ចិននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ឡក់ហ៊ីត ម៉ាទីន ពីបទមានចំណែកពាក់ព័ន្ធនឹងករណីដែលសហរដ្ឋអាមេរិកបានអនុម័តលក់អាវុធទៅឱ្យកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ បន្ថែមពីលើសម្ព័ន្ធភាពដ៏តានតឹងដែលកំពុងមានស្រាប់ រវាងប្រទេសទាំង2។ នេះបើតាមការបង្ហើបឱ្យដឹងរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារ(ទី14កក្កដា)។
ក្រុមហ៊ុនផលិតកម្មសញ្ជាតិអាមេរិកមួយនេះ គឺជាអ្នកម៉ៅការធំជាងគេរបស់គ្រោងការកែសម្រួលប្រព័ន្ធកាំជ្រួចបាញ់ពីផ្ទៃដីឆ្ពោះទៅអវកាស “ភែទ្រីអូត” ឱ្យតៃវ៉ាន់ ដែលមានតម្លៃសរុប 620លានដុល្លារ ដែលសហរដ្ឋអាមេរិកទើបតែអនុម័តកាលពីសប្ដាហ៍កន្លងទៅនេះឯង។
លោក ចាវ លីចៀន អ្នកនាំពាក្យ នៃក្រសួងការបរទេសចិន បានទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដើម្បីចៀសវាងការធ្វើឱ្យខូចខាតដល់សម្ព័ន្ធភាពរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន រួមទាំងបំផ្លាញស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ។
លោកចាវ លីចៀនបានប្រាប់ទៅអ្នកសារព័ត៌មាន ដោយមិនបានរៀបរាប់លម្អិតថា “ដើម្បីការពារផលប្រយោជន៍របស់ប្រទេស ចិនបានសម្រេចចិត្តប្រើប្រាស់វិធានការផ្សេងៗដែលចាំបាច់ និងកំណត់វិធានការដាក់ទណ្ឌកម្មទៅលើអ្នកម៉ៅការធំជាងគេសម្រាប់ការលក់នេះ គឺក្រុមហ៊ុន ឡក់ហ៊ីត ម៉ាទីន”។
ក្រុមហ៊ុន ឡក់ហ៊ីត ម៉ាទីន មិនទាន់ចេញមកសម្ដែងពីការយល់ឃើញយ៉ាងណាចំពោះរឿងនេះនៅឡើយ។
សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនដែរ គឺគ្មានសម្ព័ន្ធភាពខាងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ឡើយ តែមានចំណងកិច្ចសន្យាខាងច្បាប់ សម្រាប់ប្រគល់កម្មវិធី ឬការណែនាំផ្សេងៗក្នុងការការពារខ្លួនដល់កោះប្រជាធិបតេយ្យមួយនេះ។
កាលពីពេលមុននេះ ចិនធ្លាប់បានថ្លែងដាក់ទណ្ឌកម្មបែបដូចគ្នានេះទៅលើក្រុមហ៊ុននានារបស់អាមេរិក ដែលលក់អាវុធទៅឱ្យតៃវ៉ាន់ តែមិនបានប្រាកដច្បាស់ថា វាជាវិធានការដាក់ទណ្ឌកម្មបែបណា ដែលពួកគេនឹងប្រើនោះទេ។
រដ្ឋបាលក្នុងកោះតៃវ៉ាន់ បានសម្ដែងការស្វាគមន៍ ចំពោះការបង្កើនសក្ដានុពលកាំជ្រួចរបស់ខ្លួនក្នុងគ្រានេះ ខណៈដែលពួកគេបានលើកកម្ពស់ការការពារខ្លួន ដើម្បីឆ្លើយតបនឹងអ្វីដែលពួកគេសម្លឹងមើលឃើញថា សកម្មភាពដែលបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងជារឿយៗរបស់ចិន ក្នុងនោះរួមទាំងការធ្វើសមយុទ្ធខាងនាវាចម្បាំង និងខាងអាកាសជាញឹកញាប់នៅក្បែរកោះតៃវ៉ាន់ទៀតផង។
រដ្ឋមន្ត្រីការពារជាតិ របស់តៃវ៉ាន់ ដែលធ្វើដំណើរទៅពិនិត្យ និងសួរសុខទុក្ខបណ្ដានាយទាហានក្នុងអំឡុងពេលធ្វើសមយុទ្ធប្រចាំឆ្នាំ Han Kuang Exercise បានប្រាប់ទៅកងកម្លាំងទាំងនោះថា ពួកគេចាំបាច់ត្រូវតែរឹងមាំ ក្នុងការប្រឈមមុខនឹងការបង្កគ្រោះភ័យ និងការញុះញង់ពីសំណាក់ប្រទេសចិនគ្រប់រូបបែប។
ទោះជាកងទ័ពតៃវ៉ាន់ បានទទួលការហ្វឹកហាត់យ៉ាងល្អ និងមានអាវុធយុទ្ធោបករណ៍ទាន់សម័យ ដែលភាគច្រើនផលិតដោយសហរដ្ឋអាមេរិកក៏ដោយ តែប្រទេសចិន មានកម្លាំងទ័ពក្នុងចំនួនដ៏ច្រើនលើសលប់ ដូចគ្នានឹងអាវុធយុទ្ធភណ្ឌដ៏ទាន់សម័យរបស់ខ្លួន ដែលមានដូចជា យន្តហោះប្រដេញបំបាំងកាយ និងកាំជ្រួចស៊េរីថ្មីៗជាច្រើន៕
ប្រភព៖ សាព័ត៌មានបរទេស