ដោយសារតែចេះនិយាយបាន16ភាសា និងព្រោះតែវីដេអូដែលត្រូវបានអ្នកទេសចរបរទេសបង្ហោះលើបណ្ដាញសង្គម កុមារា ធុច សាលីក (Thuch Salik) ក៏មានឈ្មោះល្បីល្បាញក្រោយរយៈពេលតែមួយយប់ប៉ុណ្ណោះ។ បច្ចុប្បន្ន កុមារារូបនេះមានជីវភាពរស់នៅខុសពីមុនឆ្ងាយណាស់។
មានឈ្មោះល្បីល្បាញដោយសារទទួលបានចំណាប់អារម្មណ៍ពីស្ត្រីអ្នកជំនួញ
ធុច សាលីក (14ឆ្នាំ) គឹជាកុមារាម្នាក់រស់នៅជាមួយគ្រួសារដែលមានសមាជិក4នាក់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមមួយខ្នងដែលនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទតាព្រហ្មនៃខេត្តសៀមរាប។ រាល់ព្រឹក សាលីក ត្រូវជិះកង់ផ្លូវឆ្ងាយទៅសាលារៀន ហើយល្ងាចក៏ស្ពាយកន្ត្រកវត្ថុអនុស្សាវរីយ៍ដើម្បីលក់ឱ្យអ្នកទេសចរនៅមុខក្លោងទ្វារចូលប្រាសាទអង្គរវត្ត។
ដើម្បីអាចទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេស សាលីក និងក្រុមកុមារផ្សេងទៀត ត្រូវរៀននិយាយភាសាបរទេសដោយខ្លួនឯង។ ប៉ុន្តែ កុមារា សាលីក មានលក្ខណៈពិសេសជាងគេ ព្រោះតែមានសមត្ថភាពចាប់យកភាសាបរទេសបានល្អ។ សមត្ថភាពនៃការនិយាយភាសាបរទេសរបស់ សាលីក កាន់តែរីកច្រើនឡើងៗដោយសារបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងអ្នកទេសចរបរទេសជារៀងរាល់ថ្ងៃ រហូតដល់អាចនិយាយបាន16ភាសា។
សាលីកបានឱ្យដឹងថា “ដំបូង ខ្ញុំរៀនភាសាអង់គ្លេសតិចតួច ប៉ុន្តែក្រោយមក ម្ដាយខ្ញុំបានបញ្ជូនខ្ញុំឱ្យទៅលក់នៅឯភ្នំបាក់ខែង ជាកន្លែងដែលមានអ្នកទេសចរជនជាតិចិនច្រើន ហើយខ្ញុំក៏ត្រូវរៀននិយាយជាមួយពួកគេ។ នៅពេលឃើញអ្នកទេសចរ ខ្ញុំចាប់ផ្ដើមច្រៀងដើម្បីទាក់ទាញពួកគេ”។
ភាពឆ្លាតវៃ និងភាពក្លាហានរបស់ សាលីក បានធ្វើឱ្យអ្នកទេសចរជាច្រើនចូលចិត្ត និងជួយទិញ។ ប្រាក់ដែលរកបាន សាលីក តែងតែប្រគល់ទាំងអស់ជូនម្ដាយដើម្បីចាត់ចែងទៅលើការសិក្សារបស់ សាលីក និងប្អូនប្រុសឈ្មោះ ធុច ទិត្យា។ សំណាងល្អសម្រាប់ សាលីក បានមកដល់ក្នុងឆ្នាំ2018 នៅពេលដែលបានជួបស្ត្រីអ្នកជំនួញជនជាតិម៉ាឡេស៊ី និងជា blogger ផ្នែកទេសចរណ៍ម្នាក់។
ស្ត្រីអ្នកជំនួញខាងលើមានការភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញសមត្ថភាពនៃការនិយាយភាសាបរទេសរបស់ សាលីក។ ស្ត្រីរូបនេះក៏បានថតសកម្មភាពដែល សាលីក និយាយជាភាសាចិន ជប៉ុន ថៃជាដើមបានយ៉ាងល្អ និងបានបង្ហោះវីដេអូនេះទៅក្នុងបណ្ដាញសង្គម Facebook។ វីដេអូនេះក៏ចាប់ផ្ដើមទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម ដែលកាលណោះមានអ្នកចូលមើលជាង1លាននាក់ និងចែករំលែករាប់ម៉ឺនលើក ក្នុងរយៈពេលតែ5ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានបង្ហោះ។
ធុច សាលីក ក៏ស្រាប់តែមានឈ្មោះល្បីល្បាញ និងមានសារព័ត៌មានជាច្រើនបាននាំគ្នាទៅសុំសម្ភាស និងរាយការណ៍។ នៅពេលត្រូវបានអ្នកយកព័ត៌មានរបស់ Channel News Asia សួរថា អាចនិយាយបានប៉ុន្មានភាសា សាលីក បានចាប់ផ្ដើមរាប់ និងឆ្លើយថា 16ភាសា រួមមាន ភាសាអាល្លឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ អង់គ្លេស ម៉ាឡេស៊ី រុស្ស៊ី ថៃ វៀតណាម កូរ៉េ ជប៉ុន និងភាសាតំបន់ចំនួន3ទៀតរបស់ប្រទេស (ចិនកុកងឺ ចិនក្វាងតុង ចិនហៃណាន)។
