ជាន់ទីមួយនៃរ៉ុកកែត Falcon 9 ដែលប្រើប្រាស់សម្រាប់ជើងហោះហើរ Crew-1 ត្រូវបានដឹកទៅកាន់រដ្ឋ Florida កាលពីថ្ងៃទី14កក្កដា2020 ដើម្បីត្រៀមសម្រាប់ជើងហោះហើរដឹកមនុស្សទៅកាន់អវកាសជាលើកទី2នាពេលខាងមុខ។
តាមគម្រោង Falcon 9 នឹងត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy (KSC) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នៅថ្ងៃទី30សីហា ឆ្នាំ2020។ ក្បាលរុញច្រានរបស់រ៉ុកកែតនេះត្រូវបានដឹកពីមូលដ្ឋានរបស់ SpaceX នៅតំបន់ McGregor ក្នុង Texas ដោយមានស្រទាប់ការពារពណ៌ខ្មៅដែលត្រូវបានគ្របដណ្ដប់ពីលើ។
រ៉ុកកែត Falcon 9 កំពុងស្ថិតក្នុងដំណាក់កាលរៀបចំខ្លួន នៅមុនពេលត្រូវបានបាញ់បង្ហោះចេញពីទីតាំងរបស់ SpaceX ស្ថិតនៅក្នុងមូលដ្ឋានទ័ពអាកាស Cape Canavera ក្បែរ KSC។ នៅក្នុងជើងហោះហើរ The Crew-1 នឹងមានវត្តមានរបស់ក្រុមអវកាសចរ NASA គឺលោក Victor Glover លោក Michael Hopkins និងលោកស្រី Shannon Walker រួមនឹងអវកាសចរជប៉ុន លោក Soichi Noguchi។ ពួកគេនឹងធ្វើដំណើរតាមយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
Crew-1 នឹងជាជើងហោះហើរដំបូងបង្អស់នៅក្នុងបេសកកម្មយ៉ាងតិចចំនួន6 ដែល SpaceX នឹងត្រូវដំណើរការទៅតាមកិច្ចសន្យាតម្លៃ2.6ពាន់លានដុល្លារ ដែលក្រុមហ៊ុននេះបានចុះហត្ថលេខាជាមួយ NASA កាលពីឆ្នាំ2014។ ក៏ប៉ុន្តែ នេះមិនមែនជាជើងហោះហើរដឹកអ្នកអវកាសឡើងទៅលើ “មេឃ” ជាលើកទី1របស់ក្រុមហ៊ុន SpaceX នោះទេ។ មុននេះ ជើងហោះហើរសាកល្បងដំបូងដែលហៅថា Demo-2 ក៏បាននាំអវកាសចរ2រូបរបស់ NASA គឺលោក Bob Behnken និងលោក Doug Hurley ឡើងទៅកាន់ ISS កាលពីចុងខែឧសភា2020ម្ដងរួចហើយ។ Demo-2 គឺជាជើងហោះហើរដែលមានដឹកមនុស្សហោះចេញពីទឹកដីសហរដ្ឋអាមេរិកជាលើកដំបូងបង្អស់ រាប់ចាប់ពីក្រោយសម័យយានអវកាស Space Shuttle របស់ NASA ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍កាលពីខែកក្កដា2011 ហើយចាប់ពីពេលនោះមក ការហោះហើរពីផែនដីទៅកាន់ស្ថានីយអវកាសអន្តរជាតិ គឺសុទ្ធតែពឹងទៅលើយានអវកាស Soyuz របស់រុស្ស៊ី។
យោងតាមកាលបរិច្ឆេទ អវកាសចរ Behnken និង Hurley នឹងត្រលប់មកកាន់ផែនដីក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។ បើសិនជាជើងហោះហើរ Demo-2 ទទួលបានជោគជ័យ នោះ SpaceX នឹងត្រូវបានអនុម័តឱ្យបាញ់បង្ហោះយាន Crew-1 ជាក់ជាមិនខាន៕
ប្រភព៖ Space