មូលហេតុដែលនាំឱ្យមានហេតុការណ៍ផ្ទុះដ៏មហិមានៅក្នុងរដ្ឋធានី Beirut របស់ប្រទេសលីបង់ដែលបានសម្លាប់មនុស្សរាប់សិបនាក់ នោះគឺ ammonium nitrate ដែលជាសមាសធាតុមួយតែងត្រូវបានយកមកធ្វើជាជីសម្រាប់ដំណាំកសិកម្ម ប៉ុន្តែ វាក៏អាចក្លាយជាគ្រឿងផ្ទុះដ៏សាហាវផងដែរ។
រដ្ឋធានី Beirut របស់ប្រទេសលីបង់ កាលពីល្ងាចថ្ងៃទី4សីហាបានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារហេតុការណ៍ផ្ទុះដ៏ធំមួយ បណ្ដាលឱ្យមនុស្សយ៉ាងតិច78នាក់បានស្លាប់ និងជិត4,000នាក់ផ្សេងទៀតរងរបួស ខណៈដែលផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងទីក្រុងនេះក៏ត្រូវបានបំផ្លាញ ឬខូចខាតធ្ងន់ធ្ងរ។ អ្នកជំនាញមួយចំនួនបានសន្និដ្ឋាននេះ ហេតុការណ៍ផ្ទុះនេះមានកម្លាំងប្រហាក់ប្រហែលនឹងរំសេវ TNT ដល់ទៅ240តោន។
នាយករដ្ឋមន្ត្រីប្រទេសលីបង់ លោក Hassan Diab បានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះមានប្រភពចេញពីសមាសធាតុammonium nitrate ដែលត្រូវបានរក្សាទុកអស់រយៈពេលជិត6ឆ្នាំនៅក្នុងឃ្លាំងមួយស្ថិតនៅក្បែរកំពង់ផែរបស់ទីក្រុង។ សមាសធាតុគីមីនេះ ត្រូវបានកប៉ាល់ Rhosus ដែលដោតទង់របស់ Moldova ដឹកពីប្រទេស Gruzia (Georgia/ហ្សកហ្ស៊ី) មកកាន់ ម៉ូហ្សាំប៊ិក (Mozambique) កាលពីឆ្នាំ2014 ប៉ុន្តែត្រូវបានទុកចោលដោយសារជួបបញ្ហាម៉ាស៊ីននៅពេលកំពុងចូលចតនៅឯកំពង់ផែ Beirut។
សមាសធាតុ ammonium nitrate នៅលើកប៉ាល់នេះ ក្រោយមកក៏ត្រូវបានបញ្ជូនទៅរក្សាទុកក្នុងឃ្លាំងមួយនៅកំពង់ផែ Beirut អស់រយៈពេលជិត6ឆ្នាំដោយមិនបានគ្រប់គ្រងត្រឹមត្រូវតាមស្ដង់ដាសុវត្ថិភាព។
សមាសធាតុ ammonium nitrate តែងត្រូវបានយកមកធ្វើជាជីសម្រាប់ដាក់ដំណាំ ប៉ុន្តែវាក៏អាចក្លាយជាគ្រឿងផ្ទុះដ៏ខ្លាំងក្លា បើសិនលាយជាមួយរបស់ដែលងាយឆេះ។ សមាសធាតុ ammonium nitrate ធ្លាប់ត្រូវបានគេប្រើប្រាស់នៅក្នុងអំពើភេរវកម្មជាច្រើនក្នុងពិភពលោក ក្នុងនោះមានករណីបំផ្ទុះគ្រាប់បែកមួយដែលបានសម្លាប់មនុស្ស168នាក់នៅក្នុងទីក្រុង Oklahoma សហរដ្ឋអាមេរិក។
ហេតុការណ៍ផ្ទុះនៅក្នុងរដ្ឋធានី Beirut នៃប្រទេសលីបង់នេះ ត្រូវបានក្រុមមន្ត្រីសហរដ្ឋអាមេរិក និងលីបង់សន្និដ្ឋានថា មិនមែនជាអំពើភេរវកម្មទេ។
ប្រភពព័ត៌មានពីក្រុមរក្សាសន្តិសុខបានប្រាប់ Reuters ថា ហេតុការណ៍ផ្ទុះនេះ កើតឡើងនៅពេលដែលកម្មករផ្សារភ្ជាប់រន្ធមួយនៅក្នុងឃ្លាំងផ្ទុកសមាសធាតុ ammonium nitrate ដែលនេះអាចធ្វើឱ្យមានការឆាបឆេះ រួចក៏បង្កឱ្យផ្ទុះតែម្ដង៕
ប្រភព៖ Cnet