គណៈគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនកម្រិតការប្រតិបត្តិការ តតាំងប្រទេសចិនបន្ថែមឡើងទៀតកាលពីថ្ងៃចន្ទ(ទី13កក្កដា) ដោយស្ដីបន្ទោសចិនថា បានធ្វើខុសច្បាប់ ក្នុងការអាងសិទ្ធិលើសមុទ្រចិនខាងត្បូងទាំងអស់ ព្រមទាំងប្រកាសគាំទ្រប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដែលអាងសិទ្ធិជាន់គ្នាជាមួយក្រុងប៉េកាំង ខណៈប្រទេសជប៉ុន ក៏ចេញរបាយការណ៍ការពារជាតិ វាយប្រហារចិនដែរថា បានព្យាយាមរុករានដែនទឹកក្នុងសមុទ្រចិនខាងកើត ដើម្បីផ្លាស់ប្ដូរឋានៈដើម។ ចំណែកចិន បានតបតអាមេរិកវិញថា គ្មានចំណែកពាក់ព័ន្ធដោយផ្ទាល់ទេ តែព្យាយាមឆ្កឹះឆ្កៀលឱ្យកើតភាពបែកបាក់ក្នុងតំបន់ ទាំងដែលធ្លាប់បានប្រកាសថា មិនប្រកាន់យកខាងណា នៅក្នុងទំនាស់មួយនេះ។
កាលពីថ្ងៃចន្ទ(ទី13កក្កដា) លោកម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ខណៈនេះ អាមេរិកមើលឃើញថា ការអាងសិទ្ធិខាងសមុទ្ររបស់ប្រទេសចិន ក្រៅដែនទឹកដែលបានទទួលការទទួលស្គាល់ពីអន្តរជាតិ គឺជាទង្វើខុសច្បាប់ ដូចគ្នានឹងការព្យាយាមគំរាមកំហែងប្រទេសដទៃទៀត ដើម្បីចូលទៅគ្រប់គ្រងដែនទឹកទាំងនោះ និងបានបញ្ជាក់ច្បាស់ទៀតថា ពិភពលោកនឹងមិនព្រមឱ្យក្រុងប៉េកាំងប្រតិបត្តិចំពោះសមុទ្រចិនខាងត្បូង ហាក់ដូចជាអាណាចក្រខាងសមុទ្ររបស់ខ្លួនឯងឡើយ។
កន្លងមក សហរដ្ឋអាមេរិក បានជំទាស់ការអាងសិទ្ធិរបស់ចិន លើសមុទ្រចិនខាងត្បូងទាំងអស់ ដែលជាប្រភពរ៉ែប្រេង និងហ្គាស និងថែមទាំងជាខ្សែផ្លូវពាណិជ្ជកម្មដ៏សំខាន់ទៀតផង ប៉ុន្តែ ពាក្យថ្លែងការណ៍របស់លោកប៉ុមប៉េអូ ក្នុងគ្រានេះ អាចហៅបានថា ជាការសាកល្បងចិន យ៉ាងច្បាស់លាស់បំផុតរបស់គណៈគ្រប់គ្រងលោកត្រាំ។
លោកប៉ុមប៉េអូ ថែមទាំងប្រកាសគាំទ្រប្រទេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ដែលរួមមាន ហ្វ៊ីលីពីន និងវៀតណាម ក្រោយពីច្រើនឆ្នាំកន្លងទៅ ក្រុងវ៉ាស៊ីនតោនបានអះអាងថា នឹងមិនប្រកាន់យកខាងណា ក្នុងករណីវិវាទផ្នែកអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូងនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា អាមេរិកនឹងនៅក្បែរសម្ព័ន្ធមិត្ត និងភាគហ៊ុនរបស់ខ្លួននៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ក្នុងការការពារសិទ្ធិអធិបតេយ្យ ចំពោះធនធានធម្មជាតិក្រៅត្រើយសមុទ្រ ដែលត្រូវគ្នានឹងសិទ្ធិ និងតួនាទីក្រោមច្បាប់អន្តរជាតិ។
