មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក បានប្រាប់ឱ្យដឹងកាលពីថ្ងៃសុក្រ(ទី24កក្កដា)ម្សិលមិញថា ការបិទស្ថានកុងស៊ុលចិនក្នុងទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ គឺជាការផ្ញើសារទៅកាន់ក្រុងប៉េកាំង ឱ្យបញ្ឈប់ប្រតិបត្តិការផ្សេងៗក្នុងការលួចការសម្ងាត់ខាងវិទ្យាសាស្ត្រ និងតិចណូឡូជីរបស់អាមេរិក។
មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះរូបនោះ បានថ្លែងថា “វាដល់ពេលដែលអ្នកត្រូវតែនិយាយថា ល្មមហើយ! ព្រោះក្រុងប៉េកាំងបានប្រព្រឹត្តល្មើសយ៉ាងអាក្រក់បំផុតចំពោះសង្គមអាមេរិក ដែលអាចចូលដល់បានយ៉ាងឥស្សរៈ និងសេរីបំផុត ដោយការគ្រប់គ្រងប្រតិបត្តិការផ្សេងៗ សម្រាប់លួចទ្រព្យសម្បត្តិខាងបញ្ញា របស់សហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយការបិទស្ថានកុងស៊ុលក្នុងក្រុងហ៊ូស្តុននេះ គឺជាការបង្ហាញឱ្យដឹងយ៉ាងម៉ឺងម៉ាត់ថា យើងនឹងធ្វើមែនទែនប៉ុនណា”
កាលពីថ្ងៃអង្គារ(ទី21កក្កដា) ក្រសួងការបរទេសអាមេរិក បានចេញបញ្ជា បិទស្ថានកុងស៊ុលរបស់ចិន នៅក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋតិចសាស់ ដោយទុកពេលឱ្យក្រុងប៉េកាំងរហូតដល់ថ្ងៃសុក្រ(ទី24កក្កដា) សម្រាប់ការបិទស្ថានកុងស៊ុននេះជាស្ថាពរ។
ទីភ្នាក់ងារព័ត៌មាន អា អេហ្វ ប៉េ បានរាយការណ៍ថា គេបានមើលឃើញរថយន្តភិកអាប់បើកចេញ-ចូលទាំងយប់ទាំងថ្ងៃ ដើម្បីដឹកជញ្ជូនវត្ថុរបស់របរ និងឧបករណ៍ផ្សេងៗ ហើយនៅថ្ងៃពុធ(ទី22កក្កដា) គេមើលឃើញមានផ្សែងខ្មៅអណ្ដែតឡើងចេញពីតួអគារ ដែលគេសន្និដ្ឋានថា បណ្ដាក្រុមមន្ត្រីចិនកំពុងដុតឯកសារមួយចំនួនចោល។
នៅព្រឹកថ្ងៃសុក្រ(ទី24កក្កដា) គេមើលឃើញក្រុមមន្ត្រីចិនជាច្រើននាក់ ដោយទាំងអស់មានពាក់ម៉ាស់អនាម័យការពារវីរុសផង កំពុងលើកថង់ធំៗឡើងរថយន្តដឹកជញ្ជូន តែមានមួយចំនួន ត្រូវបានបោះចោលទៅក្នុងធុងសំរាមដែលនៅក្បែរនោះ។
មន្ត្រីនៃក្រសួងយុត្តិធម៌ដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា ក្នុងខណៈដែលសហរដ្ឋអាមេរិកធ្លាប់បានគិតរួចស្រេចទៅហើយថា ប្រហែលជាត្រូវជួបនឹងការធ្វើចារកម្ម និងការលួចទ្រព្យសម្បត្តិខាងបញ្ញា ពីបណ្ដាអ្នកការទូតបរទេសនោះ តែសកម្មភាពរបស់ស្ថានកុងស៊ុលចិននៅទីក្រុងហ៊ូស្តុន បាន “ធ្វើល្មើសហួសហេតុពេក។
ក្នុងនោះរួមទាំងករណីដែលពួកគេបានបញ្ជាឱ្យបណ្ដាពួកនិស្សិត និងអ្នកស្រាវជ្រាវរបស់ចិន រិះរកវិធីចូលឱ្យដល់ទិន្នន័យព័ត៌មាន និងតិចណូឡូជី ក្នុងរូបបែបណាមួយក៏បាន កេណ្ឌប្រមូលប្រជាជនអាមេរិកឱ្យចូលរួមក្នុងគ្រោងការតិចណូឡូជីរបស់ពួកគេ និងតម្រង់គោលដៅចាត់ការជនជាតិចិនក្រុមប្រឆាំងរដ្ឋាភិបាល ដែលស្នាក់នៅក្នុងប្រទេសអាមេរិកទៀតផង។
ជាការឆ្លើយតបនឹងរឿងនេះ កាលពីថ្ងៃសុក្រ(ទី24កក្កដា) ក្រុងប៉េកាំងបានចេញបញ្ជាឱ្យសហរដ្ឋអាមេរិក បិទស្ថានកុងស៊ុលនៅក្នុងទីក្រុងឈឹងទូ មណ្ឌលសេឆួន ដូចគ្នា៕
ប្រភព៖ សារព័ត៌មានបរទេស