ខ្មាន់កាំភ្លើងម្នាក់បានប្រើប្រាស់អាវុធជាច្រើនប្រភេទក្នុងការចាប់មនុស្សចំនួន20នាក់ធ្វើជាចំណាប់ខ្មាំងនៅលើរថយន្តក្រុងមួយគ្រឿងនៅប្រទេសអ៊ុយក្រែន ហើយក្រោយមកក៏បានដោះលែងមនុស្សទាំងនេះបន្ទាប់ពីប្រធានាធិបតី Volodymyr Zelensky បានធ្វើតាមបញ្ជាដ៏គួរឱ្យចង់សើចរបស់ខ្មាំងកាំភ្លើងដោយផ្ទាល់។
យោងតាមសារព័ត៌មាន Reuters ករណីបំភិតបំភ័យខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី21កក្កដា នៅពេលដែលខ្មាំងកាំភ្លើងម្នាក់ឈ្មោះ Maksim Krivosh អាយុ44ឆ្នាំ បានឡើងលើរថយន្តក្រុងមួយគ្រឿងដែលមានអ្នកដំណើរប្រមាណជា20នាក់ នៅទីក្រុង Lutsk ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន។
រូបភាពដែលត្រូវបានគេចែករំលែកក្នុងបណ្ដាញសង្គម ឱ្យឃើញថា ខ្មាំងកាំភ្លើងឈ្មោះ Krivosh នេះ ប្រើប្រាស់កាំភ្លើង AK មួយដើម កាំភ្លើងខ្លីមួយដើម និងគ្រាប់បែបយ៉ាងតិច2គ្រាប់ ក្នុងនោះមាន1គ្រាប់ទំនងជារបស់ក្លែងក្លាយ។
ក្រោយពីបានគ្រប់គ្រងលើចំណាប់ខ្មាំងនៅលើរថយន្ត ជនដៃដល់ Krivosh ក៏បានទាមទារឱ្យមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ធ្វើតាមការបញ្ជាដ៏ចម្លែករបស់ខ្លួន ក្នុងនោះជននេះបានទាមទារឱ្យប្រធានាធិបតី Zelensky “ឃោសនាផ្សាយពាណិជ្ជកម្ម” ឱ្យខ្សែភាពយន្តរឿង Earthlings ជាភាពយន្តឯកសារមួយគួរឱ្យខ្លាចរបស់សហរដ្ឋអាមេរិក ដែលត្រូវបានផលិតឡើងកាលពីឆ្នាំ2005 ស្ដីអំពីការពឹងផ្អែករបស់មនុស្សជាតិទៅលើសត្វនានាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
ប្រធានាធិបតីអ៊ុយក្រែន ក្រោយមកក៏បានថតវីដេអូខ្លីមួយឈុត និងបង្ហោះនៅលើបណ្ដាញសង្គម ដោយប្រើប្រាស់សារដែលមានខ្លឹមសារថា “ភាពយន្ត Earthlings ឆ្នាំ2005។ នេះជាខ្សែភាពយន្តដែលអ្នកគ្រប់គ្នាគួរតែទស្សនា”។ ក្នុងគ្រានោះដែរ ខ្មាន់កាំភ្លើងបានគ្រប់គ្រងចំណាប់ខ្មាំងអស់រយៈពេល9ម៉ោង។
បើទោះជាការធ្វើតាមការទាមទាររបស់ជនចាប់ជំរឹត ត្រូវបានចាត់ទុកថាជាសកម្មភាពមួយដែលបង្កឱ្យមានភាពចម្រូងចម្រាសក៏ដោយ ប៉ុន្តែវាហាក់មានប្រសិទ្ធភាពក្នុងករណីនេះ។ ក្រោយពីប្រធានាធិបតី Zelensky បង្ហោះវីដេអូ ខ្មាន់កាំភ្លើងក៏បានដោះលែងចំណាប់ខ្មាំងចំនួន3នាក់ទៅលើប៉ូលិស។ បន្ទាប់មកទៀត ខ្មាន់កាំភ្លើងក៏បានដោះលែងមនុស្សទាំងអស់ជាបន្តបន្ទាប់។
ក្រោយពីក្រុមប៉ូលិសអ៊ុយក្រែនក៏បានគ្រប់គ្រងស្ថានការណ៍ និងចាប់ខ្លួនជនសង្ស័យបានដោយជោគជ័យ។
ប្រធានាធិបតី Zelensky ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ច និងមនុស្សគ្រប់គ្នាដែលបានចូលរួមរំដោះចំណាប់ខ្មាំង ដោយបញ្ជាក់ថា លោកពិតជាសប្បាយចិត្តណាស់ ព្រោះមិនមានជនរងគ្រោះណាម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ។ លោក Zelensky ក៏បានលុបវីដេអូ “ឃោសនា” ឱ្យខ្សែភាព Earthlings នោះចេញពីបណ្ដាញសង្គមផងដែរ។
ភាគីខាងប៉ូលិសអ៊ុយក្រែនបានឱ្យដឹងថា ជនសង្ស័យខាងនេះ ធ្លាប់ជាប់ពន្ធនាគារចំនួន10ឆ្នាំ ព្រោះតែបានបំពានច្បាប់ជាច្រើនករណី តាំងពីរឿងកេងបន្លំ ឆក់ប្លន់ ចាប់ជំរឹត រួមនឹងការរក្សានិងប្រើប្រាស់អាវុធខុសច្បាប់។ល។
ប្រភព៖ RT