ប្រទេសចិនកំពុងតែប្រឈមមុខនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរកម្របានជួប ដែលបានបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋរាប់សិបលាននាក់ និងនាំឱ្យខាត់បង់ផ្នែកសេដ្ឋកិច្ចប្រមាណជា12ពាន់លានដុល្លារអាមេរិក ប៉ុន្តែតួលេខនេះនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។
ទឹកជំនន់នៅប្រទេសចិន បានបណ្ដាលឱ្យទឹកនៅក្នុងទន្លេជាង400ក្នុងប្រទេសនេះ ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នចាប់ពីដើមខែមិថុនា ក្នុងនោះកម្រិតផ្ទៃទឹកក្នុងទន្លេចំនួន33បានឡើងដល់កម្ពស់ដែលមិនធ្លាប់មានទាល់តែសោះនៅក្នុងប្រវត្តិសាស្ត្រ។
គិតដល់ពាក់កណ្ដាលខែកក្កដា ប្រជាជនចិនជិត38លាននាក់នៅក្នុងខេត្តក្រុងចំនួន27របស់ចិន ត្រូវរងផលប៉ះពាល់ដោយសារភ្លៀងនិងទឹកជំនន់ ធ្វើឱ្យមនុស្សចំនួន141នាក់បាត់ខ្លួន និងបាត់បង់ជីវិត។ ចំនួននេះក៏ត្រូវបានព្យាករថានឹងកើនឡើងផងដែរ។
ក្រសួងគ្រប់គ្រងស្ថានការណ៍បន្ទាន់របស់ចិនបានឱ្យដឹងកាលពីថ្ងៃទី9កក្កដាថា មនុស្សប្រមាណជាជាង1.7លាននាក់ត្រូវជម្លៀសខ្លួន ផ្ទះចំនួន22,000ខ្នងត្រូវបាក់រលំ ខណៈដែលការខាតបង់ផ្ទាល់ផ្នែកសេដ្ឋកិច្ចគឺប្រមាណជា8.8ពាន់លានដុល្លារអាមេរិក។ 3ថ្ងៃក្រោយមក ចំនួនអ្នកត្រូវជម្លៀសខ្លួនបានកើនឡើងដល់ជិត2.3លាននាក់ ក្នុងនោះមានពលរដ្ឋចំនួន1.3លាននាក់ត្រូវការជំនួយបន្ទាន់ ចំណែកចំការចំនួន209,000ហិកតាត្រូវបានបំផ្លិចបំផ្លាញ ហើយការខាតបង់ផ្ទាល់ផ្នែកសេដ្ឋកិច្ចក៏បានកើនឡើងដល់12ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេលត្រឹមតែ1សប្ដាហ៍កន្លងទៅនេះ ទីក្រុងចំនួន4នៅប្រទេសចិន បានប្រកាសអាសន្ន ដោយសារទឹកជំនន់ឡើងខ្ពស់។ ដោយឡែកនៅខេត្ត Jiangxi ពលរដ្ឋចំនួន5.5លាននាក់ត្រូវរងផលប៉ះពាល់ និងជិត500,000នាក់ត្រូវជម្លៀសខ្លួន នេះបើគិតមកត្រឹមថ្ងៃទី13កក្កដា។
Channel News Asia ដកស្រង់ការព្យាករពីក្រុមអ្នកជំនាញ ឱ្យដឹងថា ដំណាក់កាលគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតនៅក្នុងគ្រោះទឹកជំនន់នេះ អាចមិនទាន់មកដល់នៅឡើយ។ តាមបទពិសោធន៍ គ្រោះទឹកជំនន់នៅប្រទេសចិន តែងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតចាប់ពីចុងខែកក្កដារហូតដល់ពាក់កណ្ដាលខែសីហា។
ប្រទេសចិនគឺជាទឹកដីមួយដែលរងគ្រោះទឹកជំនន់ធំៗច្រើនជាងគេក្នុងពិភពលោក។ នៅក្នុងគ្រោះទឹកជំនន់ធំបំផុតចំនួន10នៅទូទាំងពិភពលោកក្នុងរយៈពេល100ឆ្នាំកន្លងមកនេះ គឺមាន7ករណីកើតឡើងនៅលើទឹកដីចិន ក្នុងនោះមាន5ករណីនៅឯទន្លេ Yangtze និង2ករណីនៅឯទន្លេ Huang He៕
ប្រភព៖ CNA