បើទោះជាបេក្ខភាពឯករាជ្យ ឬជាសមាជិករបស់បក្សសាធារណរដ្ឋ លោក Kanye West បានធ្វើឱ្យឱកាសចុងក្រោយជាច្រើនកន្លងផុតទៅហើយ ទាក់ទិននឹងការចុះបញ្ជីឈ្មោះដើម្បីបានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត ក៏ដូចជាការប្រកួតប្រជែកក្នុងការបោះឆ្នោតឆ្នាំ2020 នេះ។
តារាចម្រៀងរ៉ែប លោក Kanye West បានបញ្ជាក់កាលពីថ្ងៃទី8កក្កដាថា លោកពិតជាសម្រេចចិត្តចូលរួមប្រជែងដណ្ដើមយកតំណែងជាម្ចាស់សេតវិមានពិតមែន។ អ្នកចម្រៀងនេះនឹងចូលរួមប្រជែងយកសន្លឹកឆ្នោតក្នុងនាមជាបេក្ខភាពឯករាជ្យ តំណាងឱ្យគណបក្ស Birthday Party បើសិនលោក Trump មិនបោះបង់ការប្រកួត។ តែបើសិនជាលោក Trump បោះបង់ការប្រកួត លោក West ចង់ក្លាយជាតំណាងរបស់បក្សសាធារណរដ្ឋ។ ក៏ប៉ុន្តែ លទ្ធភាពនៃការបោះបង់របស់លោក Trump ហាក់ស្មើនឹងសូន្យទៅហើយ ដូច្នេះប្រាកដណាស់ថា លោក West នឹងចូលរួមប្រកួតប្រជែងក្នុងនាមជាបេក្ខភាពឯករាជ្យ។
ការសម្រេចរបស់លោក West ត្រូវបានធ្វើឡើងដោយយឺតពេលណស់ទៅហើយ ខណៈដែលនៅសល់តែ4ខែទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោត (3វិច្ឆិកា) ហើយគាត់នៅមានបែបបទជាច្រើនត្រូវបំពេញឱ្យបានស្របច្បាប់។
កាលពីថ្ងៃទី7កក្កដា អ្នកនាំពាក្យម្នាក់របស់គណៈកម្មការរៀបចំការបោះឆ្នោតសហរដ្ឋ( FEC/ Federal Election Commission) បានឱ្យដឹងថា លោក West ហាក់មិនទាន់បានធ្វើបែបបទចាំបាច់ដើម្បីបានចូលរួមឃោសនារកសំឡេងឆ្នោតជាផ្លូវការនៅឡើយ។
អ្នកនាំពាក្យរបស់ FEC ថ្លែងថា “បេក្ខភាពដែលធ្លាប់បានជាប់ឆ្នោតជាប្រធានាធិបតីកន្លងមក តែងចូលរួមការប្រកួតបានឆាប់ជាងនេះឆ្ងាយណាស់។ បើសិនជាអ្នកចូលរួមប្រកួតដណ្ដើមតំណែងណាមួយក្នុងរដ្ឋាភិបាលសហរដ្ឋ នោះរយៈពេល4ខែគឺវាហាក់ដូចជាយឺតពេលពេកហើយ នេះបើតាមបទពិសោធន៍របស់ខ្ញុំ”។
បេក្ខភាពឯករាជ្យដែលបានចាប់ផ្ដើមដើម្បីការប្រកួតយឺតយ៉ាវដូចជាលោក West តែងតែមានលទ្ធផលមិនបានល្អ។ កាលពីឆ្នាំ2016 ក្នុងខែសីហា អតីតបុគ្គលិកអង្គភាពយកការណ៍សម្ងាត់អាមេរិក (CIA) លោក Evan McMullin បានប្រកាសចូលរួមដណ្ដើមសិទ្ធិចូលគ្រប់គ្រងសេតវិមាន។ ក្រោយរយៈពេល3ខែ លោកទទួលបានប្រាក់ឧបត្ថម្ភចំនួន 1.6លានដុល្លារ និងរកបានសំឡេងឆ្នោតត្រឹមតែ 0.53% ប៉ុណ្ណោះ។
