រដ្ឋអាជ្ញានៃតុលាការកូរ៉េខាងត្បូង បានបើកការស៊ើបអង្កេតមិនធ្លាប់មានពីមុនមក ទៅលើប្អូនស្រីរបស់ប្រធានរដ្ឋកូរ៉េខាងជើង គឺលោកស្រី Kim Yo-jong បន្ទាប់ពីការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរត្រូវបានកម្ទេចចោលកាលពីខែមុន។
ការិយាល័យរដ្ឋអាជ្ញានៅកណ្ដាលទីក្រុងសេអ៊ូល កាលពីម្សិលមិញបានប្រកាសថា ការិយាល័យនេះទទួលបានពាក្យបណ្ដឹងប្រឆាំងលោកស្រី Kim Yo-jong ពីមេធាវីម្នាក់នៅសេអ៊ូល។ កាលពីថ្ងៃទី16កក្កដា ស្ថាប័នខាងលើនេះ បានសម្រេចបើកការស៊ើបអង្កេតមិនធ្លាប់មាន សំដៅទៅលើលោកស្រី Kim Yo-jong ទាក់ទិននឹងករណីដែលកូរ៉េខាងជើងបានបំផ្ទុះកម្ទេចចោលអគារការិយាល័យទំនាក់ទំនងរវាងប្រទេសទាំងពីរកាលពីខែមីថុនា2020។
ការស៊ើបអង្កេតខាងលើត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរនៅលើឧបទ្វីបកូរ៉េ កាន់តែធ្លាក់ទៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
សូមរំឭកថា កាលពីខែមុន ទីក្រុងព្យុងយ៉ាង បានបំផ្លាញចោលអគារការិយាល័យទំនាក់ទំនងមួយដែលស្ថិតនៅក្បែរព្រំដែននៃប្រទេសទាំងពីរ ក្រោយពីលោកស្រី Kim Yo-jong ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោក Kim Jong-un បានប្រកាសថា អគារ “ឥតប្រយោជន៍” នេះ នឹងត្រូវបានបំផ្លាញចោលទាំងស្រុងនាពេលដ៏ខ្លីខាងមុខ។
មុនការលើកឡើងរបស់លោក Kim Yo-jong កូរ៉េខាងជើងក៏ធ្លាប់បានរិះគន់យ៉ាងចាស់ដៃទៅលើរដ្ឋាភិបាលទីក្រុងសេអ៊ូល ទាក់ទិននឹងក្រុមសកម្មជន និងអ្នករត់ចោលស្រុកកូរ៉េខាងជើងដែលបច្ចុប្បន្ននៅកូរ៉េខាងត្បូងតែងតែបង្ហោះខិត្តប័ណ្ណទៅលើទឹកដីកូរ៉េខាងជើង។ កូរ៉េខាងជើងក៏បានព្រមានថា នឹងចាត់វិធានការកងទ័ពប្រឆាំងកូរ៉េខាងត្បូង។ ក៏ប៉ុន្តែក្រោយមក ក៏បានផ្អាកផែនការខាងលើនេះដើម្បីកាត់បន្ថយភាពតានតឹង។
នៅក្នុងពាក្យបណ្ដឹងខាងលើ មេធាវី Lee Kyung-jae យល់ថា ការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរ គឺជាទ្រព្យសម្បត្តិរបស់កូរ៉េខាងត្បូង ព្រោះវាប្រើប្រាស់ថវិការបស់កូរ៉េខាងត្បូងក្នុងការសាងសង់ បើទោះជាការិយាល័យនេះស្ថិតនៅលើទឹកដីកូរ៉េខាងជើងក៏ដោយ។
មេធាវី Lee Kyung-jae បានចោទប្រកាន់លោកស្រី Kim Yo-jong ដែលជាប្អូនស្រីបង្កើតរបស់លោក Kim Jong-un ថា “បានប្រើប្រាស់គ្រឿងផ្ទុះដើម្បីបំផ្លាញអគារដែលមានតួនាទីជាអ្នកបម្រើឱ្យកិច្ចការបរទេស ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ”។
ពាក្យបណ្ដឹងរបស់លោក Lee Kyung-jae ក៏ប្រឆាំងទៅនឹងលោក Pak Jong Chon ដែលជាអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើងផងដែរ។
តាមជាក់ស្ដែង កូរ៉េខាងត្បូងពិបាកក្នុងការដាក់ទណ្ឌកម្មលើលោកស្រី Kim Yo-jong ឬលោក Pak Jong Chon បើទោះជាការស៊ើបអង្កេតបង្ហាញលទ្ធផលបែបណាក៏ដោយ។ ប៉ុន្តែ លោក Lee Kyung-jae បានថ្លែងថា លោក “ចង់ប្រើប្រាស់សកម្មភាពនេះដើម្បីបង្ហាញឱ្យជនជាតិកូរ៉េខាងជើង យល់អំពីមេដឹកនាំរបស់ពួកគេ”៕
ប្រភព៖ AFP