កងទ័ពប្រទេសវ៉េណេស៊ុយអេឡា បានទទួលស្គាល់ថា បានបាញ់ទម្លាក់យន្តហោះឯកជនមួយគ្រឿងដែលមានលេខកូដបញ្ជាក់ថា មកពីសហរដ្ឋអាមេរិក ដោយសារថា យន្តហោះនេះបានរំលោភលើដែនអាកាសរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
សារព័ត៌មាន Sputnik បានរាយការណ៍ថា បញ្ជាការដ្ឋានយុទ្ធសាស្ត្ររបស់ក្រុមប្រដាប់អាវុធវ៉េណេស៊ុយអេឡា (CEOFANB) កាលពីថ្ងៃទី8កក្កដា បានប្រកាសថា ប្រទេសនេះកម្ចាត់យន្តហោះមួយគ្រឿងដែលមានលេខកូដបង្ហាញថាជាយន្តហោះមកពីសហរដ្ឋអាមេរិក ព្រោះតែយន្តហោះនេះបានរំលោភលើដែនអាកាសរបស់វ៉េណេស៊ុយអេឡា។
កងទ័ពវ៉េណេស៊ុយអេឡា បានបង្ហោះសារនៅលើទំព័រ Twitter ថា “CEOFANB សូមប្រកាសថា បញ្ជាការដ្ឋានកងទ័ពការពារដែនអាកាស បានរកឃើញយន្តហោះមួយគ្រឿងដែលមានលេខសម្គាល់មកពីសហរដ្ឋអាមេរិក រំលោភលើដែនអាកាសប្រទេសវ៉េណេស៊ុយអេឡានាយប់ថ្ងៃទី8កក្កដា។ យន្តហោះចម្បាំងរបស់វ៉េណេស៊ុយអេឡា បានកម្ចាត់យន្តហោះដែលបាននិយាយខាងដើមនេះ ទៅតាមការកំណត់”។
ទន្ទឹមនឹងសេចក្ដីប្រកាសនេះដែរ គេឃើញមានរូបភាពរបស់យន្តហោះដែលត្រូវបាន “កម្ទេច” កំពុងឆេះនៅលើដី។ រូបភាពមួយបានបង្ហាញអំពីលេខស៊េរី N339AV នៅលើកន្ទុយយន្តហោះ។
យោងតាមទំព័រ Flightradar នេះគឺជាយន្តហោះឯកជន Hawker 800។ មុនពេលត្រូវបានបាញ់ទម្លាក់មួយថ្ងៃ យន្តហោះនេះបានចុះឈ្មោះដើម្បីធ្វើការហោះហើរនៅក្នុងប្រទេសម៉ិកស៊ិក ពីរដ្ឋ Toluca ទៅកាន់កោះ Cozumel នៃតំបន់សមុទ្រ Caribbean។
បច្ចុប្បន្ន មិនទាន់មានព័ត៌មានផ្លូវការទាក់ទិននឹងទីតាំងដែលយន្តហោះនេះត្រូវបានបាញ់ទម្លាក់ ក៏ដូចជាមនុស្សនិងទំនិញនៅលើយន្តហោះនេះនៅឡើយ។ សារព័ត៌មាន Sputnik បានចេញផ្សាយថា ហេតុការណ៍ស្រដៀងនឹងករណីខាងលើ តែងតែកើតឡើងដោយមានជាប់ទាក់ទិននឹងសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។ កាលពីខែមុន កងទ័ពប្រទេសវ៉េណេស៊ុយអេឡាក៏ធ្លាប់បានបាញ់ទម្លាក់យន្តហោះមួយគ្រឿងដែរ ដោយសារតែយន្តហោះនេះដឹកគ្រឿងញៀន។
ឆ្នាំ2013 ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឱ្យកងទ័ពបាញ់ទម្លាក់យន្តហោះទាំងឡាយរបស់ក្រុមឈ្មួញគ្រឿងញៀនដែលហោះហើរឆ្លងកាត់ដែនអាកាសរបស់ប្រទេសនេះ។ នេះបើតាមសារព័ត៌មាន Sputnik៕
ប្រភព៖ សារព័ត៌មានបរទេស