ក្រុងប៉េកាំង បានអាងសិទ្ធិលើសមុទ្រចិនខាងត្បូងដោយបានអះអាងលើផែនទីខ្សែ Dashed line 9ខ្សែ ដែលត្រូវបានរិះគន់វាយប្រហារថា ជាការកំណត់អាណាចក្រដែលមិនច្បាស់លាស់ ដោយយោងលើផែនទី កាលពីទសវត្សរ៍1940។ ខណៈពេលជាមួយគ្នា អំឡុងច្រើនឆ្នាំមកនេះ ចិនបានកសាងមូលដ្ឋានទ័ពនៅលើកោះសិប្បនិម្មិត ដែលកើតចេញពីការចាក់ដីក្នុងសមុទ្របរិវេណកោះផ្កាថ្មជាច្រើនកន្លែង ក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលមានចំណុចវិវាទខាងកម្មសិទ្ធិ ជាមួយប្រទេសក្នុងអាស៊ីភាគអាគ្នេយ៍ គួបផ្សំនឹងការប្រទាញប្រទង់ខាងការទូត ដើម្បីដោះស្រាយចំណុចវិវាទដែលអូសបន្លាយពេលជិត 2ទសវត្សរ៍មួយនេះ។
លោកប៉ុមប៉េអូ ចេញសេចក្ដីថ្លែងការណ៍លើកនេះ ក្នុងឱកាសគម្រប់ខួប 4ឆ្នាំ ដែលសាលក្រមតុលាការក្នុងទីក្រុងឡាអេ បានសម្រេចក្ដីលើចំណុចវិវាទក្រោមអនុសញ្ញាអន្តរជាតិស្ដីពី ច្បាប់ខាងសមុទ្រ ឱ្យប្រទេសហ្វ៊ីលីពីនឈ្នះក្ដី និងជំទាស់ការអះអាងខ្សែ Dashed line 9ខ្សែរបស់ប្រទេសចិន ដើម្បីគ្រប់គ្រងជួរកោះផ្កាថ្មស្កាបូរ៉ូ និងបណ្ដុំកោះស្ព្រៀតលី ក្នុងសមុទ្រចិនខាងត្បូង ដែលទោះជាក្រុងប៉េកាំង ប្រកាសមិនព្រមទទួលយកសាលក្រមនោះ ដោយមិនដែលបានចូលរួមការតវ៉ារឿងក្ដីនេះតាំងពីដំបូងក៏ដោយ។
កាលពីថ្ងៃអង្គារ(ទី14កក្កដា) ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន បានចេញមកតបត សេចក្ដីថ្លែងការណ៍របស់លោកប៉ុមប៉េអូ ដោយបានប្រាប់ថា គឺជាការចោទប្រកាន់ដែលគ្មានហេតុផលអ្វីទាំងអស់ និងថា អាមេរិក គ្មានចំណែកពាក់ព័ន្ធដោយផ្ទាល់ក្នុងចំណុចវិវាទនេះទេ តែបែរជាខិតខំជ្រៀតជ្រែកក្នុងរឿងនេះដោយមិនឈប់ឈរ ដោយប្រើលេសក្នុងការថែរក្សាស្ថិរភាព ដើម្បីពង្រីកឥទ្ធិពល ញុះញង់ឱ្យស្ថានការណ៍តានតឹង និងមានការប្រឈមមុខនៅក្នុងភូមិភាគ។
សេចក្ដីថ្លែងការណ៍របស់ចិន បានណែនាំឱ្យអាមេរិកធ្វើតាមអ្វីដែលខ្លួនធ្លាប់បាននិយាយថា នឹងមិនប្រកាន់យកខាងណា និងគោរពការព្យាយាមរបស់ប្រទេសក្នុងភូមិភាគ ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង។
ចំណែកលោក ជូ ហ្វឹង អគ្គនាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកសមុទ្រចិនខាងត្បូង របស់មហាវិទ្យាល័យណានគីង ក្នុងប្រទេសចិន មើលឃើញថា ការថ្លែងការណ៍ របស់លោកប៉ុមប៉េអូ គឺជាការផ្លាស់ប្ដូរដ៏ធំមួយក្នុងនយោបាយសមុទ្រចិនខាងត្បូង របស់ប្រទេសអាមេរិក ហើយលោកបានបន្ថែមថា ប្រទេសដទៃទៀត ដែលសាកល្បងនឹងការអាងសិទ្ធិរបស់ប្រទេសចិន នឹងប្រើវិធីរឹងត្អឹង កាន់តែខ្លាំងឡើង បន្ទាប់ពីអាមេរិកប្រកាសគាំទ្រប្រទេសទាំងនោះយ៉ាងបើកចំហ និងធ្វើឱ្យភូមិភាគនេះ តានតឹងឡើងជាថ្មីម្ដងទៀត។
