Skip to content

សហរដ្ឋ​អាមេរិក​ថា ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​គឺជា​ “មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់”

លោក David Stillwell ដែល​ជា​ជំនួយ​ការ​ម្នាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ បាន​ឱ្យ​ដឹង​ថា ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston គឺជា​មជ្ឈមណ្ឌល​ស៊ើប​ការ​ណ៍​សម្ងាត់​របស់​កង​ទ័ព​ចិន​។

“កង​ទ័ព​ចិន​បាន​បញ្ជូន​និស្សិត​​របស់​ខ្លួន​ ទាំង​បើក​ចំហ​ ទាំង​លាក់​ការណ៍​ ទៅ​សិក្សា​នៅ​​សហរដ្ឋ​អាមេរិក​ដើម្បី​រៀន​អំពី​អ្វី​ដែល​អាច​ជំរុញ​ឱ្យ​ពួកគេ​មាន​ប្រៀប​​​ក្នុង​សង្គ្រាម”​។ លោក David Stillwell ថ្លែង​បែប​នេះ​នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួ​យសារ​ព័ត៌មាន​ NYTimes កាលពី​ថ្ងៃទី​22​កក្កា​កន្លង​ទៅ​។ លោក​បន្ថែម​ថា សកម្ម​ភាព​ទាំង​អស់​នេះ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពីស្ថាន​​អគ្គ​កុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston។

លោក​ David Stillwell ក៏​បាន​ចោទ​ប្រកាន់​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ Houston និង​ក្រុម​អ្នក​ការ​ទូត​ចិន​ថា ថ្មី​នេះ​បាន​ចូល​រួម​ធ្វើ​សកម្ម​ភាព​ដែល​គួរ​ឱ្យ​សង្ស័យ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ Houston ជា​កន្លែង​ដែល​ពួក​គេ​នាំ​ពលរដ្ឋ​ចិន​ឡើង​យន្ត​ហោះ​ត្រលប់​ទៅ​ស្រុក​ ក្នុង​គ្រា​ដែល​ COVID-19 កំពុង​រាត​ត្បាត​ខ្លាំង​។

ស្ថាន​ទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីង​តោន​ និង​ភាគី​ក្រុម​ហ៊ុន​ Air China មិន​បាន​បញ្ចេញ​មតិ​អ្វី​ទៅ​នឹង​ការចោទ​ប្រកាន់​ខាង​លើ​នេះ​ទេ​។ ចំណែក​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​មិនបាន​ឆ្លើយ​នឹង​សំណួរ​ដើម្បី​បញ្ជាក់​អំពី​​សកម្ម​ភាព​ដែល​គួរ​ឱ្យ​សង្ស័យ​របស់​ចិន​នៅ​ព្រលាន​យន្តហោះ​ Houston ថា​ជា​អ្វី​នោះ​ដែរ​។

ក្នុង​ថ្ងៃ​ដដែល​ តំណាង​រាស្ត្រ​នៃ​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ លោក Marco Rubio បាន​បង្ហោះសារ​នៅ​លើ​ Twitter ថា “ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​នៅ​ Houston មិន​មែនជា​ស្ថាប័ន​ការ​ទូត​នោះ​ទេ​។ នោះគឺជា​ចំណុច​កណ្ដាល​ក្នុង​បណ្ដាញ​ស៊ើបការណ៍​សម្ងាត់​ខ្នាត​ធំ​ និង​ធ្វើសកម្ម​ភាព​បង្ក​ផល​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​។ អគារ​នោះ (អគារ​នៃ​អគ្គកុង​ស៊ុល​ចិន​) ត្រូវតែ​បិទ​ទ្វារ​នៅពេល​នេះ​ ហើយ​ក្រុម​ចារកម្ម​មាន​ពេល​72​ម៉ោង​ដើម្បី​ចាក​ចេញ​ មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​ត្រូវ​ចាប់​ខ្លួន​”។

