បុរសមួយក្រុមដែលអាចជាសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក បានទម្លុះទ្វារក្រោយរបស់ស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston បន្ទាប់ពីអគារនេះបានបិទទ្វារកាលពីថ្ងៃទី24កក្កដាកន្លងទៅ។
ក្រុមបុរសនេះបានកិបសោទ្វារផ្នែកខាងមុខរបស់អគារស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ក្រោយពីស្ថាប័នការទូតនេះបានបិទទ្វារកាលពីវេលាម៉ោង16ល្ងាចនៃថ្ងៃទី24កក្កដា (ម៉ោង4ព្រឹកនៃថ្ងៃទី25កក្កដានៅកម្ពុជា)។ បន្ទាប់មកទៀត ក្រុមមនុស្សនេះក៏បានបំផ្លាញទ្វារខាងក្រោយរបស់អគារ និងនាំគ្នាចូលទៅខាងក្នុង។ ពួកគេមិនបានឆ្លើយតប់អ្វីនោះទេ នៅពេលក្រុមយកព័ត៌មាននៅកន្លែងកើតហេតុ បានសួររកអត្តសញ្ញាណ។
នៅពេលក្រុមបុរសនោះចូលទៅខាងក្នុង គេឃើញមានមនុស្ស2នាក់ដែលស្លៀកពាក់ឯកសណ្ឋានជាបុគ្គលិកនៃនាយកដ្ឋានសន្តិសុខការបរទេសសហរដ្ឋអាមេរិក ក៏បានបង្ហាញខ្លួន ឈរយាមនៅខាងក្រៅទ្វារនៃអគារស្ថានអគ្គកុងស៊ុលចិន។ ក្រុមបុគ្គលិកនេះក៏មិនបានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាននោះដែរ។
ទាក់ទងនឹងករណីនេះ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីងតោន និងក្រសួងការបរទេសសហរដ្ឋអាមេរិក មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។
សាក្សីម្នាក់បានប្រាប់ឱ្យដឹងថា បុគ្គលិករបស់ស្ថានអគ្គកុងស៊ុលចិន បានឡើងរថយន្តចាកចេញពីអគារនេះកាលពីវេលាម៉ោងប្រមាណជា16 នៅមុនពេលទ្វារក្រោយត្រូវបានគេបំផ្លាញ។
សូមរំឭកថា កាលពីថ្ងៃទី21កក្កដា សហរដ្ឋអាមេរិកបានបញ្ជាឱ្យបិទទ្វារស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston ដោយទុកពេលឱ្យ72ម៉ោងដើម្បីចាកចេញ ក្រោមហេតុផលថា “ដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ពលរដ្ឋអាមេរិកាំង”។
កាលពីថ្ងៃទី24កន្លងទៅ ក្រុមមន្ត្រីចិនក៏បានបញ្ជាឱ្យបិទទ្វារស្ថានអគ្គកុងស៊ុលអាមេរិកាំងនៅទីក្រុង Chengdu ក្នុងខេត្ត Sichuan ដើម្បីសងសឹកនឹងទង្វើរបស់សហរដ្ឋអាមេរិក។
ភាពតានតឹងរវាងចិននិងអាមេរិកាំងបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ទាក់ទិននឹងរឿងរ៉ាវជាច្រើន តាំងពីបញ្ហា COVID-19 បញ្ហាហុងកុង បញ្ហា Xinjiang សមុទ្រចិនខាងត្បូង និងតៃវ៉ាន់ជាដើម។ល។