សមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យនៅតំបន់ Houston ទទួលបានសេចក្ដីរាយការណ៍អំពីករណីដុតឯកសារនៅក្នុងស្ថានកុងស៊ុលចិន បន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើឱ្យទីក្រុងប៉េកាំងបិទទ្វារការិយាល័យនេះក្នុងរយៈពេល72ម៉ោង។
ប៉ូលិសនៅទីក្រុង Houston បានឱ្យដឹងថា ពួកគេទទួលបានព័ត៌មានអំពីការដុតឯកសារនៅក្នុងស្ថានកុងស៊ុលចិន ក្រោយវេលាម៉ោង20 ថ្ងៃទី21កក្កដា (ត្រូវនឹងម៉ោង8ព្រឹកនៃថ្ងៃទី22កក្កដា នៅកម្ពុជា)។ ក្រុមប៉ូលិសនៅ Houston ត្រូវបានបញ្ជូនទៅកាន់បរិវេណខាងក្រៅនៃស្ថានទូតចិន ហើយបានឱ្យដឹងថា ពួកគេបានរកឃើញផ្សែង ប៉ុន្តែ “មិនទទួលបានសិទ្ធិឱ្យចូលទៅខាងក្នុងអគារនេះទេ”។
ក្នុងវីដេអូមួយដែលចែករំលែកដោយអ្នកយកព័ត៌មានម្នាក់បានបង្ហាញថា មានមនុស្សមួយចំនួនកំពុងជួបជុំគ្នានៅជុំវិញភ្លក់ភ្លើងនៅទីលានក្នុងស្ថានកុងស៊ុល។ មើលពីផ្លូវខាងក្រៅអគារនេះ គេក៏អាចសង្កេតឃើញផ្សែងចេញពីស្ថានកុងស៊ុលនេះដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានស្នើឱ្យចិនបិទទ្វារការិយាល័យអគ្គកុងស៊ុលចិននៅទីក្រុង Houston ឱ្យបានមុនម៉ោង16 នាថ្ងៃទី24កក្កដាខាងមុខ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងនាថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានទទួលស្គាល់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃទី21កក្កដាបានស្នើឱ្យប្រទេសចិនបិទទ្វារស្ថានកុងស៊ុល ដោយទុកពេលឱ្យ72ម៉ោង។ លោក Wang Wenbin បានហៅទង្វើនេះថាជា “ការបង្កើនភាពតានតឹងមិនធ្លាប់មានពីមុនមក” ហើយប្រទេសចិននឹងមានប្រតិកម្មតបមិនខាន។
“ប្រទេសចិនអំពាវនាវឱ្យសហរដ្ឋអាមេរិកដកសេចក្ដីសម្រេចចិត្តប្រកបដោយកំហុសឆ្គងរបស់ខ្លួន ពុំដូច្នោះទេ ចិនប្រាកដជាមានប្រតិកម្មយ៉ាងត្រឹមត្រូវ និងចាំបាច់” លោក Wang Wenbin ថ្លែងបែបនេះ។ លោកបន្តថា “នោះគឺជាការបង្កហេតុក្នុងរឿងនយោបាយដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ដែលនេះបានរំលោភច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីរវាងចិននិងសហរដ្ឋអាមេរិក។ ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើគួរឱ្យស្អប់ខ្ពើម មិនសមហេតុផល និងបានបំផ្លាញទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក”។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីងតោន កំពុងស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងមួយរយៈពេលចុងក្រោយនេះ រាប់ចាប់ពី COVID-19 បានបង្ហាញវត្តមាននៅប្រទេសចិន។ សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនជាច្រើនលើកថា បានលាក់បាំងព័ត៌មានទាក់ទិននឹង COVID-19 ធ្វើឱ្យវីរុសនេះឆ្លងរាលដាលខ្លាំង នឹងប៉ះពាល់ដល់បេសកកម្មប្រឆាំងជំងឺឆ្លងនេះរបស់បណ្ដាប្រទេសក្នុងពិភពលោក ក៏ប៉ុន្តែ ទីក្រុងប៉េកាំងបានទាត់ចោលការចោទប្រកាន់នេះ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលរបស់លោក Trump ក៏បានដាក់ទណ្ឌកម្មខ្លះៗទៅលើប្រទេសចិន ដោយសារតែគោលនយោបាលរបស់ចិន ទាក់ទិននឹងទីក្រុងហុងកុង និងតំបន់ស៊ីនជាំង។ សហរដ្ឋអាមេរិក មិនត្រឹមតែចាត់វិធានការថ្មីដើម្បីទប់ស្កាត់មហិច្ឆតាក្នុងការកែប្រែស្ថានភាពពិភពលោក ដោយការទប់ស្កាត់មិនឱ្យចិនទទួលបានបច្ចេកវិទ្យាថ្មីពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែអាមេរិកាំងថែមទាំងបានបញ្ចុះបញ្ចូលបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ឱ្យធ្វើតាមអាមេរិកទៀតផង។
កំពុងបន្តធ្វើបច្ចុប្បន្ន…
ប្រភព៖ NYPost, Bloomberg