ប្រទេសចិនអាចសាងសង់បង្ហើយនាវាផ្ទុកយន្តហោះក្នុងស្រុកទីពីរ នៅពាក់កណ្ដាលឆ្នាំ2021 និងកំពុងពន្លឿនការសាងសង់នាវាផ្ទុកយន្តហោះបន្ទាប់ទៀត។
Type-002 ដែលជានាវាផ្ទុកយន្តហោះចម្បាំងទីបីរបស់ប្រទេសចិន និងជានាវាផ្ទុកយន្តហោះទីពីរដែលផលិតឡើងដោយស្នាដៃវិស្វករក្នុងស្រុក បានឈានចូលដល់ដំណាក់កាលដំឡើងចុងក្រោយ នេះបើតាមប្រភពព័ត៌មានចំនួន2ដែលបានឱ្យដឹងកាលពីថ្ងៃទី17កក្កដា។
ប្រភពព័ត៌មានមួយបានឱ្យដឹងថា ដំណើរការនៃការដំឡើងនាវាផ្ទុកយន្តហោះជំនាន់ថ្មី Type-002 បានចាប់ផ្ដើម ហើយបើតាមគម្រោង កិច្ចការនេះនឹងរួចរាល់នៅពាក់កណ្ដាលដើមឆ្នាំក្រោយ។ បុគ្គលិកនៃក្រុមសាងសង់នាវានេះក៏កំពុងតែចាប់ផ្ដើមដំឡើងបាតនាវា និងបានធ្វើពិធីសម្ពោធបើកការសាងសង់នាវាផ្ទុកយន្តហោះបន្ទាប់ ដែលជា “បងប្អូនរបស់ Type-002។ រោងសាងសង់នាវា Jiangnan នៅជាយក្រុងសៀងហៃ គឺជាអ្នកផលិតនាវាទាំងពីរនេះ”។
គម្រោងអភិវឌ្ឍនាវាផ្ទុកយន្តហោះចម្បាំង Type-002 ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ2015 និងផ្ដើមការសាងសង់ចាប់ពីឆ្នាំ2018 ប៉ុន្តែផែនការនេះបានជួបបញ្ហាច្រើនជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ2019 ដំណើរការសាងសង់នាវានេះក៏ត្រូវបានផ្អាកដោយសារតែបញ្ហាបច្ចេកទេស ក៏ដូចជាខ្វះថវិកា ព្រោះតែឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិនជាមួយនឹងសហរដ្ឋអាមេរិក រួមនឹងសកម្មភាពកំណែទម្រង់កងទ័ពរបស់ប្រទេសចិន។ មកដល់ដើមឆ្នាំ2020 ដំណើរការសាងសង់ក៏ត្រូវកាត់បន្ថយ ដោយសារតែ COVID-19។
ប្រភពព័ត៌មានមួយផ្សេងទៀតបានឱ្យដឹងថា “នាវាផ្ទុកយន្តហោះ Type-002 បន្ទាប់ នឹងត្រូវបានសាងសង់ឆាប់រហ័សជាងនាវាទីមួយ ដោយសារបុគ្គលិកមានបទពិសោធន៍ច្រើនជាងមុន និងអាចដោះស្រាយបញ្ហាបានលឿន។ នេះគឺជាការងារប្រកបដោយឧបសគ្គ ព្រោះថា Type-002 គឺជានាវាផ្ទុកយន្តហោះដំបូងដែលផលិតដោយជនជាតិចិន”។
រូបភាពមួយចំនួនដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមចិន និងត្រូវបានបង្ហោះឡើងវិញកាលពីថ្ងៃទី15កក្កដាដោយគណនី Twitter RupprechtDeino បានបង្ហាញថា ផ្នែកដ៏ធំចំនួន2 ដែលត្រូវបានដំឡើងភ្ជាប់ពីគ្រោងសម្រាប់សាងសង់ដែលមានស្រាប់របស់នាវា Type-002 កំពុងស្ថិតនៅលើផែអណ្ដែត។ នៅខាងលើនោះគឺជាទីលានសម្រាប់យន្តហោះចុះចត ដែលវាមិនទាន់ត្រូវបានសាងសងរួចរាល់នៅឡើយ។
រូបភាពនានាបានបង្ហាញថា ដំណើរការសាងសង់ ត្រូវបានពន្លឿនជាងមុន បើធៀបជាមួយនឹងរូបភាពផ្កាយរណបដែលត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអត្តរជាតិប្រកាសបង្ហាញកាលពីខែមេសា2019។
Type-002 នឹងក្លាយជានាវាផ្ទុកយន្តហោះទីបីរបស់ប្រទេសចិន បន្ទាប់ពីនាវា Liaoning ដែលស្ថិតក្នុងក្រុម Type-001 ដែលត្រូវបានជួសជុលកែលម្អពីនាវាផ្ទុកយន្តហោះ Varyag និងនាវា Shandong ដែលផលិតក្នុងស្រុក និងស្ថិតក្នុងក្រុម Type-001A។
Liang Gouliang អ្នកជំនាញផ្នែកយោធានៅហុងកុង បានអះអាងថា Type-002 មិនមានឡប្រតិកម្មនុយក្លេអែ (រ៉េអាក់ទ័រនុយក្លេអ៊ែរ) នោះទេ។ “បច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅក្នុងនាវា Type-003 ជានាវាផ្ទុកយន្តហោះទីប្រាំរបស់ចិន ដែលវាអាចត្រូវបានផលិតឡើងនៅក្នុងរោងសាងសង់នាវា Dalian” នេះបើតាមសម្ដីរបស់លោក Liang Gouliang៕
ប្រភព៖ SCMP