រថយន្តក្រុងពីរជាន់មួយគ្រឿងដែលមានដឹកអ្នកដំណើរ38នាក់ ធ្វើដំណើរពីភាគខាងជើងទៅកាន់ភាគខាងត្បូងនៃប្រទេសវៀតណាម បានធ្លាក់ចូលជ្រោះជម្រៅប្រហែល20ម៉ែត្រ បណ្ដាលឱ្យមនុស្សស្លាប់យ៉ាងតិច6នាក់ និងរងរបួសធ្ងន់ជាច្រើននាក់ផងដែរ។
នៅវេលាម៉ោងប្រហែល4ទៀបភ្លឺ ថ្ងៃទី11កក្កដានេះ រថយន្តដឹកអ្នកដំណើរប្រភេទ48កៅអីមួយគ្រឿង ធ្វើដំណើរពីតំបន់ភាគខាងជើង ទៅកាន់តំបន់ភាគខាងត្បូងប្រទេសវៀតណាម។ នៅពេលឆ្លងកាត់តំបន់ភ្នំក្នុងខេត្ត Kon Tum ស្រាប់តែរថយន្តនេះបានរអិលចេញពីផ្លូវ និងធ្លាក់ចូលទៅក្នុងជ្រោះដែលមានជម្រៅប្រហែល20ម៉ែត្រ ធ្វើឱ្យរថយន្តនោះបាក់ជាពីរកំណាត់។
អាជ្ញាធរខេត្ត Kon Tum បានឱ្យដឹងថា គិតដល់ម៉ោង9និង35នាទីព្រឹកនេះ មានជនរងគ្រោះចំនួន6នាក់ហើយដែលបានបាត់បង់ជីវិត និង28នាក់ផ្សេងទៀតរងរបួសធ្ងន់។ ក្នុងចំណោមជនរងគ្រោះ មាន26នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរបង្អែក ចំណែក2នាក់ទៀតដែលមានរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុង Kon Tum។
កន្លែងកើតហេតុខាងលើនេះ គឺជាតំបន់ក្បែរព្រំដែនជាប់ជាមួយនឹងកម្ពុជា។ ក្រុមអ្នកជួយសង្គ្រោះកំពុងរំដោះជនរងគ្រោះដែលនៅជាប់ក្នុងរថយន្ត យ៉ាងញាប់ដៃញាប់ជើងបំផុត។
ប្រភពព័ត៌មានបានឱ្យដឹងថា ដំណឹងបឋមបានបញ្ជាក់ថា នៅលើរថយន្តខាងលើនេះ មានដឹកអ្នកដំណើរចំនួន38នាក់ ក្នុងនោះមានកុមារចំនួន6នាក់ផងដែរ។
ប្រជាជននៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តនេះប្រហែលជាដឹកអ្នកដំណើរពីខេត្ត Thanh Hoa មកកាន់ខេត្ត Kon Tum និងខេត្ត Gia Lai ដើម្បីរកស៊ី។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh ដែលជាប្រធានគណកម្មសុវត្ថិភាពចរាចរណ៍ជាតិនៃប្រទេសនេះ បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត Kon Tum និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហានេះផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស