មន្ត្រី និងអ្នកប្រើប្រាស់បណ្ដាញសង្គមចិន បានប្ដេជ្ញាទាមទារតំបន់ Vladivostok ពីប្រទេសរុស្ស៊ីមកវិញឱ្យបាន ព្រោះពួកគេយល់ថានេះគឺជាទឹកដីដែលត្រូវបានរុស្ស៊ីចូលកាន់កាប់ដោយបង្ខំកាលពីសតវត្សរ៍ទី19។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន កាលពីថ្ងៃទី2កក្កដា បានបង្ហោះសារលើបណ្ដាញសង្គម Weibo ដើម្បីអបអរខួបលើកទី160ឆ្នាំនៃការបង្កើតទីក្រុង Vladimostok ដែលស្ថិតក្នុងតំបន់ Primorsky របស់ប្រទេសរុស្ស៊ី។ ប៉ុន្តែ សារនេះ ភា្លមនោះបានក្លាយជាគោលដៅនៃការរិះគន់ដោយការបញ្ចេញមតិ និងសារទាមទារបូរណភាពទឹកដីរបស់ក្រុមមន្ត្រីការទូត អ្នកសារព័ត៌មាន និងអ្នកលេងអ៊ីនធើណិតនៅប្រទេសចិន។
លោក Zhang Heqing អ្នកការទូតចិន និងជាប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំប្រទេសប៉ាគិស្ថាន បានបញ្ចេញមតិនៅខាងក្រោមសាររបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសចិនថា “តើនេះមិនមែនជាតំបន់ Haishenwai របស់យើងកាលពីមុនទេឬអី?”។
អ្នកប្រើប្រាស់បណ្ដាញសង្គមចិន Weibo បន្ទាប់នោះក៏បានគាំទ្រដល់ការបញ្ចេញមតិរបស់អ្នកការទូតចិនរូបនេះ ដែលយល់ថា រុស្ស៊ីបានចូលកាន់កាប់តំបន់ Vladivostok ដោយ “សន្ធិសញ្ញាមិនស្មើភាពគ្នា” កាលពីសតវត្សរ៍ទី19។
“ថ្ងៃនេះយើងបានត្រឹមតែទទួលរងទុក្ខ ប៉ុន្តែ ជនជាតិចិននឹងចងចាំពីសតវត្សរ៍មួយ ទៅសតវត្សរ៍មួយ” ម្ចាស់គណនី Weibo មួយបានសរសេរដូច្នេះ។ អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតបញ្ចេញមតិថា “យើងត្រូវជឿជាក់ថា តំបន់ដីដូនតារបស់យើងមួយនេះនឹងវិលត្រលប់មកវិញនៅក្នុងថ្ងៃអនាគត”។
Shen Shiwei អ្នកសារព័ត៌មានម្នាក់របស់បណ្ដាញទូរទស្សន៍អន្តរជាតិចិន (CGTN) ក៏បានចូលរួមបញ្ចេញមតិនេះដែរ ដោយបានយល់ថា សារអបអររបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅប្រទេសចិន មិនទទួលបានការគាំទ្រនៅលើ Weibo នោះទេ។
“ប្រវត្តិសាស្ត្ររបស់ Vladivostok ចាប់ផ្ដើមពីឆ្នាំ1860 នៅពេលរុស្ស៊ីបានបង្កើតកំពង់ផែយោធាមួយនៅទីនេះ។ ប៉ុន្តែ ទីក្រុងនេះ ធ្លាប់ជា Haishenwai របស់ប្រទេសចិន នៅមុនពេលត្រូវបានរុស្ស៊ីកាន់កាប់ តាមរយៈសន្ធិសញ្ញាមិនមានភាពស្មើគ្នា” អ្នកសារព័ត៌មាន Shen Shiwei បញ្ចេញមតិដូច្នេះ។
តំបន់ Primorsky របស់រុស្ស៊ី ដែលមាន Vladivostok ជាទីក្រុងធំ ធ្លាប់ជាផ្នែកមួយនៃតំបន់ Manchuria របស់អាណាចក្រចិនក្នុងរាជវង្សឈិញ (Qing Empire) ប៉ុន្តែ ត្រូវបានចក្រភពរុស្ស៊ីគ្រប់គ្រងចាប់ពីឆ្នាំ1860 ក្រោយពីចិនបានចាញ់សង្គ្រាមអាភៀនជាលើកទី2 នៅកក្រោមដៃអង់គ្លេសនិងបារាំង។
តំបន់ខាងលើនេះ ត្រូវបានប្រគល់ឱ្យរុស្ស៊ី ក្រោយពីមានសន្ធិសញ្ញាចំនួន3លើក ដែលចិនចាត់ទុកថា ជា “វិសមភាព” ដែលរាជវង្សឈិងបានចុះហត្ថលេខាជាមួយរុស្ស៊ី អង់គ្លេស និងបារាំង កាលពីឆ្នាំ1860។ ក្នុងចំណោមសន្ធិសញ្ញាទាំង3ខាងលើនេះ ក៏មានសន្ធិសញ្ញាជួលឧបទ្វីប Kowloon (ដែលបច្ចុប្បន្នស្ថិតក្នុងតំបន់រដ្ឋបាលពិសេសហុងកុង) ដែលត្រូវបានចុះហត្ថលេខាដោយតំណាងរបស់អង់គ្លេស និងរាជវង្សឈិងរបស់ប្រទេសចិនផងដែរ។
នៅមានភាគបន្តទៀត…