ជីវិតចាប់ផ្ដើមទទួលជោគជ័យ បន្ទាប់ពីបានល្បីឈ្មោះ
ក្រោយពីមានឈ្មោះល្បីល្បាញនៅលើបណ្ដាញសង្គម សាលីក ក៏ទទួលបានការអញ្ជើញឱ្យទៅទេសចរណ៍នៅប្រទេសចិន។ ទូរទស្សន៍ជាច្រើនបាននាំគ្នាផ្ដល់ជំនួយដល់គ្រួសាររបស់ សាលីក ក្នុងការទៅធ្វើជាភ្ញៀវនៃកម្មវិធីផ្សេងៗ។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំនួញ ស្ថាប័ន និងក្រុមមនុស្សធម៌ជាច្រើនបានជួយដល់កុមារារូបនេះ ក្នុងនោះក៏មានការសន្យាផ្ដល់ជំនួយឧបត្ថម្ភការសិក្សារបស់ សាលីក រហូតដល់រៀនចប់មហាវិទ្យាល័យទៀតផង។
ឆ្នាំ2019 សាលីក បានទៅសិក្សានៅប្រទេសចិនជាផ្លូវការនៅសាលាភាសាបរទេស Hailiang ក្នុងខេត្ត Zhejiang។ លោកឧកញ៉ា ឃិត ឈឿន ដែលជាអគ្គនាយកផ្សារ KC គឺជាអ្នកឧបត្ថម្ភធំដល់កុមារា សាលីក។
ទៅដល់ប្រទេសចិន នៅពេលចុះពីយន្តហោះភ្លាម សាលីក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសិស្ស និងគ្រូបង្រៀនជាច្រើននៃសាលា Hailiang។ សាលីក ថែមទាំងទទួលបានបាច់ផ្កា និងការរាំច្រៀងទទួលស្វាគមន៍ទៀតផង។ បន្ទាប់ពីបានចូលរៀន សាលីក ស្នាក់នៅក្នុងបន្ទប់អន្តេវាសិកដ្ឋានជាមួយសិស្សជនជាតិកូរ៉េខាងត្បូងម្នាក់។
បច្ចុប្បន្ន សាលីក កំពុងប្រឹងប្រែងសិក្សាខ្លាំងណាស់ ហើយប្អូនក៏មានបំណងប្រឡងចូលសាកលវិទ្យាល័យប៉េកាំងផងដែរ។ សាលីក ប្រាប់ថា “ប្អូនចូលចិត្តសាលារៀនខ្លាំងណាស់។ ប្អូនដឹងថា អក្សរចិនពិតជាពិបាកសរសេរ ប៉ុន្តែការនិយាយវិញ ប្អូនមិនបានជួបការលំបាកអ្វីនោះទេ។ ផ្នែកគណិតវិទ្យា និងភាសាអង់គ្លេសក៏មិនមានបញ្ហាដែរ”។
មិត្តភក្ដិក្នុងសាលារៀននេះ អ្នកណាៗក៏ស្រលាញ់ចូលចិត្តសាលីក។ សិស្សជនជាតិចិនម្នាក់បានសម្ដែងចំណាប់អារម្មណ៍ថា “ប្អូនចង់រៀនសូត្រពី សាលីក។ សាលីក ពិតជាអស្ចារ្យណាស់។ គេចេះច្រើនភាសា។ ស្ថានភាពរបស់ប្អូនល្អជាង សាលីក ឆ្ងាយណាស់ ប៉ុន្តែបែរជារៀនមិនបានល្អដូច សាលីក”។
ក្រៅពីជនជាតិចិន សាលីក ក៏មានមិត្តភក្ដិជាជនជាតិកូរ៉េខាងត្បូងដែរ។ សាលីក តែងតែលេងបាល់ទះ និងបាល់បោះជាមួយអ្នកគ្រប់គ្នាក្រោយពីចប់ម៉ោងសិក្សា បើទោះជាមានរូបរាង “តូច ស្គម” ជាងមិត្តភក្ដិផ្សេងៗក៏ដោយ។ លោក ហានណា វ៉ាង (Hannah Wang) ដែលជាគ្រូរបស់ សាលីក ឱ្យដឹងថា “សិស្សម្នាក់នេះពិតជាស្ដាប់បង្គាប់ និងឧស្សាហ៍រៀនសូត្រណាស់។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា សាលីក នឹងកែលម្អទម្លាប់ហូបចុក គេគួរតែហូបឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពបានប្រសើរឡើង”។
ចំណែកក្រុមគ្រួសាររបស់ ធុច សាលីក វិញ សមាជិកគ្រួសារទាំងអស់បានមករស់នៅក្នុងក្រុងភ្នំពេញ ដោយមានការជ្រោមជ្រែករបស់ក្រុមអ្នកឧបត្ថម្ភ និងស្ថាប័នមនុស្សធម៌នានា។ នៅភ្នំពេញ ពួកគេបន្តមុខរបរលក់គ្រឿងអលង្ការឱ្យភ្ញៀវទេសចរ៕