នាវានិងទូកឯកជនជាច្រើនគ្រឿងបាននាំគ្នាចូលទៅចតក្បែរយានអវកាស Crew Dragon នាំឱ្យបុគ្គលិករបស់ក្រុមហ៊ុន SpaceX ជួបការលំបាកក្នុងពេលនាំយកយាននេះត្រឡប់ទៅក្រុមហ៊ុនវិញ។
យានអវកាស Crew Dragon ឬហៅថា Endeavour របស់ SpaceX បានចុះចតនៅលើលម្ហសមុទ្រ Penacola ក្នុងរដ្ឋ Florida កាលពីព្រឹកមិញ (3សីហា នៅកម្ពុជា) បន្ទាប់ពីបាននាំអ្នកអវកាសរបស់ NASA គឺលោក Bob Behnken និង លោក Doug Hurley ត្រឡប់មកកាន់ផែនដី ក្រោយពីបានហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ និងធ្វើការនៅទីនោះអស់រយៈពេល2ខែ។ មិនយូរប៉ុន្មានក្រោយពីបានចុះចតលើផ្ទៃសមុទ្រ ទូកនិងនាវាតូចៗជាច្រើនគ្រឿងរបស់ពលរដ្ឋ បាននាំគ្នាចូលមកក្បែរយានអវកាស ដើម្បីបានឃើញច្បាស់ផ្ទាល់នឹងភ្នែក។
“ប្រការនេះស្ថិតនៅក្រោយការសន្និដ្ឋានរបស់ខ្ញុំ។ បន្ទាប់ពីក្រុមអ្នកអវកាស និងយានបានចុះចត នាវាជាច្រើនបាននាំគ្នាមកដល់។ ប្រហែលជាពេលក្រោយ យើងត្រូវធ្វើឱ្យបានល្អជាងនេះ”។ នេះបើតាមលោក Jim Bridenstine ប្រធានអង្គការ NASA។
ក្រុមអ្នកស្រង់នាវារបស់ SpaceX ត្រូវបញ្ចេញកម្លាំងដើម្បីរុញច្រាននាវា និងទូកឯកជនទាំងនោះឱ្យចេញឆ្ងាយ។ ប៉ុន្តែ នាវា និងទូកមួយចំនួនក៏នៅតែក្រាញមិនព្រមចេញ ហើយស្ថិតនៅជារង្វង់មូលជុំវិញនាវា Go Navigator ក្នុងពេលដែលបុគ្គលិកធ្វើការប្រមូលយកយានចេញពីផ្ទៃទឹក។
នៅក្នុងទិដ្ឋភាពដែលបានចេញផ្សាយនៅលើទំព័រ NASA TV គេឃើញមាននាវានិងទូកជាច្រើនគ្រឿងត្រូវបានបើកបរចូលមកក្បែរតំបន់យានអវកាស ក្នុងនោះមាននាវាខ្លះថែមទាំងបានលើកទង់ និងបើកបរជារង្វង់មូលជុំវិញយានអវកាសទៀតផង។ លោក Bridenstine ថ្លែងថា ក្រុមល្បាតសមុទ្របានបិទការចេញចូលតំបន់ចុះចតមុននោះ ចំណែកដំណើរការនៃការចុះចតលើសមុទ្រក៏មិនបានជួបបញ្ហាអ្វីដែរ។ នាវា Go Navigator របស់ SpaceX បានស្រង់យាននោះប្រហែល30នាទីក្រោយការចុះចត ក៏ប៉ុន្តែនាវា និងទូកឯកជនជាច្រើនបានទៅដល់មុន។
សូមរំឭកថា SpaceX បានចាប់ផ្ដើមបេសកកម្ម Demo-2 កាលពីថ្ងៃទី30ឧសភា ដើម្បីនាំអវកាសយានិក Behnken និង Hurley ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ នេះគឺជាការសាកល្បងជាលើកចុងក្រោយ មុនពេល SpaceX ចាប់ផ្ដើមដំណើរការដឹកបុគ្គលិករបស់ NASA ជាផ្លូវការចាប់ពីខែកញ្ញា2020។ SpaceX គឺជាក្រុមហ៊ុនឯកជនមួយក្នុងចំណោមក្រុមហ៊ុនឯកជនចំនួន2 (រួមមាន Boeing ផងដែរ) ដែលទទួលបានកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយនឹង NASA ដើម្បីដឹកអវកាសចរទៅ-មក រវាងផែនដី និង ISS៕
ប្រភព៖ Space