ប៉ូលិសអូស្ត្រាលី បានបង្ហើបឱ្យដឹងថា ក្រុមនិស្សិតជនជាតិចិននៅក្នុងទីក្រុងស៊ីដនី កំពុងក្លាយជាមុខសញ្ញារបស់ក្រុមជនពាល ដែលបោកប្រាស់ និងបង្ខំឱ្យរៀបចំឆាកបន្លំធ្វើជា ខ្លួនឯងត្រូវពួកជនពាលចាប់ជំរិត ហើយផ្ញើឃ្លិបវីដេអូទៅឱ្យក្រុមគ្រួសារនៅឯប្រទេសចិន ដើម្បីជំរិតទារប្រាក់ថ្លៃដោះលែងក្នុងចំនួនដ៏ច្រើន។
ជាពិសេស ក្នុងឆ្នាំនេះ មានការដាក់ពាក្យបណ្ដឹងក្នុងលក្ខណៈបែបនេះចំនួន 8នាក់រួចមកហើយ ដោយជនរងគ្រោះម្នាក់ បានបង់ប្រាក់ថ្លៃដោះលែងកូនរបស់ខ្លួន ទៅឱ្យជនល្មើសចំនួន 2លានដុល្លារអូស្ត្រាលី។ ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះសុខចិត្តបង់ប្រាក់ថ្លៃដោះលែង ក៏ព្រោះតែជឿថា កូនចៅជាទីស្រឡាញ់របស់ខ្លួន កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
ប៉ូលិសរដ្ឋ នីវសៅថ៍វេលស៍ ថែមទាំងបញ្ជាក់ទៀតថា ការបោកប្រាស់ក្នុងលក្ខណៈនេះ “បានកើនឡើងច្រើន ពេញមួយពាក់កណ្ដាលឆ្នាំ2020នេះ” និងធ្វើឡើងជា “ប្រព័ន្ធដ៏ធំមួយ” ដូច្នេះហើយទើបសំណូមពរឱ្យនិស្សិតដែលបានទទួលទូរស័ព្ទគំរាមក្នុងលក្ខណៈបែបនេះ ប្រញាប់ចូលមកប្ដឹងប៉ូលិសភ្លាមៗកុំបង្អង់យូរ។
តើពួកក្រុមបោកប្រាស់នោះធ្វើបែបណា?
អាជ្ញាធរអូស្ត្រាលី បានបញ្ជាក់ថា ប្រព័ន្ធបោកប្រាស់ “បែបក្រុម ខល សិនធើរ៍” នេះ មានមូលដ្ឋានប្រតិបត្តិការនៅក្រៅប្រទេស ដែលធ្វើឱ្យពិបាកតាមដាន ដោយជាទូទៅ ជនល្មើសប្រភេទនេះ ច្រើនតែអះអាងថា ខ្លួនជាមន្ត្រីមកពីស្ថានទូតចិន ឬជាអាជ្ញាធរនៃរដ្ឋផ្សេងៗ ហើយទូរស័ព្ទទៅរកជនរងគ្រោះ ដោយឱ្យដំណឹងថា ជនរងគ្រោះមានចំណែកពាក់ព័ន្ធនឹងការបង្កបទឧក្រិដ្ឋនៅក្នុងប្រទេសចិន ឬកំពុងប្រឈមនឹងការបៀតបៀនផ្សេងៗ។
បន្ទាប់ពីនោះ ជនល្មើស ដែលភាគច្រើនចេះនិយាយភាសាចិនកណ្ដាល ច្រើនតែបញ្ជាឱ្យនិស្សិតរងគ្រោះ បង់ថ្លៃឃុំគ្រង ដើម្បីកុំឱ្យត្រូវអាជ្ញាធរចាប់ឃុំខ្លួន ឬចាប់បញ្ជូនត្រឡប់ទៅប្រទេសវិញ។
