អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងថា ស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីងតោន ជាច្រើនលើកបានរងការគំរាមកំហែងវាយប្រហារ ដោយសារតែ “ការគុំកួន” របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
“នេះគឺជាការបង្កើនការកៀបសង្កត់ផ្នែកនយោបាយមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកមកលើប្រទេសចិន ក្រោយពីទីក្រុងវ៉ាស៊ីងតោនបានរឹតត្បិតលើសកម្មភាពរបស់ក្រុមអ្នកការទូតចិន និងបានបើកមើលបញ្ចើរបស់ស្ថាប័នការទូតចិន” អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានសរសេរបែបនេះកាលពីថ្ងៃទី22កក្កដានៅលើទំព័រ Twitter ក្រោយពីសហរដ្ឋអាមរិកប្រកាសស្នើឱ្យស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston បិទទ្វារចាប់ពីថ្ងៃទី24កក្កដា។
“ក្រោយពីមានពាក្យសម្ដីប្រកបដោយការញុះញង់ និងការគុំកួនដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកបំប៉ោង ស្ថានទូនចិនក៏ទទួលរងការគំរាមកំហែងបំផ្ទុះគ្រាប់បែក និងការគំរាមសម្លាប់” លោកស្រី Hua Chunying សរសេរបន្តដូច្នេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា តើការគំរាមកំហែងនេះ អ្នកណាជាអ្នកធ្វើ និងនៅពេលណានោះទេ។
លោកស្រីយល់ថា ការរំលោភបំពាន និងការធ្វើអន្តរាគមន៍ “មិនដែលមាននៅក្នុងហ្សែន និងប្រពៃណីនៃគោលនយោបាយការទូតចិននោះឡើយ” និងបានចោទប្រកាន់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំងថាបានវាយប្រហារប្រព័ន្ធនយោបាយចិន ខណៈដែលក្រុមមន្ត្រីការទូតចិន “កំពុងប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាព និងការយល់អំពីគ្នាទៅវិញទៅមក”។
លោកស្រី Chunying ថ្លែងថា “សហរដ្ឋអាមេរិកគួរតែបោះបង់ការសម្រេចចិត្តប្រកបដោយកំហុសឆ្គងរបស់ខ្លួន។ ប្រទេសចិនប្រាកដជានឹងប្រតិកម្មតបតដោយវិធានការម៉ឺងម៉ាត់បំផុត”។
សេចក្ដីថ្លែងការណ៍របស់លោកស្រី Chungying ត្រូវបានលើកឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើឱ្យបិទស្ថានអគ្គកុងស៊ុលចិននៅទីក្រុង Houston ដោយចោទថា នេះគឺជាមជ្ឈមណ្ឌលចារកម្មរបស់ចិន។ ប្រធានាធិបតី Donald Trump ថែមទាំងបានប្រកាសថា អាចបិទទ្វារស្ថានកុងស៊ុលចិននៅសហរដ្ឋអាមេរិកគ្រប់ពេល នៅពេលចាំបាច់។
ក្រៅពីនៅ Houston ចិនក៏មានស្ថានកុងស៊ុលចំនួន4ផ្សេងទៀត នៅទីក្រុង New York, Los Angeles, San Francisco និង Chicago ទន្ទឹមនឹងស្ថានទូតនៅទីក្រុងវ៉ាស៊ីងតោន។
ក្រុមអ្នកជំនាញអំពីប្រទេសចិននៅសហរដ្ឋអាមេរិកបានអះអាងថា ទីក្រុងប៉េកាំងអាចបិទស្ថានកុងស៊ុលអាមេរិកាំងនៅហុងកុង សៀងហៃ ឬក្វាងចូវ ដែលនេះគឺសុទ្ធតែអាចបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកាំងដែលរកស៊ីនៅប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស