Skip to content

ផែន​ទី​3D​ស្ដី​អំពី​ចក្រវាលមហា​ធំធេង​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ហើយ​

ក្រុម​តារា​រូប​វិទូ​ ថ្ងៃ​នេះ (20​កក្កដា) ​បាន​ប្រកាស​បង្ហាញ​អំពី​ផែន​ទី​3Dមួយ​ដែល​ស្ដីអំពី​ចក្រវាលទាំង​មូល​​​ ដែល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​បាន​វិភាគ​ទៅ​លើ​កាឡាក់​ស៊ី​ចំនួន​ជាង​4​លាន​ បូក​រួម​ជាមួយ​នឹង​​ Quasar (quasi-stellar object) ជា​ច្រើន​ដែល​នៅ​សែន​ឆ្ងាយ​ និង​​មាន​ពន្លឺ​ខ្លាំង​ក្លា​ផងដែរ។

ការ​ប្រឹងប្រែង​ពី​សំណាក់​អ្នក​វិទ្យា​សាស្ត្រ​រាប់​រយ​នាក់​ មក​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ចំនួន​30​នៅ​ពាស​ពេញ​ពិភពលោក​ បាន​នាំ​មក​នូវ​ “រឿង​រ៉ាវដ៏ពេញ​លេញ​មួយ​ស្ដីអំពី​ការរីក​មាឌ​របស់​ចក្រវាល​” នេះ​បើ​តាម​សាស្ត្រាចារ្យ​ Will Percival មក​ពី​សាកល​វិទ្យា​ល័យ​ Waterloo ក្នុង​ខេត្ត​ Ontario ប្រទេស​កាណាដា។

នៅក្នុង​គម្រោង​មួយ​ដែល​បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ជាង​20​ឆ្នាំ​មុន​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​ធ្វើ​ការ​វាស់​វែង​ដោយ​ប្រើ​រង្វាស់​សុក្រឹត​បំផុត​​ ទៅ​លើ​ប្រវត្តិ​នៃ​ការ​រីក​មាឌ​ក្នុង​រយៈ​ពេល​វែង​ជា​ទី​បំផុត​។ ផែន​ទី​ចក្រវាល​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​ការ​សង្កេត​ថ្មី​ៗ​បំផុត​ក្នុង​រយៈ​ពេល​ជាង​6​ឆ្នាំ​​របស់​​អង្គការ​សង្កេត​តារា​ Sloan Digital Sky Survey (SDSS) នៅក្នុង​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា eBOSS ជាមួយ​នឹង​ទិន្ន​ន័យ​ដែល​បាន​មក​ពី​កែវយឹតអុបទិក​មួយ​ដែល​មាន​ទីតាំង​នៅ​ New Mexico សហរដ្ឋ​អាមេរិក​។

មនុស្ស​ជាតិ​បាន​យល់​ដឹង​ច្រើន​អំពី​ចក្រវាល​នៃយុគ​សម័យ​ដំបូង​ក្រោយ​ការ​ផ្ទុះ​ Big Bang តាម​រយៈ​រូប​មន្ត​នៃ​ទ្រីស្ដី និង​ការ​សង្កេត​ទៅ​លើ​រលក​មីក្រូវ៉េវ​នៃ​ចក្រវាល​ ដែល​ជា​រលក​វិទ្យុសកម្មអេឡិចត្រូម៉ាញេទិកពី​អវកាស​ជំនាន់​ដំបូង​​។ ការ​សិក្សា​ស្រាវជ្រាវ​អំពី​កាឡាក់ស៊ី និង​ទិន្នន័យ​នៃ​កា​រវាស់​វែង​គម្លាត​រវាង​វត្ថុ​អវកាស​នានា​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​រីកមាឌ​របស់​ចក្រវាល​​ក្នុង​រយៈ​ពេល​រាប់​ពាន់​លាន​ឆ្នាំ​ផងដែរ​។ សាស្ត្រាចារ្យ​ Kyle Dawson មក​ពី​សាកលវិទ្យា​ល័យ Utah ដែល​ជា​អ្នកប្រកាស​ឧទ្ទេសនាមផែន​ទី​នេះ​ បាន​ឱ្យ​ដឹង​ថា អ្នកវិទ្យា​សាស្ត្រ​នៅ​តែ​មាន​ចន្លោះ​ប្រហោង​មួយ​ត្រូវការ​បក​ស្រាយ​បំពេញ​បន្ថែម​។ ប៉ុន្តែ លោក​ថ្លែង​ថា “តាម​រយៈ​ការ​សង្កេត​ជា​ប្រចាំ​ក្នុង​រយៈ​ពេល​5​ឆ្នាំ​មកនេះ យើង​បាន​ធ្វើ​ការ​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នោះ​”។

ផែន​ទី​3Dធំបំផុត​ស្ដី​អំពី​ចក្រវាល​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ហើយ​

តារា​រូប​វិទូ​ Jean-Paul Kneib មក​ពី​មន្ទីរ​ស្រាវ​ជ្រាវ​របស់​ស្វីស​ (EPFL) ដែលជា​ស្ថាបនិក​នៃ​គម្រោង​ eBOSS ឆ្នាំ​2012​ បាន​ឱ្យ​ដឹង​ថា គោលដៅ​របស់​ក្រុម​ស្រាវជ្រាវ​នេះ​គឺដើម្បី​បង្កើត​ “ផែនទី3D ពេញ​លេញ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ចក្រវាលទាំង​មូល”​។ ជា​លើក​ដំបូង ពួកគេ​ប្រើប្រាស់​អាចម៍​ផ្កាយ ឬវត្ថុ​អវកាស​​ទាំង​ឡាយ​ដើម្បី​បង្ហាញ​អំពី​ការ​ពង្រាយ​ខ្លួន​របស់​វត្ថុ​ធាតុ​ក្នុង​ចក្រវាលនៅ​ក្នុង​កាឡាក់ស៊ី​នានា​ដែល​កំពុង​បង្កបង្កើត​ផ្កាយ​ និង​ Quasar ដែល​នៅឆ្ងាយ​សែន​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​មនុស្ស។

ផែន​ទី​នេះ​ក៏​បង្ហាញ​អំពី​សរសៃ​វត្ថុ​ធាតុ​ និង​លម្ហ​អវកាស​នានា​ដែល​កំណត់​រចនាសម្ព័ន្ធ​ចក្រវាល​តាំងពី​យុគ​សម័យ​ដែល​វា​មាន​អាយុ​ត្រឹម​តែ​380,000​​ឆ្នាំ​។

ផែន​ទី​នេះ​ក៏​បាន​បង្ហើប​អំពី​ការ​រីក​មាឌ​របស់​ចក្រវាល​ ដែល​ចាប់​ផ្ដើម​បង្កើន​ល្បឿន​នៅក្នុង​ពេល​វេលា​​មួយ​ផងដែរ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​យល់​ថា ប្រការ​នេះ​ទំនង​ជា​បណ្ដាល​មក​ពី​វត្តមាន​របស់​ថាម​ពល​ងងឹត​ ប៉ុន្តែ​ប្រភព​របស់​វា​នៅមិន​ទាន់​ត្រូវ​បាន​យល់​ច្បាស់​នៅ​ឡើយ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Leave a Reply

Your email address will not be published. Required fields are marked *