អ្នកជំនួញជនជាតិរុស្ស៊ី ឈ្មោះ Igor Grechushkin ត្រូវបានគេជឿថា បានបោះបង់កប៉ាល់មួយគ្រឿងដែលមានផ្ទុកសមាសធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ចំនួន2,750តោននៅឯកំពង់ផែ Beirut ប្រទេសលីបង់ ចាប់តាំងពីឆ្នាំ2013 ដែលនេះបាននាំឱ្យមានហេតុការណ៍ផ្ទុះដ៏រន្ធត់កាលពីថ្ងៃអង្គារកន្លងទៅ។
រដ្ឋធានី Beirut នៃប្រទេសលីបង់កាលពីថ្ងៃទី4សីហា បានទទួលរងគ្រោះដ៏ធ្ងន់ធ្ងរដោយសារហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសមាសធាតុអាម៉ូញ៉ូមនីត្រាត2,750តោន។ ករណីផ្ទុះដែលមានកម្លាំងស្មើនឹងរំសេវ TNT ចំនួន240តោននេះ បានបំផ្លាញទីក្រុង Beirut អស់ជាងពាក់កណ្ដាល បណ្ដាលឱ្យមនុស្សយ៉ាងតិច135នាក់បានបាត់បង់ជីវិត និងជាង5,000នាក់បានរងរបួស ព្រមទាំងបង្កការខាតបង់គិតជាទឹកប្រាក់ឡើងដល់5ពាន់លានដុល្លារអាមេរិក។
រូបថតមួយដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី5សីហា បង្ហាញថា ឃ្លាំងលេខ12របស់កំពង់ផែ Beirut មានផ្ទុកពេញទៅដោយអាម៉ូញ៉ូមនីត្រា ដែលជាសមាសធាតុសម្រាប់យកមកធ្វើជាជី ប៉ុន្តែវាក៏អាចក្លាយជាគ្រឿងផ្ទុះបានដែរនៅពេលត្រូវបានលាយជាមួយវត្ថុធាតុដែលងាយឆេះ។ ក្នុងរូបថតនេះ គេឃើញថា សមាសធាតុទាំងនេះមិនត្រូវបានរក្សាទុកដោយសុវត្ថិភាពនោះទេ ពោលគឺត្រូវបានដាក់នៅក្នុងការ៉ុងធំៗ និងផ្ទុកគរលើគ្នា។
ផលិតផលដែលត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Igor Grechushkin នេះ ត្រូវបានដឹកតាមកប៉ាល់ Rhosus ដែលដោតទង់ជាតិរបស់ប្រទេសម៉ុលដាវី ដោយដឹកពីប្រទេសហ្គ្រូស៊ី Gruzia (បច្ចុប្បន្នជាប្រទេសហ្សកហ្ស៊ី/Georgia) ទៅកាន់ប្រទេសម៉ូហ្សាំប៊ិក (Mozambique) ដើម្បីធ្វើជាជី ប៉ុន្តែត្រូវបានបោះបង់ចោលនៅពេលដែលកប៉ាល់បានជួបបញ្ហាម៉ាស៊ីនខណៈកំពុងចូលចតនៅឯកំពង់ផែ Beirut កាលពីខែមិថុនា2013។
ប្រាក់ចំណាយដែលបានកើតមាននៅពេលចតក្នុងកំពង់ផែ បាននាំឱ្យអ្នកជំនួញ Grechushkin ប្រកាសក្ស័យធន រួចក៏បានបោះបង់ចោលកប៉ាល់នេះ។ ក្រុមនាវិករបស់កប៉ាល់នេះ រួមមានជនជាតិអ៊ុយក្រែន8នាក់ និងរុស្ស៊ី2នាក់ ត្រូវបានបង្ខំឱ្យនៅលើកប៉ាល់ដែលមានផ្ទុកសមាសធាតុអាម៉ូញ៉ូមនីត្រាតរាប់ពាន់តោននេះ នាំឱ្យវា (កប៉ាល់) ត្រូវគេហៅថា “គ្រាប់បែកអណ្ដែត” នៅកំពង់ផែ Beirut។
អាជ្ញាធរនៃប្រទេសលីបង់ ក្រោយមកក៏បានអនុញ្ញាតឱ្យក្រុមនាវិក6នាក់ចាកចេញពីប្រទេសនេះ ចំណែកមនុស្សក្រៅពីនេះគឺត្រូវជាប់នៅលើកប៉ាល់អស់រយៈពេលជិត1ឆ្នាំ។ អាម៉ូញ៉ូមនីត្រាតទាំងនោះក៏ត្រូវបានបញ្ជូនចេញពីកប៉ាល់ Rhosus ទៅរក្សាទុកក្នុងឃ្លាំងលេខ12ក្នុងកំពង់ផែរហូតដល់ពេលវាត្រូវផ្ទុះ។
អ្នកជំនួញជនជាតិរុស្ស៊ី Grechushkin បច្ចុប្បន្នរស់នៅលើកោះ Cyprus ជាមួយនឹងភរិយា។ អ្នកជំនួញរូបនេះ រួមនឹងក្រុមគ្រួសារមិនទាន់បានបញ្ចេញយោបល់អ្វីអំពីបញ្ហានេះនៅឡើយ។
អ្នកជំនាញការ Raghida Dergham មកពីមន្ទីរ Beirut កាលពីថ្ងៃ5សីហាបានឱ្យដឹងថា “ការរក្សាទុកអាម៉ូញ៉ូមនីត្រាតនៅក្នុងកំពង់ផែស៊ីវិលគឹជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដូច្នេះត្រូវតែមានការដាក់ទោសទណ្ឌ។ ការថ្កោលទោសនឹងមិនគ្រប់គ្រាន់នោះឡើយ។ ខ្ញុំមានសុវត្ថិភាព ប៉ុន្តែមានសភាពទ្រុឌទ្រោម។ ខ្ញុំបានបាត់បង់មិត្តភក្ដិ និងផ្ទះ។ បើសិនខ្ញុំនៅក្នុងផ្ទះពេលនោះ ខ្ញុំប្រាកដជាស្លាប់”។
គណៈរដ្ឋមន្ត្រីលីបង់កាលពីម្សិលមិញបានស្នើឱ្យកងទ័ពឃុំខ្លួនក្នុងផ្ទះចំពោះមន្ត្រីទាំងអស់ដែលទទួលខុសត្រូវលើសន្តិសុខ និងការរក្សាទុកសមាសធាតុអាម៉ូញ៉ូមនីត្រាតនេះចាប់ពីឆ្នាំ2014។ Hassan Koraytem ដែលជាអគ្គនាយករបស់កំពង់ផែ Beirut បានឱ្យដឹងថា សមាសធាតុទាំងនេះត្រូវបាននាំមករក្សាទុកក្នុងឃ្លាំងតាមការសម្រេចរបស់តុលាការ។
លោក Hassan Koraytem និងមេដឹកនាំនៃអគ្គនាយកដ្ឋានគយរបស់លីបង់ លោក Badri Daher ថ្លែងថា ពួកគេធ្លាប់បានផ្ញើលិខិតជាច្រើនលើកទៅកាន់ស្ថាប័នយុត្តិធម៌ដើម្បីស្នើសុំឱ្យបញ្ជូនសមាសធាតុនេះចេញពីកំពង់ផែ ក៏ប៉ុន្តែមិនទទួលបានការយល់ព្រមនោះទេ៕
ប្រភព៖ Daily Mail