ក្នុងករណីខ្លះ និស្សិតទាំងនោះ ថែមទាំងត្រូវបោកប្រាស់ឱ្យឈប់ទាក់ទងទៅក្រុមគ្រួសារ និងមិត្តភក្តិ និងឱ្យទៅជួលបន្ទប់ស្នាក់នៅឯសណ្ឋាគារ ហើយបោកប្រាស់ឱ្យរៀបចំឆាក ថតរូប ឬវីដេអូ ធ្វើឱ្យគេជឿថា ខ្លួនឯងកំពុងត្រូវជនល្មើសចាប់ជំរិត ដើម្បីទារប្រាក់ថ្លៃដោះលែងពីក្រុមគ្រួសារ។
ជនរងគ្រោះម្នាក់ ដែលជាឪពុករបស់និស្សិតរងគ្រោះម្នាក់ បានចាយប្រាក់ថ្លៃដោះលែងកូនរបស់គាត់ ជាង 2លានដុល្លារអូស្ត្រាលី ក្រោយពីបានទទួលឃ្លិបវីដេអូដែលបង្ហាញឱ្យឃើញថា កូនស្រីរបស់ខ្លួនកំពុងស្ថិតក្នុងសភាពត្រូវគេចាប់ចង ញ៉ុកក្រណាត់បិទមាត់ និងចងដៃ ចងជើង នៅក្នុងកន្លែងដែលមិនស្គាល់ទីតាំង។
បន្ទាប់ពីនោះ បុរសជាឪពុក បានទាក់ទងទៅប៉ូលិសក្រុងស៊ីដនី និងបន្ទាប់ពីការស្វែងរកប្រមាណជា 1ម៉ោងក្រោយមក ក៏រកឃើញថា និស្សិតស្រីម្នាក់នោះមានសុវត្ថិភាព កំពុងស្ថិតនៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុងស៊ីដនី។
ចំណែកជនរងគ្រោះដទៃទៀត បានប្ដឹងទៅប៉ូលិសក្នុងឆ្នាំនេះថា ពួកគេបានបង់ប្រាក់ទៅឱ្យក្រុមបោកប្រាស់ទាំងនោះ ក្នុងចន្លោះពី 20,000-300,000ដុល្លារអូស្ត្រាលី។
លោក ដារេន បិនណិតត៍ មេបញ្ជាការកងស៊ើបអង្កេតរបស់ប៉ូលិសរដ្ឋនីវសៅថ៍វេលស៍ បានថ្លែងថា គ្រួសារខ្លះ សុខចិត្តបង់ប្រាក់ទាំងអស់ដែលពួកគេមាន ឱ្យទៅពួកក្រុមប្រព័ន្ធបោកប្រាស់នេះ ដើម្បីសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់។
ក្នុងករណីជាច្រើន ក្រោយប៉ូលិសបានទទួលការផ្ដល់ដំណឹង ក៏រកឃើញជនរងគ្រោះក្នុងសភាពដែលមានសុវត្ថិភាពនៅថ្ងៃតមក និងជាញឹកញាប់ណាស់ ដែលជនរងគ្រោះមានអារម្មណ៍ខ្មាស់គេ និងខ្មាស់ខ្លួនឯង រហូតមិនហ៊ានចូលទៅប្ដឹងប៉ូលិស។
ប៉ូលិសរដ្ឋនីវសៅថ៍វេលស៍ បញ្ជាក់ថា “ជនរងគ្រោះនៃការរៀបចំឆាកចាប់ជំរិតទារប្រាក់ ដែលយើងរកឃើញ បានទទួលការឈឺចាប់ខាងផ្លូវចិត្តពីហេតុការណ៍ដែលកើតឡើងនេះ ដោយជឿថា ពួកគេបានធ្វើឱ្យខ្លួនឯង និងបុគ្គលដែលជាទីស្រឡាញ់ ធ្លាក់ក្នុងគ្រោះថ្នាក់មែនទែន”
ហេតុអ្វី បានជាមនុស្សម្នាលង់ជឿ?
