បន្ទាប់ពីបានផ្ទុះភ្លាម រលកសម្ពាធខ្យល់កន្ត្រាក់ក៏បានបង្ហាញខ្លួនក្រោយពីភ្លើងបានបាញ់ឡើងទៅលើអាកាស ពេលនោះចំហាយទឹកនៅក្នុងបរិយាកាសក៏បានប្រមូលផ្ដុំដោយសារតែសម្ពាធបានប្ដូរផ្លាស់ភ្លាមៗ ហើយបង្កើតបានជាដុំពពកពណ៌សដ៏ធំគ្របដណ្ដប់កន្លែងកើតហេតុ ដែលមើលទៅហាក់ជាទិដ្ឋភាពដ៏ស្រស់ស្អាត ក៏ប៉ុន្តែតាមពិត ការផ្ទុះនេះមានទំហំធំខ្លាំងណាស់។
នាយករដ្ឋមន្ត្រីប្រទេសលីបង់ លោក Hassan Diab បានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះមានប្រភពចេញពីសមាសធាតុ ammonium nitrate ដែលត្រូវបានរក្សាទុកអស់រយៈពេលជិត6ឆ្នាំនៅក្នុងឃ្លាំងមួយស្ថិតនៅក្បែរកំពង់ផែរបស់ទីក្រុងBeirut។ ករណីផ្ទុះដ៏សាហាវនេះ បានជះរលកសម្ពាធខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា បណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលស្ថិតក្នុងរង្វង់ជិត5គីឡូម៉ែត្រត្រូវខូចខាតខ្ទេចខ្ទីស្ទើរទាំងស្រុង។
ប្រភព៖ AFP, NY Times