យន្តហោះដឹកទំនិញ Boeing 777F របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានឆាប់ឆេះសន្ធោសន្ធៅនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Pudong (Shanghai Pudong International Airport) នៅប្រទេសចិន មុននេះប៉ុន្មានម៉ោងប៉ុណ្ណោះ។
អណ្ដាតភ្លើងបានឆាបឆេះចេញពីផ្នែកខាងក្រោយនៃយន្តហោះពណ៌សដែលកំពុងចតនៅក្នុងព្រលានយន្តហោះ នាវេលាម៉ោង15ល្ងាច (ម៉ោង14នៅភ្នំពេញ) ថ្ងៃទី22កក្កដានេះ ប៉ុន្តែត្រូវបានពន្លត់រួចរាល់ហើយ។ ករណីអគ្គិភ័យឆាប់ឆេះយន្តហោះពាណិជ្ជកម្មនេះ មិនបានបណ្ដាលឱ្យមានមនុស្សស្លាប់ ឬរបួងនោះទេ ប៉ុន្តែ យន្តហោះត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយទំនងជានឹងមិនអាចហោះហើរបានទៀតទេ។
ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី (Ethiopia) ទទួលបានយន្តហោះ Boeing 777F នេះ កាលពីខែតុលា2014។ Boeing 777F បានហោះហើរពីទីក្រុង Brussels ប្រទេសបែលហ្សិក និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong International Airport នៃប្រទេសចិននៅព្រឹកមិញនេះ។ មុនពេលឆាប់ឆេះ យន្តហោះនេះកំពុងត្រៀមរៀបចំចាកចេញទៅកាន់ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បច្ចុប្បន្នប្រើប្រាស់យន្តហោះ Boeing 777F ចំនួន10គ្រឿង និងយន្តហោះ Boeing 737-800F ចំនួន2គ្រឿង។
ប្រភពសារព័ត៌មានបានឱ្យដឹងថា ក្រុមមន្ត្រីមានសមត្ថកិច្ចចិនកំពុងតែស៊ើបអង្កេតលើការណីឆាប់ឆេះយន្តហោះនេះហើយ៕
ប្រភព៖ សារព័ត៌មានបរទេស