រ៉ូបូតទំនើបបំផុតរបស់ NASA ឈ្មោះ Perseverance នឹងត្រូវបានបាញ់បង្ហោះចេញពីតំបន់ Cape Canaveral ក្នុងថ្ងៃទី30កក្កដាខាងមុខ ដើម្បីឆ្ពោះទៅកាន់ផ្កាយព្រះអង្គារ ក្នុងបំណងស្វែងរកបាក់តេរី និងជីវិតជំនាន់បុរាណ ហើយនាំសំណាកទាំងនោះមកកាន់ផែនដី។
រ៉ូបូតទំនើបបំផុតដែលមានឈ្មោះថា Perseverance នេះ គឺជាយានដែលដំណើរការដោយស្វ័យប្រវត្តិ និងមានភារកិច្ចស្វែងរកសញ្ញ ឬដាននៃជីវិតរបស់បាក់តេរី និងភាវមានជីវិតបុរាណបំផុតនៅលើពិភពព្រះអង្គារ។ តំបន់ដែល Perseverance ត្រូវធ្វើដំណើរទៅកាន់ និងរុករក នោះគឺតំបន់ដែនដីសណ្ដរដែលមានទន្លេកាលពី3.5ពាន់លានឆ្នាំមុន។
ការហោះហើរឆ្លងភពនេះនឹងត្រូវចំណាយពេល6ខែទើបទៅដល់គោលដៅ។ នៅពេលរ៉ូបូតដែលមានទំហំប៉ុនរថយន្ត SUV នេះបានចុះចតដោយសុវត្ថិភាព វានឹងចាប់ផ្ដើមប្រមូល និងរក្សាទុកសំណាកដីរបស់ពិភពព្រះអង្គារ ដើម្បីនាំត្រលប់មកកាន់ផែនដីនៅឆ្នាំ2031។
ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើការពិនិត្យទៅលើសំណាកដីនៃពិភពព្រះអង្គារដែល Perseverance បាននាំមកកាន់ផែនដី ក្នុងបំណងស្វែងរកហ្វូស៊ីលបាក់តេរីជាដើម ដើម្បីបញ្ជាក់ថា តើផ្កាយព្រះអង្គារនេះធ្លាប់មានភាវមានជីវិតដែរ ឬអត់។
NASA បានធ្វើការពីចម្ងាយអស់ជាច្រើនខែមកហើយ ដោយសារតែCOVID-19 ប៉ុន្តែកាលបរិច្ឆេទបាញ់បង្ហោះយាននៅក្នុងគម្រោងដែលមានតម្លៃ2.7ពាន់លានដុល្លារនេះ មិនរងផលប៉ះពាល់៕
ប្រភព៖ សារព័ត៌មានបរទេស