កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលកម្ទេចគំរូនាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង នៅក្នុងសមយុទ្ធយោធារបស់ខ្លួននៅលើឆកសមុទ្រ Hormuz កាលពីម្សិលមិញ។
វីដេអូដែលថតសកម្មភាពសមយុទ្ធដែលមានឈ្មោះថា “Great prophet 14” បានបង្ហាញថា កងកម្លាំងពិសេសអ៊ីរ៉ង់ ប្រើប្រាស់ទូកល្បឿនលឿនឡោមព័ន្ធគំរូនាវាផ្ទុកយន្តហោះអាមេរិក។ កម្លាំងពិសេសនេះក៏បានធ្វើសមយុទ្ធសម្រុកចូលទៅគ្រប់គ្រងនាវានេះដោយប្រើឧទ្ធម្ភាគចក្រ ការចូលគ្រប់គ្រងពីលើផ្ទៃទឹក និងពីក្រោមទឹក។ ក្រោយមក ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) ក៏បានបាញ់គ្រាប់រ៉ុកកែតតម្រង់គំរូនាវានេះ។
សមយុទ្ធនេះត្រូវបានធ្វើឡើងនៅក្បែរឆកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់ ជាកន្លែងដែលទំនិញប្រេងប្រមាណជា1/5នៃពិភពលោក ត្រូវនាំឆ្លងកាត់។ សមយុទ្ធនេះ ត្រូវបានបង្កើតឡើងនៅក្នុងគ្រាដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនទាន់មានសញ្ញាថមថយនៅឡើយ។
កងទ័ពអ៊ីរ៉ង់ថែមទាំងហាត់បាញ់រ៉ុកកែតសំដៅយន្តហោះគ្មានមនុស្សបើក នៅក្បែរតំបន់ទីក្រុង Bandar Abbas ផងដែរ។ ក្រៅពីនេះក៏មានការហាត់បាញ់រ៉ុកកែតចេញពីរថយន្តដឹកទំនិញ ពីទូកល្បឿនលឿន និងពីប្រព័ន្ធរ៉ុកកែតស្ពាយលើស្មាជាដើម។
មេបញ្ជាការរង ទទួលបន្ទុកបេសកកម្ម Abbas Nilforoushan ថ្លែងថា “កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ប្រើប្រាស់កាំជ្រួចផ្លោងរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបាញ់ចាំគោលដៅនៅលើផ្ទៃទឹករបស់សត្រូវឈ្លានពាននៅទីឆ្ងាយ នៅក្នុងសមយុទ្ធនេះ”។
សមយុទ្ធមួយនេះត្រូវបានគេមើលឃើញថា ជាការព្រមានអំពីហានិភ័យនៃការផ្ទុះអាវុធដាក់គ្នារវាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងតំបន់ផ្លូវនាវាចរណ៍ដែលកប៉ាល់ដឹកប្រេងនានាឆ្លងកាត់។ កាលពីពាក់កណ្ដាលឆ្នាំ2019 កប៉ាល់ដឹកប្រេងមួយចំនួនដែលឆ្លងកាត់តំបន់ឆកសមុទ្រ Hormuz ត្រូវរងការវាយប្រហារ។ សហរដ្ឋអាមេរិកបានចោទអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែត្រូវបានអ៊ីរ៉ង់ច្រានចោល។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានចាប់ផ្ដើមកើនកម្ដៅខ្លាំងបន្ទាប់ពីប្រធានាធិបតិ Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអែររវាងអាមេរិកនិងអ៊ីរ៉ង់កាលពីឆ្នាំ2018។ អ៊ីរ៉ង់ក៏ធ្លាប់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់សហរដ្ឋអាមេរិកផងដែរកាលពីខែមិថុនា2019 ដែលហេតុការណ៍នេះវិះនឹងបញ្ឆេះសង្គ្រាមរវាងប្រទេសទាំង2ទៀតផង។
ការស្អប់ខ្ពើមគ្នារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានកើនកម្ដៅថែមមួយកម្រិតទៀត បន្ទាប់ពីឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកងកម្លាំងពិសេស Quds របស់ IRGC ត្រូវបានធ្វើឃាតនៅប្រទេសអ៊ីរ៉ាក់កាលពីខែមករា។ បញ្ហាថ្មីៗនេះបំផុតនោះគឺករណីដែល IRGC បញ្ជូនទូកល្បឿនលឿនទៅក្បែរនាវាចម្បាំងសហរដ្ឋអាមេរិក និងករណីយន្តហោះ F-15 ហោះទៅក្បែរយន្តហោះដឹកអ្នកដំណើររបស់អ៊ីរ៉ង់នៅលើដែនអាកាសប្រទេសស៊ីរី៕
ប្រភព៖ សារព័ត៌មានបរទេស