ចំណែកលោក West ពេលនេះបានខកខានការចុះឈ្មោះជាបេក្ខភាពឯករាជ្យនៅក្នុងរដ្ឋជាច្រើន ដូចជា Alabama, Illinois, Montana, Nevada, New Hampshire, New Mexico, New York, North Carolina និង Texas ជាដើម។ នេះបើតាម FEC។
“បើសិនជាការប្រកួតប្រជែងរវាងលោក Trump និង Joe Biden បានដើរដល់ចំណុចប្រកៀកប្រកិតគ្នា នោះរាល់កត្តានឹងសុទ្ធតែមានសារសំខាន់” លោក Nathan L Gonzales អ្នកវិភាគការបោះឆ្នោតវាយតម្លៃដូច្នេះ។
យោងតាម John Pudner អតីតសមាជិកបក្សសាធារណរដ្ឋ និងជានាយកប្រតិបត្តិនៃអង្គការមិនស្វែងរកប្រាក់ចំណេញ Take Back Our Republic (TBOR) យល់ថា លោកមើលមិនឃើញបញ្ហាអ្វីនោះទេនៅពេល West ប្រជែងយកតំណែងប្រធានាធិបតី។
លោក John Pudner ថ្លែងថា “ពលរដ្ឋអាមេរិកាំងត្រូវការជម្រើសបន្ថែម មិនមែនតិចជាងនេះនោះទេ។ ម្ចាស់ឆ្នោតមានជម្រើសកាន់តែច្រើន នោះលទ្ធភាពនៃការប្រាកដក្នុងការទទួលបានសំឡេងគាំទ្រពីក្រុមណាមួយរបស់បេក្ខភាពប្រធានាធិបតី នឹងកាន់តែទាប”។
ក៏ប៉ុន្តែ Matt Klink ប្រធានក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រទូរគមនាគមន៍និងទំនាក់ទំនងសាធារណៈ Klink Campaigns Inc., យល់ថា លោកមិនជឿថា West ធ្វើការដោយម៉ឺងម៉ាត់ជាមួយនឹងគោលដៅនយោបាយរបស់ខ្លួន ហើយអ្នកចម្រៀងរ៉ែបរូបនេះក៏ពិបាកក្នុងការបង្កើតការគំរាមកំហែងដល់លោក Trump ឬ Biden នោះដែរ។
Klink មានយោបល់ថា “លោក West មិនមានលក្ខណគ្រប់គ្រាន់ដើម្បីមានឈ្មោះនៅក្នុងសន្លឹកឆ្នោតនៅគ្រប់រដ្ឋ។ គាត់ក៏មិនទាន់មានមូលដ្ឋានយុទ្ធសាស្ត្ររឹងមាំ មិនមានក្រុមអ្នកគាំទ្រនៅមូលដ្ឋាន និងមិនទាន់បានបង្ហាញអំពីគំនិតច្បាស់លាស់នៅលើគ្រប់បញ្ហានៅឡើយ។ គាត់គ្រាន់តែល្បីឈ្មោះក្នុងស្រទាប់ម្ចាស់ឆ្នោតវ័យក្មេង ប៉ុន្តែប្រការនេះមិនទាន់គ្រប់គ្រាន់សម្រាប់ឱ្យ West ក្លាយជាបេក្ខភាពដែលគួរឱ្យសង្ឃឹមនៅឡើយដែរ ហើយប្រាកដណាស់ថា គាត់មិនមែនជាឧបសគ្គដែលអាចគំរាមកំហែងដល់បេក្ខភាពប្រធានាធិបតីកំពូលៗ2រូប (Trump និង Biden) នេះឡើយ”។
នេះមិនមែនជាលើកទីមួយដែល West បានបង្ហើបអំពីបំណងក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋនោះទេ។ កាលពីឆ្នាំ2015 នៅក្នុងពិធីទទួលពានរង្វាន់តន្ត្រី MTV លោកក៏ធ្លាប់បាននិយាយថា លោកនឹងប្រជែងយកសិទ្ធិចូលគ្រប់គ្រងសេតវិមាននៅក្នុងឆ្នាំ2020។ ប៉ុន្តែ កាលពីខែមករា2019 លោក West បានបង្ហោះសារនៅលើ Twitter ថា “ឆ្នាំ2024” ដែលនេះចង់បញ្ជាក់ថា លោកពន្យារពេលក្នុងការឈរឈ្មោះ។
