នាវាផ្ទុកយន្តហោះចម្បាំងជំនាន់ថ្មី John F. Kennedy ត្រូវបានឆាប់ឆេះនៅពេលកំពុងសាងសង់ ប៉ុន្តែអណ្ដាតភ្លើងត្រូវបានពន្លត់ទាន់ពេល និងមិនបានបង្កគ្រោះថ្នាក់ដល់ជីវិត ឬការខូចខាតធ្ងន់ធ្ងរនោះទេ។
ក្រុមបុគ្គលិកនៅក្នុងរោងសាងសង់នាវា Newport News ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី20កក្កដា ទទួលបានព័ត៌មានអំពីករណីឆាប់ឆេះនៅលើនាវាផ្ទុកយន្តហោះចម្បាំង John F. Kennedy ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់។ នេះបើតាម Duane Bourne អ្នកនាំពាក្យរបស់រោងសាងសង់នាវា ដែលបានឱ្យដឹងកាលពីថ្ងៃទី22កក្កដា។
កងកម្លាំងសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់អគ្គិភ័យ ខណៈបុគ្គលិកលើនាវាក៏ត្រូវបានជម្លៀសចេញជាបន្ទាន់ដោយសារមានផ្សែងច្រើនពេក។ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែនាវានាបានរងការខូចខាតមួយចំនួននៅត្រង់ចំណុចមានភ្លើងឆេះ។
លោក Bourne បានឱ្យដឹងថា “សកម្មភាពសាងសង់ផ្សេងៗត្រូវបានពន្យារពេលដើម្បីស្រាវជ្រាវរកមូលហេតុ និងដើម្បីត្រួតពិនិត្យលើស្ថានភាពសន្តិសុខ សុវត្ថិភាព និងការត្រៀមវិធានការទប់ស្កាត់អគ្គិភ័យ។ កងទ័ពសហរដ្ឋអាមេរិក និងភាគីរោងសាងសង់នាវា Newport News នឹងដំណើរការសកម្មភាពសាងសង់នាវានេះឡើងវិញ ក្រោយពីការស្រាវជ្រាវបានបញ្ចប់ និងវិធានការកែលម្អត្រូវបានអនុវត្ត”។
នេះគឺជាករណីឆាប់ឆេះនាវាចម្បាំងនៅក្នុងរោងចក្រទី3របស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងរយៈពេលតែ2សប្ដាហ៍ប៉ុណ្ណោះ ក្រោយពីមានករណីអគ្គិភ័យនៅលើនាវាចម្បាំង USS Bonhomme Richard កាលពីថ្ងៃទី12កក្កដា និងករណីឆេះមួយទៀតនៅលើនាវា USS Kearsarge កាលពីថ្ងៃទី17កក្កដា។
John F. Kennedy គឺជានាវាទី2ក្នុងប្រភេទ Ford ដែលជានាវាផ្ទុកយន្តហោះខ្នាតយក្សជំនាន់ថ្មីរបស់សហរដ្ឋអាមេរិក។ នាវានេះត្រូវបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ2015 និងបានដាក់ចូលទៅផែអណ្ដែតកាលពីចុងឆ្នាំ2019 ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលបំពាក់ឧបករណ៍ផ្សេង៕
ប្រភព៖ USNI