ស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដែលកំពុងឆាបឆេះរាលដាលធំឡើង នៅក្នុងមូលដ្ឋានទ័ពអាមេរិកលើកោះអូគីណាវ៉ា ដែលរកឃើញមន្ត្រីខាងយោធារបស់អាមេរិក និងអ្នករួមការងារ បានឆ្លងមេរោគកំណាចនេះរួចទៅហើយយ៉ាងតិច 136នាក់នោះ បានបង្កនូវក្ដីមួម៉ៅក្ដៅក្រហាយយ៉ាងខ្លាំងដល់ក្រុមអ្នកស្រុកក្នុងតំបន់ ទាំងក្នុងរឿងបំផ្លាញការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលរបស់ពួកគេ និងភាពអាចទៅរួច ដែលអាចមានការនាំមេរោគចូលទៅក្នុងទីប្រជុំជន ក្នុងខណៈដែលអភិបាលខេត្តរបស់កោះដែលស្ថិតនៅភាគខាងត្បូងរបស់ជប៉ុនមួយនេះ បានរអ៊ូរទាំថា ក្រុមមន្ត្រីអាមេរិក មិនព្រមផ្ដល់ព័ត៌មានលម្អិតអ្វីទាំងអស់ពាក់ព័ន្ធនឹងអ្នកផ្ទុកមេរោគ។
ពួកអ្នកស្រុកបានប្រាប់ថា ពួកគេមានអារម្មណ៍សោកសៅ និងខឹងសម្បាខ្លាំងណាស់ ដែលមានអ្នកឆ្លងមេរោគច្រើនមែនទែននៅក្នុងខេត្តរបស់ពួកគេ ដោយសារតែកាលពីពេលមុននេះ កាលពីខែកន្លងទៅ រកឃើញអ្នកឆ្លងមេរោគនៅក្នុងខេត្តត្រឹមតែ 1នាក់ប៉ុណ្ណោះ។
មានរបាយការណ៍ថា រកឃើញមន្ត្រីខាងយោធាអាមេរិកឆ្លងមេរោគថែមទៀត 36នាក់នៅក្នុងមូលដ្ឋាន ហ៊ែនសិន របស់កងនាវិកយោធិនកាលពីថ្ងៃពុធ(ទី15កក្កដា) ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនៅក្នុងមូលដ្ឋានមួយនេះ កើនឡើងដល់ 58នាក់ ក្រៅពីនេះ នៅរកឃើញ 71ករណីទៀត ដែលពាក់ព័ន្ធនឹងស្ថានីយខាងអាកាស ហ្វ៊ូតិនមៈ របស់កងនាវិកយោធិន និង 5នាក់ទៀតនៅឯមូលដ្ឋានទ័ពអាកាស ខាដេណៈ ចំណែកឯជំរំទ័ព ម៉េកធូរៀស និងឃីនស៊ើរ រកឃើញអ្នកឆ្លងមេរោគ ក្នុង1កន្លែង 1នាក់។
ទោះជាស្ថានីយខាងអាកាស ហ្វ៊ូតិនមៈ និងជំរំទ័ព ហ៊ែនសិន ស្ថិតក្រោមបទបញ្ជាឱ្យបិទទីតាំងក្ដី តែក៏នៅមានការកង្វល់បារម្ភ ចំពោះករណីដែលមន្ត្រីមកពីជំរំទ័ពផ្សេងៗទាំងនោះ ដែលបានចេញមកជប់លៀងរីករាយឆ្លងថ្ងៃបុណ្យជាតិសហរដ្ឋអាមេរិក នៅតាមរង្គសាល ផាប់ និងភោជនីយដ្ឋាននានាដែរ នៅក្នុងអំឡុងចុងសប្ដាហ៍ ថ្ងៃទី4 កក្កដា ដែលធ្វើឱ្យពួកគេមានការជួបជុំប៉ះពាល់គ្នាយ៉ាងជិតស្និទ្ធជាមួយពួកអ្នកស្រុកក្នុងតំបន់ ដោយនៅពេលនេះ ក្រុមមន្ត្រីសុខភាពសាធារណៈ បានព្យាយាមតាមដានប្រជាជនដែលអាចនឹងបានប៉ះពាល់ជិតដិតជាមួយមន្ត្រីយោធារបស់អាមេរិកទាំងនោះ ក្នុងអំឡុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបង្ខំឱ្យពួកអ្នកស្រុកចេញមកពិនិត្យរកមេរោគកូវីដ-19 ជាបន្ទាន់។
លោក ដេននី ថាម៉ាគិ អភិបាលរដ្ឋអូគីណាវ៉ា បានសម្ដែងក្ដីខកចិត្តចំពោះការបរាជ័យក្នុងការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលមេរោគរបស់កងទ័ពអាមេរិក ដោយលោកបានធ្វើដំណើរទៅទីក្រុងតូក្យូកាលពីថ្ងៃពុធ(ទី15កក្កដា) ដើម្បីជួបជាមួយតំណាងរបស់ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលជប៉ុន ដើម្បីពិភាក្សាពាក់ព័ន្ធនឹងក្ដីកង្វល់របស់លោក ដែលក្នុងនោះរួមទាំងករណីដែលកងទ័ពអាមេរិក បានបដិសេធប្រគល់ទិន្នន័យរបស់អ្នកឆ្លងមេរោគ ដោយអាងថា ជាការសម្ងាត់ខាងរដ្ឋការ និងមានភាពប្រថុយប្រថានក្នុងការត្រូវវាយប្រហារដោយភេរវកម្ម។
