សហរដ្ឋអាមេរិក ប្រទេសចិន និងអារ៉ាប់រួម កំពុងឆ្លៀតយកឱកាសដ៏ល្អបំផុតក្នុងឆ្នាំនេះដើម្បីបញ្ជូនយានអវកាសទៅស្រាវជ្រាវពិភពព្រះអង្គារ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបញ្ជូនមនុស្សទៅរស់នៅលើភពក្រហមនេះ។
ទីតាំងនិងរយៈចម្ងាយពីផែនដីទៅកាន់ពិភពព្រះអង្គារមិនមែនសុទ្ធតែដូចគ្នាគ្រប់ពេលនោះទេ ដូច្នេះដំណាក់កាលដែលល្អបំផុតសម្រាប់ហោះពីផែនដីទៅកាន់ភពក្រហមនេះ គឺមានតែម្ដងគត់ក្នុងរយៈពេល26ខែ។ ចាប់ពីខែកក្កដាដល់ខែសីហាឆ្នាំនេះ គឹជាដំណាក់កាលល្អបំផុតដែលមិនអាចរំលងបាន។ យ៉ាងនេះហើយទើបសហរដ្ឋអាមេរិក ប្រទេសចិន និងអារ៉ាប់រួម សុទ្ធតែសម្រេចចិត្តបាញ់បង្ហោះយានអវកាសរបស់ខ្លួនទៅកាន់ផ្កាយព្រះអង្គារនៅក្នុងដំណាក់កាលនេះ។ ចំនួននិងកម្រិតនៃភាពស្មុគស្មាញរបស់បណ្ដាបេសកកម្ម បានបង្ហាញថា ពិភពព្រះអង្គារពិតជាមានសារសំខាន់ដ៏ធំធេងក្នុងការរុករកក្នុងទីអវកាសរបស់មនុស្សជាតិ។ នេះបើតាមការចេញផ្សាយកាលពីថ្ងៃទី6កក្កដារបស់សារព័ត៌មាន Futurism។
ទីភ្នាក់ងារអវកាសអាមេរិក (NASA) មានគម្រោងបញ្ជូនរ៉ូបូត Perseverance ទៅកាន់ឋានព្រះអង្គារនៅក្នុងដំណាក់កាលចាប់ពីថ្ងៃទី30កក្កដា ដល់ថ្ងៃទី15សីហាខាងមុខ។ Perseverance នឹងចុះចត់ត្រង់រណ្ដៅ Jezero ដែលមានទំហំ45គីឡូម៉ែត្រនៅថ្ងៃទី18កុម្ភៈ2021។ រ៉ូបូតនេះមានភារកិច្ចតាមរកដាននៃសភាវរស់នៅលើឋានព្រះអង្គារ ហើយប្រមូលយកសំណាកដី និងធ្វើការសិក្សាស្រាវជ្រាវមួយចំនួនផ្សេងទៀត។ រ៉ូបូតនេះក៏នឹងនាំយកឧទ្ធម្ភាគចក្រស្វ័យប្រវត្តិខ្នាតតូច Ingenuity ទៅជាមួយវាផងដែរ។ ឧទ្ធម្ភាគចក្រស្វ័យប្រវត្តិខ្នាតតូច Ingenuity នឹងក្លាយជាឧករណ៍ហោះហើរឡើងដំបូងគេបង្អស់នៅភពដទៃក្រៅពីផែនដី។
សហរដ្ឋអាមេរិកធ្លាប់បានបញ្ជូនយានទៅកាន់ពិភពព្រះអង្គារជាច្រើនលើកមកហើយ ក្នុងនោះ Mariner 4 គឺជាយានអវកាសដំបូងដែលបានធ្វើការហោះហើរទៅក្បែរពិភពក្រហមដោយជោគជ័យកាលពីឆ្នាំ1965។ ការបញ្ជូនយានទៅកាន់ភពព្រះអង្គារកន្លងមក រួមនឹងបេសកកម្មក្នុងឆ្នាំនេះ គឺជាការត្រៀមលក្ខណៈសម្រាប់បញ្ជូនមនុស្សឡើងទៅជាន់ដីផ្កាយព្រះអង្គារនាពេលខាងមុខ។ ក្រៅពី NASA ក៏មានក្រុមហ៊ុនឯកជនមួយកំពុងប្រឹងប្រែងដើម្បីសម្រេចគោលដៅខាងលើនេះដែរ នោះគឺក្រុមហ៊ុន SpaceX របស់ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក លោក Elon Musk។
