ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅក្បែរឃ្លាំងរបស់កងទ័ពបដិវត្តអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីតេហេរ៉ង់ (Tehran) នៅវេលាទៀបភ្លឺថ្ងៃនេះ បណ្ដាលឱ្យតំបន់ជុំវិញត្រូវដាច់ភ្លើង ប៉ុន្តែគេមិនទាន់ដឹងអំពីមូលហេតុនៅឡើយ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRIB បានចេញ្ផ្សាយថា សំឡេងផ្ទុះយ៉ាងកងរំពងដែលគេស្ដាប់ឮនៅភាគខាងលិចនៃរដ្ឋធានីតេហេរ៉ង់ កាលពីវេលាទៀបភ្លឺក្នុងថ្ងៃទី10កក្កដានេះ។ ក៏ប៉ុន្តែ ប្រភពព័ណ៌មាននេះមិនបាននិយាយអំពីមូលហេតុក៏ដូចជាការខូចខាតដែលកើតឡើងដោយសារករណីផ្ទះនេះទេ។ ពលរដ្ឋដែលរស់នៅក្បែរតំបន់កើតហេតុបានឱ្យដឹងថា តំបន់ជាច្រើននៅទីក្រុងតេហេរ៉ង់ ត្រូវបានគេផ្ដាច់ចរន្តអគ្គិសនីទាំងស្រុង។
ការផ្ទុះដ៏ខ្លាំងក្លានេះ ហាក់កើតឡើងនៅជិតឃ្លាំងរបស់មូលដ្ឋានមីស៊ីលនៃកងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ ប៉ុន្តែក្រុមមន្ត្រីអ៊ីរ៉ង់ក៏មិនទាន់បានបញ្ចេញមតិអ្វីជុំវិញករណីនេះនៅឡើយ។
ប្រទេសអ៊ីរ៉ង់បានជួបហេតុការណ៍ផ្ទុះជាច្រើនលើកនៅក្នុងមូលដ្ឋានទ័ព នុយក្លេអែរ និងឧស្សាហកម្ម ក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ។ ការផ្ទុះមួយដ៏ធំបានបំផ្លាញរោងចក្រផលិតម៉ាស៊ីនចម្រាញ់អ៊ុយរ៉ាញ៉ូមដែលមានទីតាំងស្ថិតក្នុងតំបន់ Natanz ភាគកណ្ដាលប្រទេសនេះកាលពីសប្ដាហ៍មុន។ ក្រៅពីនេះ ក៏មានការផ្ទុះធុងឧស្ម័នដ៏ធំមួយនៅក្នុងតំបន់ Parchin ជាយក្រុងតេហេរ៉ង់ផងដែរ កាលពីថ្ងៃទី26មិថុនា បណ្ដាលឱ្យផ្ទៃមេឃរបស់រដ្ឋធានីនេះភ្លឺចិញ្ចាចក្នុងរាត្រី និងបង្កើតជាផ្សែងពេញផ្ទៃមេឃ៕
ប្រភព៖ សារព័ត៌មានបរទេស