ប្រទេសចិនកំពុងតែពន្លឿនដំណើរការដើម្បីបិទស្ថានកុងស៊ុលអាមេរិកាំងនៅទីក្រុង Chengdu ដើម្បីឆ្លើយតបនឹងការដែលទីក្រុងវ៉ាស៊ីងតោនបញ្ជាឱ្យបិទស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston រដ្ឋ Texas។
សហរដ្ឋអាមេរិកមានស្ថានកុងស៊ុលចំនួន5នៅលើទឹកដីប្រទេសចិន រួមមាននៅ Guangzhou, Shanghai, Chengdu, Wuhan, Shenyang និងស្ថានកុងស៊ុលមួយកន្លែងទៀតសម្រាប់ Hong Kong និង Macau។
ប្រភពព័ត៌មានរបស់ South China Morning Post បានអះអាងថា ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅ Chengdu ក្នុងខេត្ត Sichuan គឺជាជម្រើសដំបូងរបស់ប្រទេសចិនដើម្បីយកមកសងសឹក ហើយប្រការនេះនឹងធ្វើឱ្យភាពតានតឹងរវាងអាមេរិកាំង និងចិន បន្តឡើងកម្ដៅ។
ដំបូងឡើយ ប្រភពមួយចំនួនយល់ថា ចិននឹងបិទទ្វារស្ថានកុងស៊ុលអាមេរិកាំងនៅទីក្រុង Wuhan ក្រោយពីទីក្រុងប៉េកាំងបានប្រកាសសងសឹក។ ប៉ុន្តែ និពន្ធនាយករបស់ Global Times យល់ថា ការបិទស្ថានកុងស៊ុលអាមេរិកាំងនៅ Wuhan មិនមានភាពខ្លាំងក្លាគ្រប់គ្រាន់នោះទេ ព្រោះថាសហរដ្ឋអាមេរិកបានជម្លៀសបុគ្គលិករបស់ខ្លួនចេញអស់រួចហើយកាលពី COVID-19 កំពុងឆ្លងរាលដាលខ្លាំង។
ស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកនៅទីក្រុង Chengdu បានបើកទ្វារកាលពីឆ្នាំ1985 និងមានសារសំខាន់ជាយុទ្ធសាស្ត្រ ដោយសារតែវាទទួលខុសត្រូវរាល់បេសកកម្មផ្នែកកុងស៊ុលនៅក្នុងតំបន់ភាគនិរតីនៃប្រទេសចិន រួមមានខេត្ត Sichuan, Yunnan, Guizhou, តំបន់ស្វយ័ត Tibet និង Chongqing។ ស្ថានកុងស៊ុលអាមេរិកាំងនៅទីក្រុង Chengdu ធ្លាប់ជាទីចាប់អារម្មណ៍របស់ចិនកាលពីពេលអតីតមេប៉ូលិស និងជាអភិបាលរងក្រុង Chongqing លោក Wang Lijun បានចូលទៅសុំសិទ្ធិជ្រោកកោនកាលពីថ្ងៃទី6កុម្ភៈ2012 នៅក្នុងកិច្ចខិតខំដើម្បីភៀសខ្លួន។
ក្រោយរយៈពេល30នាទីនៅក្នុងអគាររបស់ស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុង Chengdu លោក Wang Lijun ក៏បានសម្រេចចិត្តបោះបង់ការភៀសខ្លួន និងត្រូវបានគេដឹងថា បានបង្ហាញភ័ស្តុតាងចោទប្រកាន់អតីតលេខាក្រុង Chongqing លោក Bo Xilai នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីអាមេរិកាំងខណៈលោកកំពុងស្ថិតនៅក្នុងអគារស្ថានកុងស៊ុលនេះ។ លោក Bo Xilai ក្រោយមកក៏ត្រូវបានដកហូតតំណែង និងកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទស៊ីសំណូក និងប្រើអំណាចខុសច្បាប់។ ចំណែកភរិយារបស់លោក Bo Xilai លោកស្រី Gu Kailai ក៏ត្រូវកាត់ទោសប្រហារជីវិតពីបទធ្វើឃាតអ្នកជំនួញអង់គ្លេស លោក Neil Heywood។
ចំពោះលោក Wang Lijun វិញ ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល15ឆ្នាំពីបទរំលោភអំណាច ស៊ីសំណូក និងទោសភៀសខ្លួន។
សហរដ្ឋអាមេរិកកាលពីថ្ងៃទី21កក្កដា បានបញ្ជាឱ្យបិទស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston ដោយទុកពេលឱ្យ72ម៉ោងសម្រាប់រៀបចំ។ ទង្វើនេះត្រូវបានសហរដ្ឋអាមេរិកអះអាងថា គឺដើម្បី “ការពារកម្មសិទ្ធិបញ្ហា និងព័ត៌មានឯកជនរបស់ជនជាតិអាមេរិកាំង”។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston គឺជាមជ្ឈមណ្ឌលចារកម្មរបស់កងទ័ពចិន។
ចំណែកប្រទេសចិនវិញ បានហៅករណីនេះថាជា “ការបង្កើនភាពតានតឹងដែលមិនធ្លាប់មានពីមុនមក” និងថាជា “ការបង្កហេតុផ្នែកនយោបាយជាឯកតោភាគី” និង “បំផ្លាញទំនាក់ទំនងទ្វេភាគី” ហើយថា “ចិននឹងឆ្លើយតបជាចាំបាច់”៕
ប្រភព៖ SCMP