ចំណែកប្រទេសចិនឯណោះវិញ ក៏មិនព្រមចាញ់អាមេរិកាំងនោះឡើយ។ តាមគម្រោង បេសកកម្មស្រាវជ្រាវពិភពព្រះអង្គាររបស់ប្រទេសចិន ដែលមានឈ្មោះថា Tianwen 1 នឹងចាប់ផ្ដើមចេញដំណើរក្នុងអំឡុងពេលចាប់ពីថ្ងៃទី20កក្កដាដល់ថ្ងៃទី25កក្កដា2020នេះ។ Tianwen 1 រួមមានយានអវកាសហោះនៅលើគន្លងគោចរដើម្បីស្រាវជ្រាវពិភពព្រះអង្គារពីចម្ងាយ រួមនឹងយានសម្រាប់ចុះចត1គ្រឿង និងរ៉ូបូតរុករក1គ្រឿង។ Tianwen 1 នឹងជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រចិន ស្វែងយល់អំពីដី ភូមិសាស្ត្រ បរិស្ថាន និងបរិយាកាសរបស់ភពក្រហមនេះ។
ឆ្នាំ2011 ប្រទេសចិនបានបញ្ជូនយានអវកាស Yinghuo-1 ទៅសិក្សាស្រាវជ្រាវឋានព្រះអង្គារ ប៉ុន្តែមិនបានសម្រេច។ យ៉ាងនេះក្ដី ប្រទេសចិនក៏ទទួលបានជោគជ័យច្រើនក្នុងវិស័យវិទ្យាសាស្ត្រអវកាសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ក្នុងនោះ ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេដែលបានបញ្ជូនយានទៅចុះចតនៅលើតំបន់ងងឹតអចិន្ត្រៃយ៍របស់ឋានព្រះចន្ទផងដែរ។
នៅអាស៊ីខាងលិចវិញ ក្នុងថ្ងៃទី14កក្កដាខាងមុខ ប្រទេសអារ៉ាប់រួម (UAE) នឹងបញ្ជូនយានអវកាសខ្នាតតូច Hope ទៅកាន់ពិភពព្រះអង្គារ។ Hope នឹងមិនចុះចតលើភពក្រហមនេះទេ ដោយវានឹងហោះជុំវិញឋានព្រះអង្គារ និងចំណាយពេលយ៉ាងតិច2ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវអំពីបរិយាកាសនៃស្រទាប់អូហ្សូន។
សម្រាប់អារ៉ាប់រួម Hope គឺជាបេសកកម្មស្រាវជ្រាវភពព្រះអង្គារដំបូងបំផុត។ នេះគឺជាផ្នែកមួយនឹងគោលដៅអភិវឌ្ឍវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ដូចជាបច្ចេកវិទ្យាអវកាសជាដើម។
រាល់ទិន្នន័យដែលប្រមូលបានពីបេសកកម្មទាំង3ខាងលើនេះ នឹងរួមចំណែកបង្កើតបានជាទិដ្ឋភាពទាំងមូល និងលម្អិតស្ដីអំពីពិភពព្រះអង្គារ។
ផ្កាយ ពិភព ឬឋានព្រះអង្គារនេះ មានរយៈចម្ងាយពីផែនដីមិនដូចគ្នានោះទេនៅក្នុងអំឡុងពេលខុសៗគ្នា។ ចម្ងាយជាមធ្យមពីផែនដីទៅឋានព្រះអង្គារគឺប្រមាណជា 225លានគីឡូម៉ែត្រ ខណៈចម្ងាយឆ្ងាយបំផុតស្មើ401លានគីឡូម៉ែត្រ ចំណែកចម្ងាយជិតបំផុតគឺប្រមាណជា 54.6លានគីឡូម៉ែត្រ។
ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនធំ មានបំណងកែប្រែពិភពព្រះអង្គារឱ្យទៅជាទីឋានដែលអាចឱ្យមនុស្សរស់នៅបាននាអនាគតវែងឆ្ងាយខាងមុខ៕
ប្រភព៖ Futurism