ទីភ្នាក់ងារសារព័ត៌មាន ស៊ាងហៃ អ៊ីស្ត បានរាយការណ៍ថា “មន្ទីរសេតវិមាន” កំពុងស្ថិតក្នុងការពិចារណា ហាមសមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ ធ្វើដំណើរចូលប្រទេសអាមេរិក កណ្ដាលភាពតានតឹងដែលកំពុងតែឡើងកម្ដៅ រវាងចិន-សហរដ្ឋអាមេរិក។
សារព័ត៌មាន នីវយ៉ក ថាមស៍ បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងធ្វើសេចក្ដីព្រាងបទបញ្ជាប្រធានាធិបតី ដើម្បីលុបចោលទិដ្ឋាការ(Visa) ចូលសហរដ្ឋអាមេរិក របស់សមាជិកបក្សកុម្មុយនីស្តចិន។
បច្ចុប្បន្ន បក្សកុម្មុយនីស្ត មានសមាជិកជាង 90លាននាក់ គិតជាភាគរយគឺ 6.5%នៃចំនួនប្រជាជនចិនទាំងអស់ ដោយបុគ្គលមួយចំនួន បានចូលជាសមាជិកបក្ស ដើម្បីរំពឹងផលប្រយោជន៍ក្នុងការមានការងារធ្វើ តែមិនមានកិច្ចការងាររួមជាមួយបក្សឡើយ។
ក្រោយពីមានរបាយការណ៍ខាងលើ លទ្ធផលបង្ហាញថា មានប្រជាជនចិនក្នុងចំនួនដ៏ច្រើន បានស្វែងរកពាក្យថា “退党” ដែលមានន័យថា “សុំឈប់ពីបក្ស”។
មុននេះ កាលពីថ្ងៃទី10 កក្កដា 2020 សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលោក ឈឹន វៀនកួ លេខាធិការបក្សប្រចាំតំបន់គ្រប់គ្រងខ្លួនឯង(ស្វយ័ត)ស៊ីនចៀងអ៊ុយគូរ រួមទាំងមន្ត្រីចំនួន 3នាក់ទៀត ដោយបានចោទថា លោកឈឹន គឺជាអ្នកធ្វើសេចក្ដីព្រាងនយោបាយប្រឆាំងក្រុមជនជាតិដើមភាគតិចនៅក្នុងប្រទេសចិន។
ចំណែកអ្នកនាំពាក្យនៃក្រសួងការបរទេសចិនវិញ បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ដោយបានបញ្ជាក់ថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ ជា “រឿងគួរឱ្យអាណិតណាស់”៕
ប្រភព៖ សារព័ត៌មានបរទេស