មន្ត្រីរដ្ឋាភិបាលចិន បានស្នើឱ្យបិទស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅ Chengdu ដែលជាទីក្រុងធំរបស់ខេត្ត Sichuan ដើម្បីឆ្លើយតបទៅនឹងការដែលសហរដ្ឋអាមេរិកបញ្ជាឱ្យបិទស្ថានអគ្គកុងស៊ុលចិននៅ Houston។
“ក្រសួងការបរទេសចិនបានប្រកាសជូនដំណឹងទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសចិនអំពីសេចក្ដីសម្រេចដកហូតលិខិតអនុញ្ញាតឱ្យបង្កើតនិងដំណើរការស្ថានអគ្គកុងស៊ុលអាមេរិកាំងនៅទីក្រុង Chengdu។ ក្រសួងក៏បានលើកឡើងអំពីការស្នើជាក់លាក់ផងដែរអំពីការបញ្ឈប់រាល់សកម្មភាពរបស់ស្ថានកុងស៊ុល” នេះបើតាមសេចក្ដីប្រកាសក្នុងថ្ងៃនេះរបស់ក្រសួងការបរទេសចិន។
ក្រសួងការបរទេសចិនបានឱ្យដឹងថា នេះគឺជាវិធានការឆ្លើយតបដ៏ចាំបាច់ចំពោះ “ទង្វើមិនសមហេតុផលរបស់សហរដ្ឋអាមេរិក និងសមស្របជាមួយនឹងច្បាប់អន្តរជាតិ បទដ្ឋានជាមូលដ្ឋាននានានៃទំនាក់ទំនងអន្តរជាតិ និងទម្លាប់ធម្មតានៃការទូត”។
សកម្មភាពនេះរបស់ចិន ត្រូវបានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី21កក្កដាបានស្នើឱ្យបិទស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston ដោយទុកពេលឱ្យ72ម៉ោង ក្នុងអ្វីដែលសហរដ្ឋអាមេរិកយល់ថា ដើម្បី “ការពារកម្មសិទ្ធិបញ្ហា និងព័ត៌មានឯកជនរបស់ពលរដ្ឋអាមេរិកាំង” និងបានចោទស្ថានអគ្គកុងស៊ុលចិននេះថាជា “មជ្ឈមណ្ឌលចារកម្មរបស់កងទ័ពចិន”។
ស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុង Chengdu បានបើកដំណើរការតាំងពីឆ្នាំ1985 និងមានសារសំខាន់ជាយុទ្ធសាស្ត្រ ព្រោះថាទទួលខុសត្រូវរាល់បេសកកម្មផ្នែកកុងស៊ុលនៅទូទាំងតំបន់ភាគនិរតីនៃប្រទេសចិន ដែលរួមមានខេត្ត Sichuan, Yunnan, Guizhou, Tibet និង Chongqing។ នេះក៏ជាមូលដ្ឋាននៃការបរទេសដែលមានសារសំខាន់របស់សហរដ្ឋអាមេរិក ដោយសារវាទាក់ទិននឹងតំបន់ Tibet។ ស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុង Chengdu នៃប្រទេសចិន បច្ចុប្បន្នមានបុគ្គលិកប្រមាណជា200នាក់ ក្នុងនោះមានបុគ្គលិកជាជនជាតិចិនចំនួន150នាក់ផងដែរ។
ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកកំពុងតែស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងអំឡុងច្រើនឆ្នាំមកនេះ។ ភាពតានតឹងបានកើតឡើងដោយសារបញ្ហាជាច្រើន មានដូចជា បញ្ហា COVID-19 បញ្ហាហុងកុង បញ្ហាតំបន់ Xinjiang និងសង្គ្រាមពាណិជ្ជកម្មជាដើម៕
ប្រភព៖ AFP/SCMP