ក្រុមមន្ត្រីនៃប្រទេសលីបង់ចំនួន16នាក់ រួមមានអគ្គនាយកកំពង់ផែ Beirut ផងដែរ ត្រូវបានចាប់ខ្លួនដើម្បីស៊ើបអង្កេតករណីផ្ទុះដ៏រន្ធត់ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិច145នាក់បានស្លាប់ និង5,000នាក់រងរបួស។
សារព័ត៌មាន Lebanon NNA កាលពីថ្ងៃទី6សីហា បានដកស្រង់សម្ដីរបស់ចៅក្រមស៊ើបសួរ Fadi Akiki ដែលតំណាងឱ្យរដ្ឋាភិបាលនៅតុលាការយោធា ឱ្យដឹងថា មកដល់ពេលនេះមានមន្ត្រីគយ និងមន្ត្រីប្រចាំកំពង់ផែជាង18នាក់ត្រូវបានសាកសួរ។ ប៉ុន្តែ ចៅក្រមរូបនេះមិនបានបង្ហើបឱ្យដឹងអំពីឈ្មោះរបស់ក្រុមមន្ត្រីទាំងនេះទេ។ លោក Fadi Akiki ថ្លែងថា “មនុស្សចំនួន16នាក់ត្រូវបានចាប់ខ្លួនដើម្បីស៊ើបអង្កេត”។
ប្រភពព័ត៌មានពីក្រសួងយុត្តិធម៌ និងទូរទស្សន៍ក្នុងស្រុកចំនួន2 បានចេញផ្សាយថា អគ្គនាយកកំពង់ផែ Beirut លោក Hassan Koraytem ក៏ស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួនខាងលើនេះដែរ។ មុននោះ ធនាគារជាតិលីបង់ក៏បានបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីចំនួន7រូប រួមមានទាំង Hassan Koraytem និងមេដឹកនាំអគ្គនាយកដ្ឋានគយរបស់លីបង់ទៀតផង។
រដ្ឋធានី Beirut នៃប្រទេសលីបង់កាលពីថ្ងៃទី4សីហា បានទទួលរងគ្រោះដ៏ធ្ងន់ធ្ងរដោយសារហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសមាសធាតុអាម៉ូញ៉ូមនីត្រាត2,750តោន។ ករណីផ្ទុះដែលមានកម្លាំងស្មើនឹងរំសេវ TNT ចំនួន240តោននេះ បានបំផ្លាញទីក្រុង Beirut អស់ជាងពាក់កណ្ដាល បណ្ដាលឱ្យមនុស្សយ៉ាងតិច135នាក់បានបាត់បង់ជីវិត និងជាង5,000នាក់បានរងរបួស ព្រមទាំងបង្កការខាតបង់គិតជាទឹកប្រាក់ឡើងដល់5ពាន់លានដុល្លារអាមេរិក។
រូបថតមួយដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី5សីហា បង្ហាញថា ឃ្លាំងលេខ12របស់កំពង់ផែ Beirut មានផ្ទុកពេញទៅដោយអាម៉ូញ៉ូមនីត្រា ដែលជាសមាសធាតុសម្រាប់យកមកធ្វើជាជី ប៉ុន្តែវាក៏អាចក្លាយជាគ្រឿងផ្ទុះបានដែរនៅពេលត្រូវបានលាយជាមួយវត្ថុធាតុដែលងាយឆេះ។ ក្នុងរូបថតនេះ គេឃើញថា សមាសធាតុទាំងនេះមិនត្រូវបានរក្សាទុកដោយសុវត្ថិភាពនោះទេ ពោលគឺត្រូវបានដាក់នៅក្នុងការ៉ុងធំៗ និងផ្ទុកគរលើគ្នា។
ផលិតផលដែលត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Igor Grechushkin នេះ ត្រូវបានដឹកតាមកប៉ាល់ Rhosus ដែលដោតទង់ជាតិរបស់ប្រទេសម៉ុលដាវី ដោយដឹកពីប្រទេសហ្គ្រូស៊ី Gruzia (បច្ចុប្បន្នជាប្រទេសហ្សកហ្ស៊ី/Georgia) ទៅកាន់ប្រទេសម៉ូហ្សាំប៊ិក (Mozambique) ដើម្បីធ្វើជាជី ប៉ុន្តែត្រូវបានបោះបង់ចោលនៅពេលដែលកប៉ាល់បានជួបបញ្ហាម៉ាស៊ីនខណៈកំពុងចូលចតនៅឯកំពង់ផែ Beirut កាលពីខែមិថុនា2013។
ប្រាក់ចំណាយដែលបានកើតមាននៅពេលចតក្នុងកំពង់ផែ បាននាំឱ្យអ្នកជំនួញ Grechushkin ប្រកាសក្ស័យធន រួចក៏បានបោះបង់ចោលកប៉ាល់នេះ។ ក្រុមនាវិករបស់កប៉ាល់នេះ រួមមានជនជាតិអ៊ុយក្រែន8នាក់ និងរុស្ស៊ី2នាក់ ត្រូវបានបង្ខំឱ្យនៅលើកប៉ាល់ដែលមានផ្ទុកសមាសធាតុអាម៉ូញ៉ូមនីត្រាតរាប់ពាន់តោននេះ នាំឱ្យវា (កប៉ាល់) ត្រូវគេហៅថា “គ្រាប់បែកអណ្ដែត” នៅកំពង់ផែ Beirut។
អាជ្ញាធរនៃប្រទេសលីបង់ ក្រោយមកក៏បានអនុញ្ញាតឱ្យក្រុមនាវិក6នាក់ចាកចេញពីប្រទេសនេះ ចំណែកមនុស្សក្រៅពីនេះគឺត្រូវជាប់នៅលើកប៉ាល់អស់រយៈពេលជិត1ឆ្នាំ។ អាម៉ូញ៉ូមនីត្រាតទាំងនោះក៏ត្រូវបានបញ្ជូនចេញពីកប៉ាល់ Rhosus ទៅរក្សាទុកក្នុងឃ្លាំងលេខ12ក្នុងកំពង់ផែរហូតដល់ពេលវាត្រូវផ្ទុះ។
លោក Hassan Koraytem និងមេដឹកនាំនៃអគ្គនាយកដ្ឋានគយរបស់លីបង់ លោក Badri Daher ថ្លែងថា ពួកគេធ្លាប់បានផ្ញើលិខិតជាច្រើនលើកទៅកាន់ស្ថាប័នយុត្តិធម៌ដើម្បីស្នើសុំឱ្យបញ្ជូនសមាសធាតុនេះចេញពីកំពង់ផែ ក៏ប៉ុន្តែមិនទទួលបានការយល់ព្រមនោះទេ៕
អត្ថបទទាក់ទង៖
“ជនដៃដល់” ដែលបានកម្ទេចរដ្ឋធានី Beirut ឱ្យទៅជា “សមរភូមិ” ពោរពេញដោយគំនរបាក់បែក
ប្រភព៖ Reuters