សេចក្ដី​ប្រកាស​​នេះ​ ត្រូវ​បានលោក​ David Stillwell លើក​ឡើង​ ក្រោយ​ពី​ក្រសួង​ការបរទេស​ចិន​បាន​ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​21​កក្កដា​ បាន​ស្នើ​ឱ្យ​ប្រទេស​ចិន​បិទ​ទ្វារ​ស្ថាន​អគ្គកុង​ស៊ុល​របស់​ខ្លួន​នៅ​ទីក្រុង​ Houston ដោយ​ទុក​ពេល​ឱ្យ72​ម៉ោង​។ ក្រសួង​ការ​ប​រទេស​សហរដ្ឋ​អាមេរិក​បកស្រាយ​ថា ពួកគេ​ធ្វើ​បែប​នេះ​គឺដើម្បី​ការ​ពារ​កម្មសិទ្ធិ​បញ្ហា​ និង​ព័ត៌មាន​ឯក​ជន​របស់​ពលរដ្ឋ​អាមេរិកាំង​”។ សហរដ្ឋ​អាមេរិក​សង្កត់​ធ្ងន់​ថា ក្រុម​អ្នក​ការ​ទូត​ត្រូវ​តែ​គោរព​ច្បាប់​ ការ​កំណត់​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ និង​ “ត្រូវ​មាន​ភារ​កិច្ច​មិន​លូក​ដៃ​ទៅក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​” របស់​ប្រទេស​នោះ​។

សហរដ្ឋ​អាមេរិក​ថា ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​គឺជា​ "មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់"
សហរដ្ឋ​អាមេរិក​ថា ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​គឺជា​ “មជ្ឈមណ្ឌល​ស៊ើបការណ៍​សម្ងាត់”

ប្រទេស​ចិន​បាន​ហៅ​ករណី​នេះ​ថា​ជា​ “ការបង្កើន​ភាព​តាន​តឹង​មិន​ធ្លាប់​មាន​” ជា​ “ការ​បង្ក​ហេតុ​ផ្នែក​នយោបាយ​ជា​ឯកតោ​ភាគី​” និង​ជា​ “ការ​បំផ្លាញ​ទំនាក់​ទំនង​ទ្វេ​ភាគី​ ហើយ​ចិន​នឹង​មាន​ការ​ឆ្លើយ​តប​ជា​ចាំ​បាច់​”។ ក្រោយ​ពី​បាន​ស្នើ​ឱ្យ​បិទ​​ទ្វារ​ ក្រុម​ប៉ូលិស​ និង​ក្រុម​ពន្លត់​អគ្គិភ័យ​ បាន​ទទួល​សេចក្ដី​រាយ​ការណ៍​​អំពី​ករណី​ដុត​ឯកសារ​នៅក្នុង​ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​នៅ​ Houston កាល​ពី​ម្សិល​មិញ​។

ស្ថាន​អគ្គកុង​ស៊ុល​ចិន​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ Houston ផ្ដល់​សេវា​កម្ម​ផ្នែក​ទិដ្ឋាការ និងលិខិត​ឆ្លង​ដែន​​ជា​ដើម​ នៅ​​ក្នុង​រដ្ឋ​ចំនួន​8​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​ក៏​មាន​ Texas ផងដែរ​។ ក្រៅ​ពី​ស្ថាន​អគ្គ​កុង​ស៊ុល​​នេះ​ ចិន​ក៏​មាន​ស្ថាន​កុង​ស៊ុល​ចំនួន​4​ផ្សេង​ទៀត​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​។

ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីង​តោន និង​ប៉េកាំង​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​តានតឹង​បំផុត​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​និង​កំពុង​កើត​ឡើង​ ក្នុង​នោះ​មាន​ដូច​ជា​ បញ្ហា​វីរុស​COVID-19 បញ្ហា​ហុង​កុង​ និង​តំបន់​ស៊ីន​ជាំង​ រួម​នឹង​សង្គ្រាម​ពាណិជ្ជ​កម្ម​។ល។

ប្រភព៖ SCMP

Leave a Reply

Your email address will not be published. Required fields are marked *