ម្យ៉ាងវិញទៀត ថ្មីៗនេះ លោក West ទើបតែបានចេញអាល់ប៊ូមចម្រៀងថ្មី។ មនុស្សមិនតិចទេដែលគិតថា ការដែលលោកប្រកាសចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី គឺគ្រាន់តែជាល្បិចដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសារព័ត៌មាន ដើម្បីរកចំណេញក្នុងការរកស៊ីតែប៉ុណ្ណោះ។
Larry Sabato នាយកមជ្ឈមណ្ឌលនយោបាយនៅសាកលវិទ្យាល័យ Virginia ព្យាករថា West អាចទទួលបានការគាំទ្រមិនដល់1%ផងនៅក្នុងចំណោមសន្លឹកឆ្នោតផ្លូវការទាំងអស់។ “West ត្រូវការពេលវេលាវែងឆ្ងាយទៀតដើម្បីបញ្ជាក់ថា គាត់ពិតជាមានភាពម៉ឺងម៉ាត់”។
ចំណែក David Smith ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្ត្រាលី យល់ថា “គាត់គឺជាបុរសស្មុគស្មាញគួរសម។ West ទទួលបានជោគជ័យច្រើន ប៉ុន្តែការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយដូចទៅនឹងលោក Trump ខ្ញុំគិតថា គាត់មិនអាចទៅរួចទេ”។
បើទោះត្រូវបានវាយតម្លៃថា មិនមានលទ្ធភាពខ្ពស់ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា ការចូលរួមរបស់លោក West ពិតជាអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។ ឧទាហរណ៍៖ ឆ្នាំ1992 បេក្ខភាពឯករាជ្យម្នាក់ គឺមហាសេដ្ឋី Ross Perot ទទួលបានសំឡេងឆ្នោត19% បណ្ដាលឱ្យសំឡេងឆ្នោតរបស់បក្សសាធារណរដ្ឋត្រូវថយចុះច្រើន។ ឆ្នាំនោះ បេក្ខភាពប្រធានាធិបតិមកពីបក្សប្រជាធិបតេយ្យ គឺលោក Bill Clinton បានទទួលជ័យជំនះជាមួយនឹងលទ្ធផលប្រកៀកប្រកិតគ្នាគួរឱ្យព្រួយបារម្ភ។
មានឧទាហរណ៍មួយទៀតបង្ហាញថា សំឡេងឆ្នោតតិចតួចក៏អាចសម្រេចជោគវាសនាចុងក្រោយរបស់បេក្ខជនផងដែរ។ ឆ្នាំ2000 Ralph Nader ដែលជាបេក្ខភាពប្រធានាធិបតីមកពីបក្សបៃតង GPUS (Green Party of the United States) ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន10,000សន្លឹកនៅក្នុងរដ្ឋ Florida ដែលនេះគឺច្រើនជាងបេក្ខជនបន្ទាប់ចំនួន500សំឡេងប៉ុណ្ណោះ។ បើសិនជាមិនមានលទ្ធផលនេះទេ នោះបេក្ខភាពមកពីបក្សប្រជាធិបតេយ្យបានក្លាយជាប្រជាធានាធិបតីជំនួសលោក George W. Bush បាត់ទៅហើយ៕
ប្រភព៖ សារព័ត៌មានបរទេស