តំណាងរាស្ត្ររបស់គណៈបក្សដែលមានអាសនៈនៅក្នុងសភាតៃវ៉ាន់ បានវាយតប់គ្នាជាលើកទីពីរនៅក្នុងរយៈពេល2សប្ដាហ៍កន្លងមកនេះ ទាក់ទិននឹងការតែងតាំងមេដឹកនាំអង្គភាពឃ្លាំមើលឯការាជ្យរបស់រដ្ឋាភិបាល។
ហេតុការណ៍វាយតប់គ្នានេះបានចាប់ផ្ដើមចេញពីករណីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen តែងតាំងលោកស្រី Chen Chu ដែលជាជំនួយការវ័យ70ឆ្នាំរបស់លោកស្រី ឱ្យធ្វើជាមេដឹកនាំអង្គភាពឃ្លាំមើលអាជ្ញាធរដែនដី ដែលជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាល។ គណបក្សប្រឆាំង Kuomintang (“Kuomintang of China” ឬ “Chinese Nationalist Party”) ហៅកាត់ថា KMT បានជំទាស់ទៅនឹងការសម្រេចនេះ ហើយក៏បានចោទប្រកាន់មន្ត្រីចំនួន24នាក់ក្នុងចំណោម27នាក់ដែលត្រូវបានតែងតាំងជាសមាជិកនៃអង្គភាពនេះថា មានទំនាក់ទំនងជិតស្និទ្ធជាមួយបក្សប្រជាធិបតេយ្យជឿនលឿន DPP (Democratic Progressive Party) របស់លោកស្រី Tsai Ing-wen។
រូបភាពពីខាងក្នុងអគាររដ្ឋសភាបានបង្ហាញថា តំណាងរាស្ត្រម្នាក់របស់បក្ស DPP បានដាល់ទៅលើសមាជិកម្នាក់របស់ក្រុមប្រឆាំង នៅក្នុងពេលបោះឆ្នោតជ្រើសរើសលោកស្រី Chen Chu។ ក្រុមតំណាងរាស្ត្ររបស់បក្ស KMT ក៏បានគប់ប៉ោងប៉ោងទឹកទៅលើវេទិកា នាំឱ្យក្រុម DPP ត្រូវប្រើប្រាស់អាវភ្លៀង និងក្រដាសរឹងដើម្បីទប់ទល់។
បើទោះជាមានស្ថានភាពច្របូលច្របល់ក៏ដោយ ការបោះឆ្នោតនៅតែបន្តទៅមុខ និងបានអនុម័តដោយជោគជ័យក្នុងការជ្រើសរើសលោកស្រី Chen Chu ដែលជាអ្នកគាំទ្រប្រជាធិបតេយ្យ និងធ្លាប់ជាប់ពន្ធនាគារ6ឆ្នាំក្នុងអំឡុងពេលបក្ស KMT កាន់កាប់អំណាចនៅតៃវ៉ាន់។ លោកស្រី Chen Chu ប្រកាសថានឹងចាកចេញពីបក្ស DPP បន្ទាប់ពីការតែងតាំងត្រូវបានធ្វើឡើងរួចរាល់ ដើម្បីរក្សាភាពស្អាតស្អំ និងយុត្តិធម៌នៃតំណែងជាមេដឹកនាំអង្គភាពឃ្លាំមើលនេះ។ ទន្ទឹមនឹងនេះ លោកស្រី Chen Chu ក៏បានចោទប្រកាន់បក្សប្រឆាំងថា បានបរិហារកេរ្តិ៍លោកស្រី ដោយប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន។
ក្រុមអ្នកគាំទ្របក្ស KMT រាប់រយនាក់ដែលនៅខាងក្រៅវិមានរដ្ឋសភាក៏បានវាយតប់គ្នាជាមួយនឹងក្រុមប៉ូលិស។ មនុស្សមួយចំនួនបានព្យាយាមឆ្លងកាត់របង និងអំពាវនាវឱ្យបក្ស DPP ដកការជ្រើសរើសនេះមកវិញ។ ប្រធានបក្ស KMT លោក Johnny Chiang ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា “ចូរបោះបង់បក្សពួកនិយម ហើយដកការតែងតាំងនោះមកវិញ”។
គណបក្ស KMT ដែលមានវប្បធម៌គាំទ្រចំពោះទំនាក់ទំនងជិតស្និទ្ធរវាងកោះតៃវ៉ាន់ជាមួយនឹងប្រទេសចិន ធ្លាប់បានទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងស្ថាប័នតាក់តែងច្បាប់កាលពីខែមករា បណ្ដាលឱ្យអាសនៈភាគច្រើនបានធ្លាក់ទៅលើដៃបក្ស DPP។ ក្រោមការដឹកនាំរបស់លោក Johnny Chiang បក្ស KMT កំពុងតែធ្វើកំណែទម្រង់ដើម្បីទាក់ទាញការគាំទ្រពីសំណាក់ម្ចាស់ឆ្នោតនាពេលខាងមុខ។
ការវាយតប់គ្នា និងបាតុកម្មដ៏កក្រើកនៅវិមានសភាតៃវ៉ាន់ លែងជារឿងចម្លែកទៀតហើយ។ ឆ្នាំ2014 ក៏ធ្លាប់មាននិស្សិតរាប់រយនាក់ នាំគ្នាចូលគ្រប់គ្រងវិមានរដ្ឋសភាអស់ជាច្រើនសប្ដាហ៍ ដើម្បីប្រឆាំងទៅនឹងចលនានិស្សិតផ្កាឈូករ័ត្ន (Sunflower Student Movement) ដោយស្នើឱ្យមានតម្លាភាពជាងនេះ ព្រមទាំងដើម្បីសម្ដែងការព្រួយបារម្ភចំពោះឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយពីប្រទេសចិនដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមកលើកោះតៃវ៉ាន់៕
ប្រភព៖ Reuters, AFP