ក្រោយពីបានហោះហើរអស់រយៈពេល230ម៉ោង និងស្ថិតនៅចម្ងាយ3លានគីឡូម៉ែត្រពីផែនដី យានអវកាសចិន Tianwen-1 ក៏បានកែប្រែគន្លងគោចរជាលើកដំបូងក្នុងដំណើរឆ្ពោះទៅកាន់ពិភពព្រះអង្គារ។
Tianwen-1 ដែលជាយានអវកាសហោះទៅកាន់ពិភពព្រះអង្គារដំបូងរបស់ចិន បានទទួលជោគជ័យក្នុងការកែប្រែគន្លងគោចរជាលើកដំបូងកាលពីថ្ងៃទី2សីហា។
យាន Tianwen-1 បានកែប្រែគន្លងគោចរក្រោយពីម៉ាស៊ីន 3,000 N របស់វា ដំណើរការក្នុងរយៈពេល20វិនាទី។ ក្នុងអំឡុងពេលនោះ Tianwen-1 បានហោះហើរអស់រយៈពេល230ម៉ោងនៅក្នុងទីអវកាស និងមានចម្ងាយពីផែនដីប្រមាណជា3លានគីឡូម៉ែត្រ។
ការកែប្រែគន្លងគោចរនេះគឺក្នុងបំណងធានាឱ្យយានអវកាសអាចហោះសំដៅទៅកាន់ផ្កាយព្រះអង្គារ ទៅតាមគន្លងដ៏ត្រឹមត្រូវដែលបានកំណត់ទុក។
តាមផែនការ យានអវកាស Tianwen-1 របស់ចិននេះ នឹងទៅដល់គោលដៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ2021ខាងមុខ។
ប្រភព៖ CGTN