ប៉ូលិសបានបញ្ជាក់ថា ការបោកប្រាស់ក្នុងលក្ខណៈនេះ ពួកគេធ្វើក្នុងលក្ខណៈជាប្រព័ន្ធធំមួយ និងមើលទៅហាក់ដូចជាប្រើការទូរស័ព្ទស្វ័យប្រវត្តិ ស្វែងរកគ្រប់មនុស្សនៅក្នុងបញ្ជីលេខទូរស័ព្ទដែលមាននាមត្រកូលចិន។
លោកមេបញ្ជាការ បិនណិតត៍ ថ្លែងថា “ពួកនេះបង់សំណាញ់រកចាប់ជនរងគ្រោះជារង្វង់ធំមួយ និងទោះជាបានជនរងគ្រោះដែលលង់ជឿមិនប៉ុន្មាននាក់មែន តែក៏ទទួលបានប្រាក់យ៉ាងច្រើនដែរ”
ក្រៅពីនេះ លោកបានចង្អុលបង្ហាញថា ការបោកប្រាស់ក្នុងលក្ខណៈនេះ កំពុងកើនឡើងខ្ពស់ ក្នុងអំឡុងប៉ុន្មានខែកន្លងមកនេះ ដោយ “ស្ទើរតែគ្រប់សប្ដាហ៍ យើងមានអ្នកធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកប្រាស់បែបនេះ”
ក្រុមអ្នកជួយសង្គ្រោះផ្នែកច្បាប់ដល់ក្រុមនិស្សិតបរទេសក្នុងប្រទេសអូស្ត្រាលី បញ្ជាក់ថា និស្សិត 1ក្រុមនេះ មានភាពប្រថុយប្រថានកើនឡើងក្នុងអំឡុងពេលដែលកើតវិបត្តិជំងឺកូវីដ-19 ដោយសារតែការដែលពួកគេត្រូវពឹងលើការធ្វើការងារបណ្ដោះអាសន្ន និងមិនបានទទួលការឃុំគ្រងអំពីរដ្ឋ។
ខណៈដែលប៉ូលិសបញ្ជាក់ថា “បច្ច័យផ្នែកវប្បធម៌” រួមទាំងការរស់នៅយ៉ាងឯការបស់និស្សិតបរទេស ធ្វើឱ្យពួកគេធ្លាក់ខ្លួនក្លាយជាមុខសញ្ញារបស់ជនពាល បានយ៉ាងងាយ។
លោក បិនណិតត៍ ប្រាប់ថា ជនរងគ្រោះទាំងនេះ អាចត្រូវពង្វក់ឱ្យធ្វើរឿងដែលហួសវិស័យ ដូចជា ការរៀបចំឆាកការចាប់ពង្រត់ជំរិតខ្លួនឯង ព្រោះពួកគេបានធ្លាក់ខ្លួនស្ថិតក្រោម “ការគ្រប់គ្រងខាងផ្លូវចិត្ត” របស់ជនល្មើស។
ប៉ូលិសនីវសៅថ៍វេលស៍ បានណែនាំថា “មានរឿងសំខាន់ 2ប្រការ ដែលនិស្សិតបរទេសអាចធ្វើបាន ដើម្បីការពារខ្លួនឯងពីឧក្រិដ្ឋជនប្រភេទនេះ គឺទី1-ដឹងថាមានការបោកប្រាស់ក្នុងរូបបែបហ្នឹង។ ទី2-សុំការជួយសង្គ្រោះតាំងពីពេលដំបូងៗភ្លាម បើសង្ស័យថា ខ្លួនឯង ឬអ្នកដែលយើងស្គាល់កំពុងប្រឈមនឹងការបោកប្រាស់បែបនេះ។
ក្រៅពីនៅក្នុងប្រទេសអូស្ត្រាលីហើយ នៅមានរបាយការណ៍ អំពីហេតុការណ៍បោកប្រាស់ក្នុងលក្ខណៈនេះ នៅក្នុងប្រទេសនីវហ្ស៊ីលែនដ៍ និងសហរដ្ឋអាមេរិក ដូចគ្នា៕
ប្រភព៖ សារព័ត៌មានបរទេស