យ៉ាងណាក៏ដោយ លោកមិនយល់ស្របទេ ដែលប្រទេសចិន នឹងតបតទៅវិញយ៉ាងខ្លាំងក្លានោះ ដោយលោកបានឱ្យហេតុផលថា នយោបាយបច្ចុប្បន្ន របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន គ្មានសារៈខ្លឹមសារច្បាស់លាស់ទេ ដោយសារតែត្រូវដំណើរការ ចេញពីការព្យាយាមក្នុងការយកឈ្នះការបោះឆ្នោតរបស់លោកត្រាំ ដោយការពង្រីកបញ្ហាជាមួយចិន ឱ្យមើលទៅឃើញធំ លើសពីការពិត ដើម្បីបិទបាំងការបរាជ័យរបស់ខ្លួនក្នុងការការពារ រោគរាតត្បាត។
ខណៈពេលជាមួយគ្នា ក្នុងផ្នែកមួយទៀត ប្រទេសជប៉ុនក៏បានចេញមកវាយប្រហារប្រទេសចិន លើចំណុចវិវាទផ្នែកអធិបតេយ្យភាព ដូចគ្នាដែរ ដោយក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំបែបរំឭកឡើងវិញ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ(ទី14កក្កដា) បានចោទប្រកាន់ថា ប្រទេសចិនបានបញ្ចេញទិន្នន័យកុហកពាក់ព័ន្ធនឹងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងបានបញ្ជាក់ថា កិច្ចការងាររបស់កងទ័ពជើងទឹកចិន ជារឿងដែលគួរឱ្យកង្វល់យ៉ាងខ្លាំង។
ឯកសារដែលនិយាយអំពីនយោបាយការពារជាតិរបស់ប្រទេសជប៉ុន បានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមឃោសនាឱ្យជឿជាក់ ដែលរួមទាំងការបញ្ចេញទិន្នន័យក្លែងក្លាយ ពាក់ព័ន្ធនឹងមេរោគវីរុសកូរ៉ូណា ដែលចាប់កំណើតឡើងនៅក្នុងទីក្រុងវូហាន កាលពីចុងឆ្នាំកន្លងទៅ ដូចជា ធ្វីតធើររបស់ក្រសួងការបរទេសចិន ដែលបានបញ្ជាក់ថា កងទ័ពអាមេរិក អាចជាអ្នកនាំមេរោគវីរុសទៅព្រលែងឱ្យឆ្លងនៅក្នុងទីក្រុងវូហាន និងការអះអាងថា ឱសថបុរាណចិន អាចព្យាបាលជំងឺកូវីដ-19 បាន ជាដើម។
ឯកសារនោះ នៅបានចោទប្រកាន់ទៀតថា ប្រទេសចិនបានខំព្យាយាមតែម្នាក់ឯង ជាបន្តបន្ទាប់ដើម្បីផ្លាស់ប្ដូរឋានៈដើម ដោយការរុករានដែនទឹកជុំវិញបណ្ដុំកោះ ក្នុងសមុទ្រចិនខាងកើត ដែលជប៉ុនហៅឈ្មោះថា សេងកាគុ តែចិនដែលអាងសិទ្ធិដូចគ្នានោះ ហៅឈ្មោះថា តៀវអ៊ី។ ឯកសារបញ្ជាក់ថា នេះគឺជារឿងដែលគួរឱ្យកង្វល់ខ្លាំងបំផុត ព្រមជាមួយនោះ ឯកសារនៅបានបញ្ជាក់បន្ថែមទៀតថា ក្រុងប៉េកាំង បានចំណាយថវិកាលើវិស័យការពារជាតិយ៉ាងលាក់បាំងមកជាង 30ឆ្នាំហើយ៕
ប្រភព៖ សាព័រ៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា