សេដ្ឋី និងមហាសេដ្ឋីជាង80នាក់របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន6ផ្សេងទៀត បានផ្ញើលិខិតស្នើសុំឱ្យមានការដំឡើងអត្រាពន្ធបន្ថែមទៀតទៅលើអ្នកមាន ដើម្បីយកប្រាក់ដែលបានបង់ពន្ធនោះទៅជួយដោះស្រាយបញ្ហាវិបត្តិដោយសារវីរុសCOVID-19។
ដោយហៅខ្លួនឯងថាជាសេដ្ឋីមនុស្សធម៌ ក្រុមអ្នកមានជាង80នាក់នៅសហរដ្ឋអាមេរិក និងប្រទេសចំនួន6ផ្សេងទៀត រួមមានទាំងលោកស្រី Abigail Disney (អ្នកស្នងមរតករបស់ Walt Ddisney) លោក Morris Pearl (អតីតនាយកប្រតិបត្តិរបស់ BlackRock) និងអ្នកជំនួញជនជាតិដាណឺម៉ាក Djaffar Shalchi ជាដើម កំពុងតែស្នើឱ្យមានការបន្ថែមពន្ធអាករទៅលើក្រុមអ្នកមាន ដើម្បីជួយដល់ជនរងគ្រោះ និងអ្នកក្រីក្ររាប់ពាន់លាននាក់ដែលកំពុងជួបបញ្ហាដោយសារCOVID-19 តាមរយៈកម្មវិធីជំនួយ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។
នៅក្នុងលិខិតស្នើសុំខាងលើនេះ មានឃ្លាសរសេរថា “ថ្ងៃនេះ យើងខ្ញុំ ដែលជាសេដ្ឋី និងមហាសេដ្ឋីដែលចុះហត្ថលេខាខាងក្រោមនេះ ស្នើសុំឱ្យរដ្ឋាភិបាលធ្វើការដំឡើងពន្ធចំពោះក្រុមមនុស្សដូចយើងខ្ញុំ។ សូមធ្វើកិច្ចការនេះជាបន្ទាន់ លម្អិត និងជារៀងរហូត”។ លិខិតបន្តថា “យើងខ្ញុំមិនផ្ញើអំណោយទៅដាក់ក្នុងហាងទំនិញនានា ឬផ្ញើទៅដល់ផ្ទះនីមួយៗនោះទេ។ ប៉ុន្តែ យើងខ្ញុំមានប្រាក់ មានប្រាក់យ៉ាងច្រើន។ ប្រាក់គឺជារបស់ដែលអាចតម្រូវទៅតាមភាពជាក់ស្ដែងបំផុតនៅក្នុងកាលៈទេសៈនេះ”។
នេះមិនមែនជាលើកដំបូងដែលក្រុមអ្នកមាននេះបានលើកឡើងអំពីបញ្ហាខាងលើ នៅក្នុងពេលដែលវេទិកាក្រុមប្រទេស G20 រវាងបណ្ដាប្រទេសអ្នកមានលំដាប់ជួរមុខចំនួន19 ក្នុងពិភពលោក និងសហភាពអឺរ៉ុប ជិតនឹងត្រូវបានប្រារព្ធឡើងនាសប្ដាហ៍នេះនោះទេ។ ប៉ុន្តែ កាលពីអំឡុងពេលមុនCOVID-19 បង្ហាញខ្លួន ក្រុមអ្នកមានដែលមានសមាជិកចំនួន200នាក់ដែលហៅខ្លួនឯងថាជាសេដ្ឋីស្នេហាជាតិ រួមមាន Disney និង Pearl ជាដើម ក៏ធ្លាប់បានអំពាវនាវឱ្យបង្កើតប្រព័ន្ធពន្ធដាដែលមានលក្ខណៈទាន់សម័យជាងបច្ចុប្បន្នផងដែរ។