លោកថាម៉ាគិ បានថ្លែងថា “វាគួរឱ្យសោកសៅបំផុត ដែលមានមន្ត្រីរបស់កងទ័ពអាមេរិកឆ្លងមេរោគចំនួនដ៏ច្រើនក្នុងរយៈពេលដ៏ខ្លី” លោកថែមទាំងបានប្រាប់ទៀតថា ពួកអ្នកស្រុកក្នុងតំបន់មានអារម្មណ៍ស្រឡាំងកាំង បន្ទាប់ពីខំព្យាយាមការពារការឆ្លងរាលដាលរបស់មេរោគកូវីដ-19 នៅក្នុងអូគីណាវ៉ារបស់ពួកគេយ៉ាងខ្លាំងក្លា តែស្រាប់តែត្រូវមកដួលរលំគ្រាំងបែបនេះ ដោយរហូតមកដល់ពេលនេះ មានប្រជាជននៅក្នុងខេត្តអូគីណាវ៉ា ត្រឹមតែ 148នាក់ប៉ុណ្ណោះ ក្នុងចំនួនទាំងអស់ 1.5លាននាក់ ដែលឆ្លងមេរោគកូវីដ-19។
លោកថ្លែងទៀតថា “ខ្លាំងជាងហ្នឹងទៅទៀត វានៅបង្កឱ្យកើតចំណុចសង្ស័យយ៉ាងច្រើន ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគរបស់អាមេរិក រហូតមកដល់ពេលនេះ”
មន្ត្រម្នាក់របស់ខេត្ត បានបង្ហើបឱ្យដឹងថា លោកអភិបាលខេត្ត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេស និងបានដាក់ញត្តិទាមទារ 2ចំណុច៖ “គាត់សុំឱ្យសហរដ្ឋអាមេរិក ផ្អាកសកម្មភាពរបស់កងកម្លាំងទាំងអស់ ពីផែនដីអាមេរិក មកអូគីណាវ៉ា និងត្រូវសើរើឡើងវិញយ៉ាងទូលំទូលាយនូវកិច្ចព្រមព្រៀងស្ដីពី ឋានៈរបស់កងកម្លាំងរវាងប្រទេសទាំង2 ជាពិសេសផ្នែកដែលពាក់ព័ន្ធនឹងការប្រើប្រាស់ច្បាប់បង្ខាំងពិនិត្យរកមេរោគរបស់ជប៉ុន”
សំណួរពាក់ព័ន្ធនឹងច្បាប់បង្ខាំងពិនិត្យរកមេរោគទាហានអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ ជាប្រធានបទដែលត្រូវបានជជែកវែកញែកគ្នាយ៉ាងខ្លាំង ដោយទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ក្រុងតូក្យូ សឹងតែមិនមានការគ្រប់គ្រងពលរដ្ឋអាមេរិក ដែលធ្វើដំណើរចូលមកជប៉ុនសូម្បីតែបន្តិចផង និងសូម្បីតែជាមួយបុគ្គលដែលត្រូវធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានខាងពាណិជ្ជកម្មក៏ដោយ។
កន្លងមក មន្ត្រីខាងយោធាអាមេរិក និងក្រុមគ្រសារបស់ពួកគេ ដែលមកប្រចាំការនៅក្នុងមូលដ្ឋានទ័ពក្នុងប្រទេសជប៉ុន មិនបានស្ថិតនៅក្រោមចំណុចហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសឡើយ ដែលនេះជារឿងមួយដែលបណ្ដាលឱ្យលោកថាម៉ាគិ ទាមទារឱ្យរដ្ឋមន្ត្រីការបរទេស ត្រូវកែសម្រួលកិច្ចព្រមព្រៀងទ្វេភាគី អំពីឋានៈរបស់កងកម្លាំង ដោយបង្ខំឱ្យនាវិកយោធិនអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ ត្រូវស្ថិតនៅក្រោមវិធានការកំណត់ការធ្វើដំណើរ ដូចគ្នានឹងប្រជាជាជនជប៉ុនដែរ។
លោក ថារ៉ូ ខូរ៉ូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែប្រើវិធានការផ្សេងៗដែលជារូបវន្ត ដើម្បីឱ្យមេរោគនៅក្នុងមូលដ្ឋានទ័ពនោះ មិនអាចចម្លងសាយភាយចូលមកក្នុងទីប្រជុំជន ហើយលោកបានសម្ដែងក្ដីកង្វល់ថា ការឆ្លងរាលដាលក្នុងគ្រានេះ អាចបង្កផលប៉ះពាល់ដល់ភាពត្រៀមខ្លួនជាស្រេចរបស់កងទ័ពអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស