បណ្ដុំពពកយក្សដែលមានរូបរាងស្រដៀងទៅនឹងដង្កូវយក្សមួយក្បាល កំពុងតែស្រូបទាញយកវត្ថុធាតុអវកាសដើម្បីក្លាយជាផ្កាយថ្មីមួយដួង។
តើដង្កូវយក្សដែលកំពុងលេបយកវត្ថុអវកាសដ៏ធំមហិមា និងមានប្រវែងដល់ទៅ9.7លានលាន (9,700,000,000,000) គីឡូម៉ែត្រនេះគឺជាអ្វីឱ្យប្រាកដ?
វត្ថុធាតុនេះត្រូវបានគេដាក់រហ័សនាមឱ្យថា “ដង្កូវអវកាស”។ “ដង្កូវអវកាស” នេះ គឺជាបណ្ដុំពពកដ៏ធំមហិមា និងត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះជាផ្លូវការថា IRAS 20324+4057។
IRAS 20324+4057 កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការកកើតជាផ្កាយ (ផ្កាយគឺជាព្រះអាទិត្យដែលដូចទៅនឹងព្រះអាទិត្យរបស់មនុស្សនាបច្ចុប្បន្ន)។ មានន័យថា វាមិនទាន់ក្លាយជាផ្កាយមួយដួងនៅឡើយ។
វត្ថុអវកាសនេះកំពុងតែរីកមាឌដោយការប្រមូលនិងលេបយករាល់វត្ថុដែលនៅជុំវិញផ្កាយមហាក្ដៅចំនួន65ដួងដែលស្ថិតក្នុងកញ្ចុំផ្កាយ Cygnus OB2 ដែលមានទីតាំងនៅមិនឆ្ងាយពី “ដង្កូវអវកាស” នេះ។
កញ្ចុំផ្កាយ Cygnus OB2 ដែលកំពុងបញ្ចេញកម្ដៅខ្លាំង បង្កើតបានជាខ្យល់ផ្កាយដ៏សាហាវជាមួយនឹងវិទ្យុសកម្មអ៊ុលត្រាវីយ៉ូឡេត (ultraviolet radiation) ដ៏មហាសាល បណ្ដាលឱ្យបណ្ដុំពពកយក្ស IRAS 20324+4057 នេះ ប្រែរូបរាងទៅជាវែងអន្លាយយ៉ាងដូច្នេះ។ ប្រការនេះក៏កំពុងតែរារាំងដំណើរការនៃការប្រមូលលេបវត្ថុធាតុអវកាសនានារបស់ IRAS 20324+4057។
អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ពេលវាលនឹងអាចឆ្លើយទៅនឹងសំណួរដែលសួរថា “តើបណ្ដុំពពកយក្សនេះ អាចប្រមូលបានវត្ថុធាតុចាំបាច់គ្រប់គ្រាន់ក្នុងការវិវឌ្ឍខ្លួនទៅជាផ្កាយមួយដួងបានដែរ ឬយ៉ាងណា?”។
ប្រភព៖ សារព័ត៌មានបរទេស