“សេដ្ឋីស្នេហាជាតិ” ជាច្រើនរូបបានឱ្យដឹងថា ពួកគេបានចុះហត្ថលេខាលើលិខិតស្នើខាងលើនេះ ក៏ព្រោះតែមានអារម្មណ៍ថា ខ្មាស់អៀនចំពោះប្រការមួយដែលថា នៅពេលពួកគេ “កើតមកភ្លាម ក៏បានបៀមស្លាបព្រាមាស” ទៅហើយ។ ចំណែកអ្នកមានមួយចំនួនផ្សេងទៀតយល់ថា ពួកគេត្រូវយល់អំពីស្ថានភាពរបស់សាធារណជនក្នុងសង្គមឱ្យបានច្រើនបន្ថែមទៀត។
នៅក្នុងលិខិតស្នើខាងលើ “ក្រុមអ្នកមានដើម្បីមនុស្សធម៌” នេះក៏បានព្រមានថា COVID-19 អាចរុញច្រានមនុស្សរាប់លាននាក់ឱ្យធ្លាក់ទៅក្នុងស្ថានភាពអត់ឃ្លាន និងបង្កើនទម្ងន់ទៅលើប្រព័ន្ធសុខាភិបាល ដែលភាគច្រើនត្រូវបានចាត់ចែងដោយក្រុមស្ត្រីដែលមានប្រាក់ខែទាប ខណៈដែលកិច្ចការមនុស្សធម៌មិនមែនជាដំណោះស្រាយដែលអាចបញ្ចប់បញ្ហាដល់ឫសគល់នោះឡើយ។
ដំណោះស្រាយដែលត្រូវបានក្រុមសេដ្ឋី និងមហាសេដ្ឋីនេះលើកឡើង នោះគឺ “ដំឡើងពន្ធមកលើយើងខ្ញុំ។ នេះគឺជាជម្រើសដ៏ត្រឹមត្រូវ និងតែមួយគត់”។
លិខិតស្នើបានបញ្ជាក់ថា “យើងជំពាក់បំណុលដ៏ធំសម្បើមចំពោះអ្នកដែលធ្វើការនៅជួរមុខ ក្នុងសង្គ្រាម (ប្រឆាំង COVID-19) នៅទូទាំងពិភពលោកមួយនេះ។ ភាគច្រើននៃពួកគេគឺជាកម្មករ ពលករដែលបម្រើការងារចាំបាច់ និងសុទ្ធតែទទួលបានប្រាក់ខែទាបហួសសម្រាប់កិច្ចការដ៏ធ្ងន់ធ្ងរដែលពួកគេត្រូវបំពេញ”។
ការស្នើខាងលើនេះត្រូវបានក្រុមអ្នកមានលើកឡើង ក្រោយរយៈពេល2ឆ្នាំដែលរដ្ឋបាលលោក Trump បានអនុម័តលើច្បាប់ការងារ និងកាត់បន្ថយពន្ធ ដែលនេះបានកាត់បន្ថយប្រាក់ចំណូលយ៉ាងច្រើនដែលរដ្ឋប្រមូលបានពីការយកពន្ធលើក្រុមអ្នកមានលំដាប់កំពូលៗ។
ដោយសារតែច្បាប់មួយដែលរដ្ឋបាលរបស់លោក Trump បានអនុម័ត ក្រុមអ្នកមានលំដាប់កំពូលប្រមាណជា400នាក់នៅសហរដ្ឋអាមេរិក ត្រូវបង់ពន្ធក្នុងកម្រិតទាបជាងជាលើកដំបូងក្នុងអំឡុង100ឆ្នាំកន្លងទៅនេះ បើធៀបជាមួយនឹងក្រុមមនុស្សដែលស្ថិតក្នុងស្រទាប់អ្នកមានមធ្យម នេះបើតាមការវិភាគរបស់ក្រុមអ្នកសេដ្ឋសាស្ត្រ Emmanuel Saez និង Gabriel Zucman ដែលត្រូវបានប្រកាសឱ្យដឹងកាលពីឆ្នាំមុន។ ឆ្នាំ1970 ក្រុមអ្នកមានលំដាប់កំពូលរបស់សហរដ្ឋអាមេរិក ត្រូវបង់ពន្ធជាង50%នៃប្រាក់ចំណូលរបស់ពួកគេ គឺខ្ពស់ជាងទ្វេដងបើធៀបនឹងក្រុមអ្នកមានមធ្យម៕
ប្រភព៖ Aljazeera