដូចជា Huawei ជាដើម។

បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ប្រមាណជា1ពាន់លាននាក់នៅទូទាំងពិភពលោក។ ក្រុមមន្ត្រីអាមេរិកាំង មួយរយៈចុងក្រោយនេះ បានសម្ដែងការព្រួយបារម្ភខ្លាំងទៅលើលទ្ធភាពដែលទីក្រុងប៉េកាំងប្រើប្រាស់ TikTok សម្រាប់គោលបំណងទុច្ចរិត។
ក៏ប៉ុន្តែ ភាគីខាង TikTok និង ByteDance ក៏បានច្រានចោលរាល់ការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក។ អគ្គនាយករបស់ TikTok ប្រចាំអាមេរិកខាងជើង អ្នកស្រី Vanessa Pappasa កាលពីថ្ងៃទី1សីហា បានអះអាងថា ក្រុមហ៊ុននេះកំពុងប្រឹងប្រែងដើម្បីនាំមកនូវ “ផ្នែកទន់ដែលសុវត្ថិភាពបំផុត” ដល់អ្នកប្រើប្រាស់៕
ប្រភព៖ AFP
